ពាក្យនេះពិតប្រាកដមែន គឺថា ប្រសិនបើអ្នកណាចង់បានមុខងារជាអភិបាល អ្នកនោះប្រាថ្នាចង់បានកិច្ចការល្អប្រសើរហើយ។ ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន មិនចំណូលស្រា មានចិត្តស្លូតបូត មិនចេះរករឿងហេតុ មិនឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់។ គាត់ត្រូវចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនចៅចេះស្តាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរគ្រប់ជំពូក ដ្បិតប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួន ធ្វើដូចម្ដេចឲ្យគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះបាន? អ្នកដែលទើបនឹងជឿថ្មី ធ្វើពុំបានឡើយ ក្រែងគាត់អាចនឹងអួតបំប៉ោង ហើយធ្លាក់ទៅក្នុងទោសរបស់អារក្ស។ ម្យ៉ាងទៀត អ្នកនោះត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃផងដែរ ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។ ឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយសម្ដីពីរ មិនចំណូលស្រា មិនលោភចង់បានប្រាក់ គេត្រូវប្រកាន់ខ្ជាប់តាមអាថ៌កំបាំងរបស់ជំនឿ ដោយមនសិការស្អាតបរិសុទ្ធ។ ត្រូវសាកល្បងគេជាមុនសិន ហើយបើឃើញថារកកន្លែងបន្ទោសមិនបាន នោះចូរឲ្យគេធ្វើជាអ្នកជំនួយទៅចុះ។ ឯប្រពន្ធរបស់គេវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយដើមគេ មានចិត្តធ្ងន់ធ្ងរ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែមួយ ហើយចេះគ្រប់គ្រងកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនបានល្អ ដ្បិតអស់អ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អ គេនឹងបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ហើយមានសេចក្តីក្លាហានជាខ្លាំងក្នុងជំនឿ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
អាន ១ ធីម៉ូថេ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ធីម៉ូថេ 3:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ