១ ធីម៉ូថេ 3:1-13

១ ធីម៉ូថេ 3:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពាក្យ​នេះ​ពិត​ប្រាកដ​មែន គឺ​ថា ប្រសិន‌បើ​អ្នក​ណា​ចង់​បាន​មុខ​ងារ​ជាអភិបាល អ្នក​នោះ​ប្រាថ្នា​ចង់​បានកិច្ច​ការ​ល្អ​ប្រសើរ​ហើយ។ ដូច្នេះ អ្នក​អភិបាល​ត្រូវតែ​ជា​មនុស្ស​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ចេះ​គ្រប់​គ្រង​ចិត្ត មាន​កិរិយា​មារយាទ​ល្អ ចេះ​រាក់​ទាក់ ប្រសប់​ក្នុង​ការ​បង្រៀន មិន​ចំណូល​ស្រា មាន​ចិត្ត​ស្លូត‌បូត មិន​ចេះ​រក​រឿង​ហេតុ មិន​ឈ្លោះ​ប្រកែក មិន​ស្រឡាញ់​ប្រាក់។ គាត់​ត្រូវ​ចេះ​គ្រប់​គ្រងក្រុម​គ្រួសារ​របស់​ខ្លួនបាន​ល្អ ទាំង​ឲ្យ​កូន​ចៅ​ចេះ​ស្តាប់​បង្គាប់ និង​មានកិរិយា​ថ្លៃ​ថ្នូរ​គ្រប់​ជំពូក ដ្បិត​ប្រសិន‌បើ​មនុស្ស​ម្នាក់​មិន​ចេះ​គ្រប់​គ្រង​ក្រុម​គ្រួសារ​របស់​ខ្លួន ធ្វើ​ដូច​ម្ដេចឲ្យ​គាត់​អាច​ថែ​រក្សា​ក្រុម​ជំនុំ​របស់​ព្រះ​បាន? អ្នក​ដែល​ទើប​នឹង​ជឿ​ថ្មី ធ្វើ​ពុំ​បាន​ឡើយ ក្រែង​គាត់​អាច​នឹង​អួត​បំប៉ោង ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស។ ម្យ៉ាង​ទៀត អ្នកនោះ​ត្រូវ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង​ដែរ ក្រែង​គេ​ត្មះ‌តិះ‌ដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។ ឯ​អ្នក​ជំនួយ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​សម្ដី​ពីរ មិន​ចំណូល​ស្រា មិន​លោភ​ចង់​បាន​ប្រាក់ គេត្រូវ​ប្រកាន់​ខ្ជាប់​តាម​អាថ៌‌កំបាំង​របស់​ជំនឿ ដោយ​មន‌សិការ​ស្អាត​បរិសុទ្ធ។ ត្រូវ​សាក​ល្បង​គេ​ជា​មុន​សិន ហើយ​បើ​ឃើញ​ថា​រក​កន្លែង​បន្ទោស​មិន​បាន នោះ​ចូរ​ឲ្យ​គេ​ធ្វើ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។ ឯ​ប្រពន្ធ​របស់​គេ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​ដើម​គេ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។ អ្នក​ជំនួយ​ត្រូវ​តែជា​អ្នក​មាន​ប្រពន្ធ​តែ​មួយ ហើយ​ចេះ​គ្រប់​គ្រង​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​បានល្អ ដ្បិត​អស់​អ្នក​ដែល​បំពេញ​មុខ​ងារ​ជា​អ្នក​ជំនួយ​បាន​ល្អ គេ​នឹង​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន ហើយ​មាន​សេចក្តី​ក្លា‌ហាន​ជា​ខ្លាំង​ក្នុង​ជំនឿ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​ចង់​បាន​មុខងារ​ជា​អភិបាល គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។ អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។ គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​កើត!។ មិន​ត្រូវ​ឲ្យ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។ មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ​ពី​សំណាក់​អស់​អ្នក ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។ រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។ គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ស្គាល់ ដោយ​មន‌សិការ​បរិសុទ្ធ។ ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។ ចំពោះ​ស្ត្រីៗ​វិញ ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។ អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង ដ្បិត​បងប្អូន​ណា​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពាក្យ​នេះ​គួរ​ជឿ​ដែល​ថា បើ​អ្នក​ណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា នោះ​ឈ្មោះ​ថា​ចង់​បាន​ល្អ​ប្រសើរ​ហើយ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ត្រួត‌ត្រា​ប្រព្រឹត្ត​ដោយ​ឥត​កន្លែង​ចាប់​ទោស​បាន​ចុះ ត្រូវ​ជា​មនុស្ស​មាន​ប្រពន្ធ​តែ​១ ជា​មនុស្ស​ដឹង​ខ្នាត មាន​ចិត្ត​ធ្ងន់‌ធ្ងរ កាន់​គំនិត​មារយាទ ជា​អ្នក​ចៅ‌រ៉ៅ ហើយ​ប្រសប់​នឹង​ការ​បង្រៀន មិន​ត្រូវ​ជា​អ្នក​ចំណូល​ស្រា ឬ​ឈ្លោះ​ប្រកែក ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ឥត​រក​រឿង​រក​ហេតុ ឥត​លោភ​ចង់​បាន​ប្រាក់ ត្រូវ​ត្រួត‌ត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួល‌បួល ទាំង​ឲ្យ​កូន​ចៅ​ស្តាប់​បង្គាប់​ដោយ​នឹង‌ធឹង បើ​អ្នក​ណា​មិន​ចេះ​ត្រួត‌ត្រា​ផ្ទះ​ខ្លួន ធ្វើ​ដូច​ម្តេច​ឲ្យ​ថែ​រក្សា​ពួក​ជំនុំ​នៃ​ព្រះ​បាន មនុស្ស​ណា​ដែល​ទើប​នឹង​ជឿ​ថ្មី នោះ​ធ្វើ​ពុំ​បាន​ទេ ក្រែង​កើត​មាន​ចិត្ត​ធំ ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះ‌តិះដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។ ឯ​ពួក​អ្នក​ជំនួយ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង‌ធឹង ឥត​និយាយ​សំដី​២ ឥត​ចំណូល​ស្រា ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​ជា​អ្នក​កាន់​តាម​សេចក្ដី​អាថ៌‌កំបាំង​របស់​សេចក្ដី​ជំនឿ ដោយ​បញ្ញា​ចិត្ត​ដ៏​ស្អាត មួយ​ទៀត ត្រូវ​ល្បង​ល​ចំពោះ​ពួក​អ្នក​ជំនួយ​ទាំង​នោះ​ជា​មុន​ដំបូង​ដែរ រួច​បើ​កាល​ណា​ឃើញ​ថា គ្មាន​កន្លែង​ចាប់​ទោស​បាន​ហើយ នោះ​សឹម​ឲ្យ​គេ​ជួយ​ទៅ​ចុះ ឯ​ប្រពន្ធ​របស់​គេ ក៏​ត្រូវ​មាន​ចិត្ត​នឹង‌ធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ ជា​អ្នក​ដឹង​ខ្នាត ហើយ​ស្មោះ‌ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់ ត្រូវ​ឲ្យ​អ្នក​ជំនួយ​មាន​ប្រពន្ធ​តែ​១ ទាំង​ត្រួត‌ត្រា​កូន​ចៅ នឹង​ផ្ទះ​ខ្លួន ដោយ​ស្រួល‌បួល ដ្បិត​ពួក​អ្នក​ដែល​បាន​ជួយ​យ៉ាង​ល្អ នោះ​នឹង​បាន​ថ្នាក់​ល្អ​សំរាប់​ខ្លួន នឹង​សេចក្ដី​ក្លាហាន​ក្នុង​សេចក្ដី​ជំនឿ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3