១ ថេស្សាឡូនិក 1:1-10

១ ថេស្សាឡូនិក 1:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ស៊ីល‌វ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ជា​ព្រះ‌វរ‌បិតា និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត។ យើងតែង​តែ​អរ​ព្រះ‌គុណ​ព្រះ​ជា‌និច្ចសម្រាប់​អ្នក​រាល់​គ្នា ហើយ​តំណាល​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ជានិច្ច ដោយ​នឹក​ចាំ​នៅ​ចំពោះ​ព្រះ​ជា​ព្រះ‌វរ‌បិតា​របស់​យើង ពី​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ពី​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់​ខ្ជួនដែល​អ្នក​រាល់​គ្នា​មាន ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ដ្បិត​បង‌ប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះ​អើយ យើង​ដឹង​ថា ព្រះ​អង្គបាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ព្រោះ​ដំណឹង​ល្អ​ដែល​យើង​បាន​នាំ​មក​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ត្រឹម​តែដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​ព្រះ‌ចេស្តា និង​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំងចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រភេទ​ណាក្នុង​ចំណោម​អ្នក​រាល់​គ្នា សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ក៏​បាន​យក​តម្រាប់​តាម​យើង និង​តាម​ព្រះ‌អម្ចាស់ ដ្បិត​ទោះបើ​មាន​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​អំណរ មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធដែរ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​គំរូ ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ។ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បាន​ផ្សាយ​ចេញ​ពី​អ្នក​រាល់​គ្នា មិន​មែន​តែ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ព្រះ បានចេញ​ទៅ​គ្រប់​កន្លែង ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។ មនុស្ស​ជា​ច្រើន​បានរៀប​រាប់​អំពី​យើង ពី​របៀប​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង និង​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​រូប​ព្រះ មក​រក​ព្រះ​ដ៏​ពិត ដើម្បី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​រង់​ចាំ​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេ‌ស៊ូវ ដែល​នឹង​ប្រោស​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក។

១ ថេស្សាឡូនិក 1:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត។ សូម​ព្រះអង្គ​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ យើង​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បងប្អូន​ទាំង​អស់​គ្នា​ជានិច្ច ហើយ​នៅ​ពេល​យើង​អធិស្ឋាន យើង​តែង​នឹក​គិត​ដល់​បងប្អូន​ជា​ដរាប។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បងប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បងប្អូន​បំពេញ ដោយ​ចិត្ត​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បងប្អូន ដោយ​ចិត្ត​សង្ឃឹម​លើ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។ បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ដឹង​ហើយ​ថា ព្រះអង្គ​បាន​ជ្រើស​រើស​បងប្អូន ដ្បិត​យើង​បាន​នាំ​ដំណឹង‌ល្អ*​មក​ជូន​បងប្អូន មិន​មែន​ត្រឹម​តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ដោយ​មាន​ឫទ្ធា‌នុភាព មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​មាន​ចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ កាល​យើង​នៅ​ជា​មួយ​បងប្អូន យើង​បាន​ប្រព្រឹត្ត​យ៉ាង​ណា​សម្រាប់​ជា​ប្រយោជន៍​បងប្អូន ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ។ បងប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​ព្រះ‌អម្ចាស់ គឺ​ទោះ​បី​បងប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បងប្អូន​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​មាន​អំណរ​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែរ។ ហេតុ​នេះ បងប្អូន​បាន​ទៅ​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដែល​ចេញ​ពី​បងប្អូន​ទៅ​នោះ មិន​ត្រឹម​តែ​លាន់​ឮ​សុស‌សាយ​ក្នុង​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​បងប្អូន​លើ​ព្រះ‌ជាម្ចាស់​បាន​ឮ​ខ្ចរ‌ខ្ចាយ​ទៅ​គ្រប់​ទី​កន្លែង។ ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។ មនុស្ស‌ម្នា​រៀប​រាប់​អំពី​របៀប​ដែល​បងប្អូន​ទទួល​យើង នៅ​ពេល​យើង​មក​រក​បងប្អូន និង​អំពី​របៀប​ដែល​បងប្អូន​លះ‌បង់​ព្រះ​ក្លែង‌ក្លាយ បែរ​មក​រក​ព្រះ‌ជាម្ចាស់ ដើម្បី​គោរព​បម្រើ​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់ និង​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ បងប្អូន​ក៏​ទន្ទឹង​រង់‌ចាំ​ព្រះ‌បុត្រា​របស់​ព្រះអង្គ​យាង​ពី​ស្ថាន​បរម‌សុខ*​មក គឺ​ព្រះ‌យេស៊ូ ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​នេះ​ប្រោស​យើង​ឲ្យ​រួច​ផុត​ពី​ព្រះ‌ពិរោធ​ដែល​កំពុង​តែ​មក។

១ ថេស្សាឡូនិក 1:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល ស៊ីលវ៉ាន នឹង​ធីម៉ូថេ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នឹង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ហើយ​កាល​ណា​យើង​ខ្ញុំ​អធិស្ឋាន នោះ​ក៏​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ដោយ​នឹក​ចាំ​ជា​ដរាប ពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្ដី​ជំនឿ នឹង​ពី​ការ​នឿយ‌ហត់ ដែល​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មាំ‌មួន ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​ផង ឱ​បង​ប្អូន ដែល​ព្រះ‌ទ្រង់​ស្រឡាញ់​អើយ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​បាន​រើស​តាំង​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ មិន​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ‌ចេស្តា នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ ហើយ​ដោយ​សេចក្ដី​ជំនឿ​ដ៏​មោះ‌មុត​ជា​ខ្លាំង​ថែម​ទៀត​ផង ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំណើរ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា សំរាប់​នឹង​ជួយ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​បាន​ត្រាប់​តាម​យើង​ខ្ញុំ ហើយ​នឹង​ព្រះ‌អម្ចាស់ ដោយ​បាន​ទទួល​ព្រះ‌បន្ទូល ដោយ​សេចក្ដី​អំណរ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក្នុង​កាល​ដែល​កំពុង​តែ​កើត​ទុក្ខ​លំបាក​ជា​ខ្លាំង​ផង ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​គំរូ​ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ ដ្បិត​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ពី​អ្នក​រាល់​គ្នា មិន​មែន​តែ​ក្នុង​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​គ្រប់​ទាំង​កន្លែង ដែល​ឮ​និយាយ​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ព្រះ​ថែម​ទៀត​ផង បាន​ជា​មិន​ចាំ​បាច់​ឲ្យ​យើង​ខ្ញុំ​និយាយ​អ្វី​ទៀត​ទេ ដ្បិត​គេ​ថ្លែង​ប្រាប់​ពី​យើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ជា​យ៉ាង​ណា ទាំង​បែរ​ចេញ​ពី​រូប​ព្រះ មក​ឯ​ព្រះ​ដ៏​ពិត ឲ្យ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​វិញ ហើយ​ឲ្យ​បាន​ចាំ​ព្រះ‌រាជ‌បុត្រា​ព្រះ ទ្រង់​យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ ដែល​ទ្រង់​ប្រោស​ឲ្យ​យើង​រួច​ពី​សេចក្ដី​ខ្ញាល់​ទៅ​មុខ។