១ ថេស្សាឡូនិក 2:1-8

១ ថេស្សាឡូនិក 2:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ដែល​យើង​មក​រក​អ្នក​រាល់​គ្នា នោះ​មិន​ឥត​ប្រយោជន៍​ទេ។ ប៉ុន្តែ ក្រោយ​ដែល​យើង​បាន​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ​យ៉ាង​អាម៉ាស់​នៅ​ក្រុង​ភីលីពនោះ​មក ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ យើង​មាន​ចិត្ត​ក្លា‌ហាន ដោយ‌សារ​ព្រះនៃ​យើង ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា ទោះ​ជា​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ។ ដ្បិត​អ្វី​ដែល​យើង​ទូន្មាន នោះ​មិន​មែន​មក​ពី​ការ​បោក​ប្រាស់ អំពើ​ស្មោក‌គ្រោក ឬ​ល្បិច‌កល​នោះ​ទេ តែ​តាម​ដែល​ព្រះ​សាក‌ល្បង​យើង ឃើញ​ថា គួរ​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ជា​យ៉ាង​ណា យើងក៏​និយាយ​យ៉ាង​នោះ​ដែរ មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដែល​ទ្រង់​ល្បង​ល​ចិត្ត​យើង​នោះ​វិញ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច​បញ្ជើ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ‌លន់​ឡើយ ដ្បិត​មាន​ព្រះ​ជា​សាក្សី​ស្រាប់។ យើង​មិន​ស្វែង​រក​ការសរសើរ​ពី​មនុស្ស​ឡើយ ទោះ​ពី​អ្នក​រាល់​គ្នា ឬ​ពី​អ្នក​ណា​ទៀត​ក្តី ទោះ​បើ​យើង​មាន​សិទ្ធិ​អាច​បង្គាប់ ក្នុង​នាម​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ​ក៏​ដោយ តែ​យើង​បាន​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ស្លូត‌បូត ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ។ ដោយ​សារ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នាខ្លាំង​យ៉ាង​នេះ បាន​ជា​យើង​មិន​ត្រឹម​តែ​ចែក​ចាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង ព្រោះ​អ្នក​រាល់​គ្នា​ជាទី​ស្រឡាញ់​របស់​យើង​ណាស់។

១ ថេស្សាឡូនិក 2:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ បងប្អូន​ផ្ទាល់​ក៏​ជ្រាប​ស្រាប់​ហើយ​ថា យើង​មក​រក​បងប្អូន​មិន​មែន​ឥត​ប្រយោជន៍​ទេ គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បងប្អូន​ជ្រាប​ស្រាប់ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះអង្គ​ដល់​បងប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ សេចក្ដី​ដែល​យើង​ទូន្មាន​មិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កល‌ល្បិច​ណា​ឡើយ។ មុន​នឹង​ប្រគល់​មុខងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើង​យ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។ បងប្អូន​ជ្រាប​ហើយ​ថា យើង​មិន​ដែល​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ​ទាល់​តែ​សោះ យើង​ក៏​មិន​ដែល​ធ្វើ​អ្វី ដោយ​លាក់​គំនិត​លោភ‌លន់​ចង់​បាន​ប្រាក់​ដែរ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បងប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។ ក្នុង​ឋានៈ​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ត ថ្វី‌ដ្បិត​តែ​យើង​មាន​សិទ្ធិ​បង្គាប់​បញ្ជា​បងប្អូន​ក្ដី ក៏​យើង​រស់​ក្នុង​ចំណោម​បងប្អូន​ដោយ​ស្លូត​បូត ដូច​មាតា​បី​បាច់​ថែ‌រក្សា​កូន​ខ្ចី​ដែរ។ ដោយ​យើង​ជាប់​ចិត្ត​ស្រឡាញ់​បងប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បងប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​បងប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បងប្អូន​ខ្លាំង​ណាស់!។

១ ថេស្សាឡូនិក 2:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​បែប​ដែល​យើង​ខ្ញុំ​ចូល​មក​ឯ​អ្នក​រាល់​គ្នា​ថា មិន​មែន​ជា​ឥត​កើត​ផល​ទេ ឯ​ក្រោយ​ដែល​យើង​ខ្ញុំ​បាន​រង​ទុក្ខ នឹង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុង​ភីលីព ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ដោយ‌សារ​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​ដល់​អ្នក​រាល់​គ្នា​ដែរ ទាំង​មាន​សេចក្ដី​ត‌យុទ្ធ​ជា​ច្រើន​ផង ដ្បិត​សេចក្ដី​ដែល​យើង​ខ្ញុំ​ទូន្មាន នោះ​មិន​មែន​កើត​ពី​សេចក្ដី​ខុស‌ឆ្គង ឬ​ពី​សេចក្ដី​ស្មោក‌គ្រោក ឬ​ពី​សេចក្ដី​ឆ‌បោក​នោះ​ទេ តែ​តាម​ដែល​ព្រះ‌ទ្រង់​ល្បង​ល​ឃើញ​ថា គួរ​នឹង​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ខ្ញុំ​ជា​យ៉ាង​ណា នោះ​យើង​ខ្ញុំ​បាន​អធិប្បាយ​តាម​បែប​យ៉ាង​នោះ​ឯង មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ​ឡើយ សឹង​មាន​ព្រះ‌ទ្រង់​ជា​សាក្សី​ហើយ ហើយ​ទោះ​បើ​យើង​ខ្ញុំ​មាន​អំណាច នឹង​នៅ​ជា​បន្ទុក​លើ​អ្នក​រាល់​គ្នា ទុក​ដូច​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​មិន​រក​ឲ្យ​មនុស្ស​គោរព​ប្រតិ‌បត្តិ​ដល់​យើង​ខ្ញុំ​ឡើយ ទោះ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ទៀត​ក្តី យើង​ខ្ញុំ​បាន​នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ​ស្លូត‌បូត​វិញ ប្រៀប​ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ គឺ​យ៉ាង​នោះ​ហើយ ដែល​យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​ចូល​ចិត្ត​ចែក​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ចូល​ចិត្ត​ចែក​ទាំង​ជីវិត​យើង​ខ្ញុំ​ផង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ងួន‌ភ្ងា​ដល់​យើង​ខ្ញុំ