១ ថេស្សាឡូនិក 2:17-20

១ ថេស្សាឡូនិក 2:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ កាល​យើងនៅឆ្ងាយ​ពី​អ្នក​រាល់​គ្នា អស់មួយ​រយៈ​ខ្លី នោះ​ឆ្ងាយ​តែ​រូប​កាយ​ទេ មិន​មែន​ឆ្ងាយ​ចិត្ត​ឡើយ យើង​ស្វះ​ស្វែង​ចង់​ឃើញ​មុខ​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ ព្រោះ​យើង​ចង់​មក​ជួប​អ្នក​រាល់​គ្នា គឺ​ខ្ញុំ ប៉ុល​ចង់​មក​ម្តង​ហើយ​ម្តង​ទៀត តែ​អារក្ស​សាតាំង​បាន​រាំង​រា​យើង។ តើ​អ្វី​ជា​សេចក្ដី​សង្ឃឹម អំណរ និង​មកុដ ដែល​នាំ​ឲ្យ​យើង​រីក‌រាយ​នៅ​ចំពោះ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នៅ​ពេល​ព្រះ‌អង្គ​យាង​មក? តើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​ទេ​ឬ? ពិត​មែន អ្នក​រាល់​គ្នា​ជា​សិរី‌ល្អ និង​ជា​អំណរ​របស់​យើង​មែន។

១ ថេស្សាឡូនិក 2:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ចំពោះ​យើង​វិញ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​បងប្អូន​មួយ​គ្រា​ក្ដី គឺ​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ ឯ​ចិត្ត​យើង​នៅ​ជាប់​នឹង​បងប្អូន​ជានិច្ច ហើយ​យើង​ខំ​ប្រឹង‌ប្រែង​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​ឲ្យ​បាន​មក​ជួប​បងប្អូន ព្រោះ​យើង​ចង់​ឃើញ​មុខ​បងប្អូន​ខ្លាំង​ណាស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង គឺ​ខ្ញុំ​ផ្ទាល់ ប៉ូល បាន​រក​ឱកាស​មក​ជួប​មុខ​បងប្អូន​ពីរ​បី​លើក​ហើយ ក៏​ប៉ុន្តែ មារ*​សាតាំង​ចេះ​តែ​រារាំង​ដំណើរ​យើង។ បងប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្តិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់‌យេស៊ូ នៅ​ពេល​ព្រះអង្គ​យាង​មក។ ក្រៅ​ពី​បងប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។ បងប្អូន​ពិត​ជា​សិរី‌រុងរឿង និង​ជា​អំណរ​របស់​យើង​មែន។

១ ថេស្សាឡូនិក 2:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ក្រោយ​ដែល​យើង​ខ្ញុំ​ត្រូវ​ឃ្លាត​មុខ​ពី​អ្នក​រាល់​គ្នា​បន្តិច តែ​មិន​មែន​ឃ្លាត​ចិត្ត​ឡើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​សង្វាត រឭក​ចង់​ឃើញ​មុខ​អ្នក​រាល់​គ្នា​វិញ​ជា​ខ្លាំង បាន​ជា​យើង​ខ្ញុំ​ចង់​មក​សួរ​អ្នក​រាល់​គ្នា គឺ​ប៉ុល​ខ្ញុំ​ចង់​មក​មួយ​ដង​ពីរ​ទៅ​ហើយ តែ​អារក្ស​សាតាំង​បាន​ឃាត់​យើង​ខ្ញុំ​វិញ ដ្បិត​តើ​សេចក្ដី​សង្ឃឹម សេចក្ដី​អំណរ នឹង​មកុដ​ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​រីក‌រាយ​ឡើង នោះ​ជា​អ្វី បើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ក្នុង​កាល​ដែល​ទ្រង់​យាង​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​រាល់​គ្នា​ជា​សិរី‌ល្អ ហើយ​ជា​សេចក្ដី​អំណរ​របស់​យើង​ខ្ញុំ​ពិត​មែន។