២ កូរិនថូស 1:1-7
២ កូរិនថូស 1:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ក*របស់ព្រះគ្រិស្តយេស៊ូ ខ្ញុំ និងលោកធីម៉ូថេ សូមជម្រាបមកក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និងជម្រាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ នៅស្រុកអាខៃទាំងមូល។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។ សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសម្រាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។ យើងរួមទុក្ខលំបាកផ្សេងៗជាមួយព្រះគ្រិស្តកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈព្រះគ្រិស្តកាន់តែច្រើនយ៉ាងនោះដែរ។ បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឲ្យព្រះអង្គសម្រាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្តហើយនោះ គឺដើម្បីឲ្យបងប្អូនបានធូរស្បើយក្នុងចិត្ត ធ្វើឲ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។ ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។
២ កូរិនថូស 1:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ និងធីម៉ូថេ ជាបងប្អូនយើង សូមជម្រាបមកក្រុមជំនុំរបស់ព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់ ដែលនៅស្រុកអាខៃទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។ ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចម្រើនឡើងដល់យើងយ៉ាងណា នោះការកម្សាន្តចិត្តរបស់យើង ក៏ចម្រើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។ ដូច្នេះ បើយើងខ្ញុំត្រូវរងទុក្ខវេទនា នោះគឺសម្រាប់ជាការកម្សាន្តចិត្ត និងការសង្គ្រោះដល់អ្នករាល់គ្នា។ បើយើងបានទទួលការកម្សាន្តចិត្ត គឺសម្រាប់ឲ្យអ្នករាល់គ្នាមានការកម្សាន្តចិត្ត ពេលអ្នករាល់គ្នាទ្រាំទ្រយ៉ាងអត់ធ្មត់នឹងទុក្ខលំបាកផ្សេងៗ ដែលយើងក៏មានទុក្ខលំបាកដូចគ្នា។ យើងសង្ឃឹមដល់អ្នករាល់គ្នាយ៉ាងមុតមាំ ដោយដឹងថា អ្នករាល់គ្នារួមចំណែកក្នុងទុក្ខលំបាកជាមួយយើងយ៉ាងណា នោះអ្នករាល់គ្នាក៏នឹងរួមចំណែកក្នុងការកម្សាន្តចិត្តជាមួយយើងយ៉ាងនោះដែរ។
២ កូរិនថូស 1:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យព្រះ នឹងធីម៉ូថេ ជាពួកបងប្អូន ផ្ញើមកពួកជំនុំនៃព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់គ្នា ដែលនៅគ្រប់ក្នុងស្រុកអាខៃ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្តមកអំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្ដីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្ដីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ គឺដោយសារសេចក្ដីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ ដ្បិតដូចជាសេចក្ដីទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចំរើនឡើងដល់យើងរាល់គ្នាយ៉ាងណា នោះសេចក្ដីក្សាន្តចិត្តនៃយើងរាល់គ្នា ក៏ចំរើនដោយសារព្រះគ្រីស្ទបែបដូច្នោះដែរ ដូច្នេះ បើសិនជាយើងខ្ញុំកើតមានសេចក្ដីវេទនា នោះគឺសំរាប់ជាសេចក្ដីកំសាន្តចិត្ត នឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ជាសេចក្ដីដែលបានកើតមក ដោយការទ្រាំទ្រ នឹងសេចក្ដីទុក្ខលំបាកដដែល ដែលយើងខ្ញុំក៏រងទុក្ខដែរ ឬបើយើងមានសេចក្ដីក្សាន្ដ នោះក៏សំរាប់ជាសេចក្ដីកំសាន្ដចិត្តនឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នាដែរ ហើយយើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាជាមាំមួនផង ដោយដឹងថា អ្នករាល់គ្នានឹងបានចំណែកក្នុងសេចក្ដីកំសាន្តចិត្ត ដូចជាបានចំណែកក្នុងការទុក្ខលំបាកនោះដែរ