១ ថេស្សាឡូនិក 2:9-14

១ ថេស្សាឡូនិក 2:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ បងប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។ យើង​បាន​រស់​នៅ​ជា​មួយ​បងប្អូន​ជា​អ្នក​ជឿ ដោយ​ឥរិយា‌បថ​ដ៏​ល្អ​វិសុទ្ធ* សុចរិត* ឥត​កំហុស យើង​មាន​ទាំង​បងប្អូន ទាំង​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ បងប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បងប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បងប្អូន​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក​ចូល​រួម​ក្នុង​ព្រះ‌រាជ្យ* និង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជានិច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​ស្ដាប់ បងប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បងប្អូន​ជា​អ្នក​ជឿ។ បងប្អូន​អើយ បងប្អូន​បាន​យក​តម្រាប់​តាម​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ​នោះ​ដែរ ដ្បិត​បងប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បងប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន‌ជាតិ​យូដា​ធ្វើ​បាប​ដែរ។

១ ថេស្សាឡូនិក 2:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​លំបាក និង​ការ​នឿយ​ហត់ ដែល​យើង​បាន​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពិបាក​នឹង​យើង​ឡើយ ក្នុង​កាល​យើង​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា និង​ព្រះ​ផង​ដែរ​ជា​ស្មរ​បន្ទាល់ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ គឺ​យើង​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ សុចរិត និង​ឥត​កន្លែង​បន្ទោស​បាន ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ម្នាក់ៗ ដូច​ជា​ឪពុក​នឹង​កូន ដោយ​ទូន្មាន និង​លើក​ទឹក​ចិត្ត ហើយ​សូម​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​ស័ក្តិសម​នឹង​ព្រះ ដែល​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះរាជ្យ និង​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​យើង​ប្រកាស​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ទទួល​យក ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​បាន​ទទួល​តាម​ភាព​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​ព្រះ‌បន្ទូល​នេះ​កំពុង​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ។ ដ្បិត​បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​បានយក​តម្រាប់​តាម​ក្រុម​ជំនុំ​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​នៅ​ស្រុក​យូដា ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ដូច​គ្នា ដោយ​សារ​ដៃ​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​ក្រុម​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ ដោយ​សារ​សាសន៍​យូដា​ដែរ

១ ថេស្សាឡូនិក 2:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​យ៉ាង​ធ្ងន់ ហើយ​នឿយ‌ហត់ ដែល​យើង​ខ្ញុំ​បាន​ធ្វើ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ព្រួយ ដោយ‌សារ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា ដោយ​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​និមួយៗ ដូច​ជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន នឹង​កំសាន្ត​ចិត្ត​ផង ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។ ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល ជា​ដំណឹង​ពី​ព្រះ​ដោយ‌សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នៅ​ស្រុក​យូដា ពី​ព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ