២ របាក្សត្រ 20:1-4

២ របាក្សត្រ 20:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​យ៉ូសា‌ផាត មាន​គេ​មក​ទូល​ដល់​យ៉ូសា‌ផាត​ថា មាន​កង‌ទ័ព​យ៉ាង​សន្ធឹក​មក​ទាស់​នឹង​ទ្រង់ គេ​មក​ពី​ស្រុក​ស៊ីរី ខាង​នាយ​សមុទ្រ មើល គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ (នោះ​គឺ​ជា​ស្រុក​អេន-កេឌី) យ៉ូសា‌ផាត​ទ្រង់​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា ហើយ​ពួក​យូដា​ក៏​មូល​គ្នា​មក​រក​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា គឺ​គេ​ចេញ​ពី​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា​មក ដើម្បី​ស្វះ‌ស្វែង​រក​ព្រះ។

២ របាក្សត្រ 20:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយការ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​ព្រះ​បាទ​យេ‌ហូសា‌ផាត។ មាន​ពួក​អ្នក​នាំ​សារមក​ទូល​ព្រះ​បាទ​យេ‌ហូសា‌ផាត​ថា៖ «មាន​កង‌ទ័ព​យ៉ាង​សន្ធឹកពី​ស្រុកអេដុម មក​ទាស់​នឹងព្រះ​ករុណា មក​ពី​នាយ​សមុទ្រ ហើយ​មើល៍ គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ» (នោះ​គឺ ស្រុក​អេន-កេឌី)។ ព្រះ​បាទ​យេ‌ហូសា‌ផាត​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា ហើយ​ពួក​យូដា​ក៏​មូល​គ្នា​មក​រក​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា គឺ​គេ​ចេញ​ពី​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា​មក ដើម្បី​ស្វះ‌ស្វែង​រក​ព្រះ។

២ របាក្សត្រ 20:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក​ទៀត ជន‌ជាតិ​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន រួម​ជា​មួយ​អ្នក​ស្រុក​ម៉ាអូន បាន​លើក​គ្នា​មក​វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។ មាន​គេ​មក​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «កង‌ទ័ព​មួយ​យ៉ាង​ធំ​លើក​គ្នា​ពី​ខាង​នាយ​សមុទ្រ គឺ​ពី​ស្រុក​អេដុម មក​វាយ​ព្រះ‌ករុណា។ ឥឡូវ​នេះ ពួក​គេ​មក​ដល់​ហាសា‌សូន-‌តាម៉ារ គឺ​នៅ​អេន‌គេឌី»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ទ្រង់​ក៏​សម្រេច​ចិត្ត​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ប្រកាស​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។ អ្នក​ស្រុក​យូដា​ជួប‌ជុំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់ ពួក​គេ​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទីក្រុង​នៃ​ស្រុក​យូដា ដើម្បី​ស្វែង​រក​ព្រះ‌អម្ចាស់។