១ ថេស្សាឡូនិក 4:1-8

១ ថេស្សាឡូនិក 4:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ យើង​សូម​អង្វរ និង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា អ្នក​រាល់​គ្នា​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះយ៉ាង​ណា អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ការ​នេះ​យ៉ាង​ណា សូមឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​យ៉ាង​នោះ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ពាក្យ​ទូន្មាន​ដែល​យើង​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អម្ចាស់‌យេស៊ូវ ជា​យ៉ាង​ណា​ហើយ។ ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​អ្នក​រាល់​គ្នា​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​អំពើ​សហាយ‌ស្មន់ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ចេះ​គ្រប់​គ្រង​រូប​កាយ របស់​ខ្លួន ដោយ​បរិសុទ្ធ និង​ថ្លៃ​ថ្នូរ មិន​មែន​ដោយ​រំជួល​តាម​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង‌ប្អូន​ណា​ម្នាក់​ក្នុង​ការ​នេះ​ឲ្យ​សោះ ព្រោះ​ព្រះ‌អម្ចាស់​នឹង​សង​សឹក​ក្នុង​គ្រប់​ការ​ទាំងនេះ ដូច​យើង​បាន​ប្រាប់អ្នក​រាល់​គ្នា​ពីមុន ក៏​បាន​ធ្វើ​បន្ទាល់រួច​ស្រេច​ហើយ។ ដ្បិត​ព្រះ​មិន​មែន​ត្រាស់​ហៅ​យើង​មក​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​ឡើយ គឺ​មក​ក្នុង​ភាព​បរិសុទ្ធ​វិញ។ ដូច្នេះ អ្នក​ណា​ដែល​បដិសេធ​សេចក្តី​នេះ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ មក​អ្នក​រាល់​គ្នា​នោះ​វិញ។

១ ថេស្សាឡូនិក 4:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ បងប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត យើង​សូម​អង្វរ និង​សូម​ដាស់​តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ថា សូម​ឲ្យ​បងប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត! បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​យ៉ាង​ណា។ ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​បងប្អូន​បាន​វិសុទ្ធ* ឲ្យ​បងប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌។ ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃ‌ថ្នូរ ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ មិន​ត្រូវ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បងប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។ ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​មក មិន​មែន​ឲ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឲ្យ​យើង​បាន​វិសុទ្ធ​វិញ។ ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​មក​បងប្អូន​នោះ​តែ​ម្ដង។

១ ថេស្សាឡូនិក 4:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​សោត​ទៀត បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ ហើយ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌អម្ចាស់​យេស៊ូវ​ថា ចូរ​ដើរ​តាម​ដែល​គួរ​គប្បី ដើម្បី​ឲ្យ​បាន​គាប់​ដល់​ព្រះ‌ហឫទ័យ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង ដូច​ជា​បាន​ទទួល​បង្គាប់​ពី​យើង​ខ្ញុំ​រួច​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​បញ្ញត្ត​ដែល​យើង​ខ្ញុំ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ហើយ ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​សេចក្ដី​កំផិត​ចេញ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ​ចេះ​រក្សា​អត្ត‌ភាព​ខ្លួន ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រសើរ មិន​មែន​ដោយ​សេចក្ដី​រំជួល​ក្នុង​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង‌សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង ដ្បិត​ព្រះ​មិន​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​ទេ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ ដូច្នេះ អ្នក​ណា​ដែល​មិន​ព្រម​ទទួល នោះ​មិន​មែន​បោះ​បង់​ចោល​មនុស្ស ឈ្មោះ​ថា​បោះ​បង់​ចោល​ព្រះ​វិញ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៃ​ទ្រង់​មក​យើង។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ