១ ថេស្សាឡូនិក 2:1-16

១ ថេស្សាឡូនិក 2:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ដែល​យើង​មក​រក​អ្នក​រាល់​គ្នា នោះ​មិន​ឥត​ប្រយោជន៍​ទេ។ ប៉ុន្តែ ក្រោយ​ដែល​យើង​បាន​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ​យ៉ាង​អាម៉ាស់​នៅ​ក្រុង​ភីលីពនោះ​មក ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ យើង​មាន​ចិត្ត​ក្លា‌ហាន ដោយ‌សារ​ព្រះនៃ​យើង ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា ទោះ​ជា​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ។ ដ្បិត​អ្វី​ដែល​យើង​ទូន្មាន នោះ​មិន​មែន​មក​ពី​ការ​បោក​ប្រាស់ អំពើ​ស្មោក‌គ្រោក ឬ​ល្បិច‌កល​នោះ​ទេ តែ​តាម​ដែល​ព្រះ​សាក‌ល្បង​យើង ឃើញ​ថា គួរ​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ជា​យ៉ាង​ណា យើងក៏​និយាយ​យ៉ាង​នោះ​ដែរ មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដែល​ទ្រង់​ល្បង​ល​ចិត្ត​យើង​នោះ​វិញ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច​បញ្ជើ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ‌លន់​ឡើយ ដ្បិត​មាន​ព្រះ​ជា​សាក្សី​ស្រាប់។ យើង​មិន​ស្វែង​រក​ការសរសើរ​ពី​មនុស្ស​ឡើយ ទោះ​ពី​អ្នក​រាល់​គ្នា ឬ​ពី​អ្នក​ណា​ទៀត​ក្តី ទោះ​បើ​យើង​មាន​សិទ្ធិ​អាច​បង្គាប់ ក្នុង​នាម​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ​ក៏​ដោយ តែ​យើង​បាន​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ស្លូត‌បូត ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ។ ដោយ​សារ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នាខ្លាំង​យ៉ាង​នេះ បាន​ជា​យើង​មិន​ត្រឹម​តែ​ចែក​ចាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង ព្រោះ​អ្នក​រាល់​គ្នា​ជាទី​ស្រឡាញ់​របស់​យើង​ណាស់។ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​លំបាក និង​ការ​នឿយ​ហត់ ដែល​យើង​បាន​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពិបាក​នឹង​យើង​ឡើយ ក្នុង​កាល​យើង​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា និង​ព្រះ​ផង​ដែរ​ជា​ស្មរ​បន្ទាល់ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ គឺ​យើង​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ សុចរិត និង​ឥត​កន្លែង​បន្ទោស​បាន ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ម្នាក់ៗ ដូច​ជា​ឪពុក​នឹង​កូន ដោយ​ទូន្មាន និង​លើក​ទឹក​ចិត្ត ហើយ​សូម​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​ស័ក្តិសម​នឹង​ព្រះ ដែល​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះរាជ្យ និង​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​យើង​ប្រកាស​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ទទួល​យក ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​បាន​ទទួល​តាម​ភាព​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​ព្រះ‌បន្ទូល​នេះ​កំពុង​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ។ ដ្បិត​បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​បានយក​តម្រាប់​តាម​ក្រុម​ជំនុំ​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​នៅ​ស្រុក​យូដា ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ដូច​គ្នា ដោយ​សារ​ដៃ​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​ក្រុម​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ ដោយ​សារ​សាសន៍​យូដា​ដែរ គេ​បាន​សម្លាប់​ព្រះ‌អម្ចាស់‌យេស៊ូវ និង​ពួក​ហោរា ព្រម​ទាំង​បណ្តេញពួក​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​ទេ ហើយ​គេ​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់ គេ​បាន​រាំង​រា​យើង​មិន​ឲ្យ​ប្រកាស​ប្រាប់​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​ទេ គឺ​គេ​បំពេញ​តែ​អំពើ​បាប​របស់​គេ​ជា‌និច្ច តែ​ទី​បំផុត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​ធ្លាក់​មក​លើ​គេ។

១ ថេស្សាឡូនិក 2:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ បងប្អូន​ផ្ទាល់​ក៏​ជ្រាប​ស្រាប់​ហើយ​ថា យើង​មក​រក​បងប្អូន​មិន​មែន​ឥត​ប្រយោជន៍​ទេ គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បងប្អូន​ជ្រាប​ស្រាប់ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះអង្គ​ដល់​បងប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ សេចក្ដី​ដែល​យើង​ទូន្មាន​មិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កល‌ល្បិច​ណា​ឡើយ។ មុន​នឹង​ប្រគល់​មុខងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើង​យ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។ បងប្អូន​ជ្រាប​ហើយ​ថា យើង​មិន​ដែល​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ​ទាល់​តែ​សោះ យើង​ក៏​មិន​ដែល​ធ្វើ​អ្វី ដោយ​លាក់​គំនិត​លោភ‌លន់​ចង់​បាន​ប្រាក់​ដែរ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បងប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។ ក្នុង​ឋានៈ​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ត ថ្វី‌ដ្បិត​តែ​យើង​មាន​សិទ្ធិ​បង្គាប់​បញ្ជា​បងប្អូន​ក្ដី ក៏​យើង​រស់​ក្នុង​ចំណោម​បងប្អូន​ដោយ​ស្លូត​បូត ដូច​មាតា​បី​បាច់​ថែ‌រក្សា​កូន​ខ្ចី​ដែរ។ ដោយ​យើង​ជាប់​ចិត្ត​ស្រឡាញ់​បងប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បងប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​បងប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បងប្អូន​ខ្លាំង​ណាស់!។ បងប្អូន​អើយ បងប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។ យើង​បាន​រស់​នៅ​ជា​មួយ​បងប្អូន​ជា​អ្នក​ជឿ ដោយ​ឥរិយា‌បថ​ដ៏​ល្អ​វិសុទ្ធ* សុចរិត* ឥត​កំហុស យើង​មាន​ទាំង​បងប្អូន ទាំង​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ បងប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បងប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បងប្អូន​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក​ចូល​រួម​ក្នុង​ព្រះ‌រាជ្យ* និង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជានិច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​ស្ដាប់ បងប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បងប្អូន​ជា​អ្នក​ជឿ។ បងប្អូន​អើយ បងប្អូន​បាន​យក​តម្រាប់​តាម​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ​នោះ​ដែរ ដ្បិត​បងប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បងប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន‌ជាតិ​យូដា​ធ្វើ​បាប​ដែរ។ អ្នក​ទាំង​នោះ​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់‌យេស៊ូ និង​សម្លាប់​ពួក​ព្យាការី* ព្រម​ទាំង​ធ្វើ​ទុក្ខ​បៀត‌បៀន​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ ហើយ​គេ​ក៏​ជា​ខ្មាំង​សត្រូវ​នឹង​មនុស្ស​លោក​ទាំង​អស់! ពួក​គេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កម្រិត ហើយ​នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន ។

១ ថេស្សាឡូនិក 2:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​បែប​ដែល​យើង​ខ្ញុំ​ចូល​មក​ឯ​អ្នក​រាល់​គ្នា​ថា មិន​មែន​ជា​ឥត​កើត​ផល​ទេ ឯ​ក្រោយ​ដែល​យើង​ខ្ញុំ​បាន​រង​ទុក្ខ នឹង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុង​ភីលីព ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ដោយ‌សារ​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​ដល់​អ្នក​រាល់​គ្នា​ដែរ ទាំង​មាន​សេចក្ដី​ត‌យុទ្ធ​ជា​ច្រើន​ផង ដ្បិត​សេចក្ដី​ដែល​យើង​ខ្ញុំ​ទូន្មាន នោះ​មិន​មែន​កើត​ពី​សេចក្ដី​ខុស‌ឆ្គង ឬ​ពី​សេចក្ដី​ស្មោក‌គ្រោក ឬ​ពី​សេចក្ដី​ឆ‌បោក​នោះ​ទេ តែ​តាម​ដែល​ព្រះ‌ទ្រង់​ល្បង​ល​ឃើញ​ថា គួរ​នឹង​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ខ្ញុំ​ជា​យ៉ាង​ណា នោះ​យើង​ខ្ញុំ​បាន​អធិប្បាយ​តាម​បែប​យ៉ាង​នោះ​ឯង មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ​ឡើយ សឹង​មាន​ព្រះ‌ទ្រង់​ជា​សាក្សី​ហើយ ហើយ​ទោះ​បើ​យើង​ខ្ញុំ​មាន​អំណាច នឹង​នៅ​ជា​បន្ទុក​លើ​អ្នក​រាល់​គ្នា ទុក​ដូច​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​មិន​រក​ឲ្យ​មនុស្ស​គោរព​ប្រតិ‌បត្តិ​ដល់​យើង​ខ្ញុំ​ឡើយ ទោះ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ទៀត​ក្តី យើង​ខ្ញុំ​បាន​នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ​ស្លូត‌បូត​វិញ ប្រៀប​ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ គឺ​យ៉ាង​នោះ​ហើយ ដែល​យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​ចូល​ចិត្ត​ចែក​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ចូល​ចិត្ត​ចែក​ទាំង​ជីវិត​យើង​ខ្ញុំ​ផង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ងួន‌ភ្ងា​ដល់​យើង​ខ្ញុំ ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​យ៉ាង​ធ្ងន់ ហើយ​នឿយ‌ហត់ ដែល​យើង​ខ្ញុំ​បាន​ធ្វើ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ព្រួយ ដោយ‌សារ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា ដោយ​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​និមួយៗ ដូច​ជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន នឹង​កំសាន្ត​ចិត្ត​ផង ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។ ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល ជា​ដំណឹង​ពី​ព្រះ​ដោយ‌សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នៅ​ស្រុក​យូដា ពី​ព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ ដែល​គេ​បាន​សំឡាប់​ទាំង​ព្រះ‌អម្ចាស់​យេស៊ូវ នឹង​ពួក​ហោរា​ផង ក៏​បាន​បណ្តេញ​យើង​ខ្ញុំ​ទៀត ពួក​នោះ​មិន​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​របស់​ព្រះ​ទេ ហើយ​ក៏​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់​ដែរ គេ​ហាម​មិន​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ដល់​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ឡើយ គឺ​ដើម្បី​តែ​នឹង​បំពេញ​អំពើ​បាប​របស់​ខ្លួន​គេ​ជានិច្ច​ប៉ុណ្ណោះ តែ​សេចក្ដី​ក្រោធ​បាន​មក​លើ​គេ​ពេញ​ទី​ហើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ