១ ថេស្សាឡូនិក 2:13-20
១ ថេស្សាឡូនិក 2:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះហើយបានជាយើងអរព្រះគុណដល់ព្រះជានិច្ច ព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលយើងប្រកាសដល់អ្នករាល់គ្នា អ្នករាល់គ្នាមិនបានទទួលយក ទុកដូចជាពាក្យរបស់មនុស្សទេ គឺបានទទួលតាមភាពពិតជាព្រះបន្ទូលរបស់ព្រះ ដែលព្រះបន្ទូលនេះកំពុងធ្វើការក្នុងអ្នករាល់គ្នាជាអ្នកជឿ។ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានយកតម្រាប់តាមក្រុមជំនុំរបស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវនៅស្រុកយូដា ព្រោះអ្នករាល់គ្នាបានរងទុក្ខលំបាកដូចគ្នា ដោយសារដៃជនរួមជាតិរបស់ខ្លួន ដូចជាក្រុមជំនុំទាំងនោះបានរងទុក្ខ ដោយសារសាសន៍យូដាដែរ គេបានសម្លាប់ព្រះអម្ចាស់យេស៊ូវ និងពួកហោរា ព្រមទាំងបណ្តេញពួកយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះទេ ហើយគេទាស់ទទឹងនឹងមនុស្សទាំងអស់ គេបានរាំងរាយើងមិនឲ្យប្រកាសប្រាប់ពួកសាសន៍ដទៃ ដើម្បីឲ្យគេបានសង្គ្រោះទេ គឺគេបំពេញតែអំពើបាបរបស់គេជានិច្ច តែទីបំផុតសេចក្ដីក្រោធរបស់ព្រះបានធ្លាក់មកលើគេ។ បងប្អូនអើយ កាលយើងនៅឆ្ងាយពីអ្នករាល់គ្នា អស់មួយរយៈខ្លី នោះឆ្ងាយតែរូបកាយទេ មិនមែនឆ្ងាយចិត្តឡើយ យើងស្វះស្វែងចង់ឃើញមុខអ្នករាល់គ្នាខ្លាំងណាស់ ព្រោះយើងចង់មកជួបអ្នករាល់គ្នា គឺខ្ញុំ ប៉ុលចង់មកម្តងហើយម្តងទៀត តែអារក្សសាតាំងបានរាំងរាយើង។ តើអ្វីជាសេចក្ដីសង្ឃឹម អំណរ និងមកុដ ដែលនាំឲ្យយើងរីករាយនៅចំពោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នៅពេលព្រះអង្គយាងមក? តើមិនមែនជាអ្នករាល់គ្នាទេឬ? ពិតមែន អ្នករាល់គ្នាជាសិរីល្អ និងជាអំណររបស់យើងមែន។
១ ថេស្សាឡូនិក 2:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាយើងចេះតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសម្ដីរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។ បងប្អូនអើយ បងប្អូនបានយកតម្រាប់តាមក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅស្រុកយូដា ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូនោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។ អ្នកទាំងនោះបានធ្វើគុតព្រះអម្ចាស់យេស៊ូ និងសម្លាប់ពួកព្យាការី* ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់! ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំឲ្យជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កម្រិត ហើយនៅទីបំផុត ពួកគេនឹងត្រូវទទួលទោសមិនខាន ។ បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្តយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។ ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្តែ មារ*សាតាំងចេះតែរារាំងដំណើរយើង។ បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្តិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។ បងប្អូនពិតជាសិរីរុងរឿង និងជាអំណររបស់យើងមែន។
១ ថេស្សាឡូនិក 2:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះដែលបណ្តាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានត្រាប់តាមអស់ទាំងពួកជំនុំនៃព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នៅស្រុកយូដា ពីព្រោះបានរងទុក្ខ នៅដៃនៃពួកអ្នកស្រុករបស់អ្នករាល់គ្នា ដូចជាពួកជំនុំទាំងនោះបានរងទុក្ខ នៅដៃនៃពួកសាសន៍យូដាដែរ ដែលគេបានសំឡាប់ទាំងព្រះអម្ចាស់យេស៊ូវ នឹងពួកហោរាផង ក៏បានបណ្តេញយើងខ្ញុំទៀត ពួកនោះមិនជាទីគាប់ដល់ព្រះហឫទ័យរបស់ព្រះទេ ហើយក៏ទាស់ទទឹងនឹងមនុស្សទាំងអស់ដែរ គេហាមមិនឲ្យយើងខ្ញុំថ្លែងប្រាប់ដល់ពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានសង្គ្រោះឡើយ គឺដើម្បីតែនឹងបំពេញអំពើបាបរបស់ខ្លួនគេជានិច្ចប៉ុណ្ណោះ តែសេចក្ដីក្រោធបានមកលើគេពេញទីហើយ។ បងប្អូនអើយ ក្រោយដែលយើងខ្ញុំត្រូវឃ្លាតមុខពីអ្នករាល់គ្នាបន្តិច តែមិនមែនឃ្លាតចិត្តឡើយ នោះយើងខ្ញុំមានចិត្តសង្វាត រឭកចង់ឃើញមុខអ្នករាល់គ្នាវិញជាខ្លាំង បានជាយើងខ្ញុំចង់មកសួរអ្នករាល់គ្នា គឺប៉ុលខ្ញុំចង់មកមួយដងពីរទៅហើយ តែអារក្សសាតាំងបានឃាត់យើងខ្ញុំវិញ ដ្បិតតើសេចក្ដីសង្ឃឹម សេចក្ដីអំណរ នឹងមកុដដែលនាំឲ្យយើងខ្ញុំរីករាយឡើង នោះជាអ្វី បើមិនមែនជាអ្នករាល់គ្នានៅចំពោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ក្នុងកាលដែលទ្រង់យាងមកប៉ុណ្ណោះ ដ្បិតអ្នករាល់គ្នាជាសិរីល្អ ហើយជាសេចក្ដីអំណររបស់យើងខ្ញុំពិតមែន។