២ របាក្សត្រ 20:21-26

២ របាក្សត្រ 20:21-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌រាជា​ពិភាក្សា​ជា​មួយ​ប្រជា‌ជន រួច​តែង‌តាំង​ក្រុម​ចម្រៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព ដោយ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់​ថា «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។ ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចម្រៀង​សរសើរ​តម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។ មុន​ដំបូង កង‌ទ័ព​អាំម៉ូន​ព្រួត​គ្នា​ជា​មួយ​កង‌ទ័ព​ម៉ូអាប់ វាយ​កម្ទេច និង​បំផ្លាញ​អ្នក​ស្រុក​ភ្នំ​សៀរ​ឲ្យ​វិនាស​សូន្យ រួច​ហើយ​ពួក​គេ​កាប់​សម្លាប់​គ្នា​ឯង។ ពេល​ជន‌ជាតិ​យូដា​ទៅ​ដល់​កន្លែង ដែល​សម្រាប់​ពិនិត្យ​មើល​វាល​រហោ‌ស្ថាន ពួក​គេ​ក្រឡេក​មើល​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​សត្រូវ ឃើញ​មាន​សុទ្ធ​តែ​សាក‌សព​នៅ​ពាស‌ពេញ​ដី ឥត​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ព្រះ‌បាទ​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​នៅ​ជាប់​នឹង​សាក‌សព។ ដោយ​ជយ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។ នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ា‌កា ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។

២ របាក្សត្រ 20:21-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ស្ដេច​បាន​ពិគ្រោះ​នឹង​បណ្ដា‌ជន​ហើយ ទ្រង់​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក​ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា៖ «ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច»។ ដូច្នេះ គេ​ចាប់ផ្ដើម​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់។ ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។ ពេល​ពួក​យូដា​មក​ដល់​ប៉ម​ចាំ​យាម នៅ​ត្រង់​ទី​រហោ‌ស្ថាន គេ​មើល​ទៅ​ពួក​ធំ​នោះ ឃើញ​សុទ្ធ​តែ​ខ្មោច​ដេក‌រដូក​នៅ​ដី គ្មាន​អ្នក​ណា​មួយ​បាន​រួច​ជីវិត​ឡើយ។ កាល​ព្រះបាទ​យេ‌ហូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច​បាន​ទៅ​ដល់ ដើម្បី​រឹប​អូស​យកជ័យ‌ភណ្ឌ នោះ​គេ​ឃើញ​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក មាន​ទាំង​របស់​ទ្រព្យ សម្លៀក‌បំពាក់ និង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​គេ​ប្រមូល​ទុក​សម្រាប់​ខ្លួន រហូត​ទាល់​តែ​យក​មិន​រួច។ គេ​នាំ​គ្នា​ប្រមូល​អស់​រយៈ​ពេល​បី​ថ្ងៃ ព្រោះ​ជ័យ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក។ នៅ​ថ្ងៃ​ទី​បួន គេ​ប្រជុំ​គ្នា​នៅជ្រលង​ភ្នំ​បេរ៉ា‌កា ព្រោះ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​ព្រះពរ​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ហៅ​ទី​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។

២ របាក្សត្រ 20:21-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​កាល​ទ្រង់​បាន​ពិគ្រោះ​នឹង​បណ្តាជន​ហើយ នោះ​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់‌កល្ប​ជានិច្ច ដូច្នេះ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ នឹង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់ ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន នឹង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង​ទៅ រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។ ដូច្នេះ កាល​ពួក​យូដា​មក​ដល់​ប៉ម​ចាំ​យាម នៅ​ត្រង់​ទី​រហោ‌ស្ថាន នោះ​គេ​ក្រឡេក​មើល​ទៅ​ពួក​ធំ​នោះ ក៏​ឃើញ​គេ​សុទ្ធ​តែ​ជា​ខ្មោច​ដេក‌រដូក​នៅ​ដី គ្មាន​អ្នក​ណា​មួយ​បាន​រួច​ជីវិត​ឡើយ រួច​កាល​យ៉ូសា‌ផាត នឹង​ពល‌ទ័ព​របស់​ទ្រង់​បាន​ទៅ​ដល់ ដើម្បី​យក​របឹប នោះ​ក៏​ឃើញ​មាន​ទាំង​របស់​ទ្រព្យ សំលៀក‌បំពាក់ នឹង​ប្រដាប់​មាន​ដំឡៃ​យ៉ាង​សន្ធឹក ហើយ​នាំ​គ្នា​ដោះ​ចេញ​ទុក​សំរាប់​ខ្លួន លើស​ពី​កំឡាំង​នឹង​យក​ទៅ​បាន មាន​របឹប​ជា​ច្រើន ដល់​ម៉្លេះ​បាន​ជា​គេ​ប្រមូល​យក​អស់​រវាង​៣​ថ្ងៃ​ទើប​ហើយ នៅ​ថ្ងៃ​ទី​៤ គេ​ប្រជុំ​គ្នា នៅ​ច្រក​ភ្នំ​បេរ៉ាកា គឺ​ដោយ​ព្រោះ​នៅ​ទី​នោះ​គេ​បាន​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ បាន​ជា​គេ​ហៅ​ទី​នោះ​ថា ច្រក​ភ្នំ​បេរ៉ាកា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ