១ សាំយូអែល 3:4-11

១ សាំយូអែល 3:4-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!» រួច​ក៏​រត់​ទៅ​រក​លោក​អេលី សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី?» តែលោក​អេលី​ឆ្លើយ​ទៅ​ថា៖ «ខ្ញុំ​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ» សាំយូ‌អែល​ក៏​ទៅ​ដេក​វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ម្តង​ទៀត៖ «នែ​សាំយូ‌អែល» រួច​សាំយូ‌អែល​ក្រោក​ឡើង ទៅ​រក​លោកអេលី​សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី» តែ​អេលី​ឆ្លើយ​ថា៖ «កូន​អើយ ខ្ញុំ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ»។ សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌យេហូវ៉ា​នៅ​ឡើយ​ទេ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ក៏​មិន​ទាន់​បាន​សម្ដែង​មក​ឲ្យ​ដឹង​ដែរ។ រួច​ព្រះ‌យេហូវ៉ា​ហៅ​ម្តង​ទៀត ជា​លើក​ទី​បី​ថា៖ «នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​រក​លោកអេលី​សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី» ពេល​នោះ លោកអេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ។ លោក​ក៏​ប្រាប់​ដល់​សាំយូ‌អែល​ថា៖ «ចូរ​ទៅ​ដេក​ទៅ បើ​ឮ​សូរ​ហៅ​ម្តង​ទៀត នោះ​ត្រូវ​ឆ្លើយ​ថា "បពិត្រ ព្រះ‌យេហូវ៉ា​អើយ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ប្រុង​ស្តាប់​ហើយ"» ដូច្នេះ សាំយូ‌អែល​ក៏​ទៅ​ដេក​នៅ​កន្លែង​ខ្លួន​វិញ។ នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​យាង​មក​ឈរ ហៅ​ដូច​ពី​មុន​ថា៖ «សាំយូ‌អែល នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ប្រុង​ស្តាប់​ហើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​រៀប​នឹង​ធ្វើ​ការ​មួយ​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ណា​ដែល​ឮ ខ្ទរ​ត្រចៀក​ទាំង​សង​ខាង។

ចែក​រំលែក
អាន ១ សាំយូអែល 3

១ សាំយូអែល 3:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!» ហើយ​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​អេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត សាំយូ‌អែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ កូន​អើយ!»។ កុមារ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌អម្ចាស់​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះអង្គ​ពុំ​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​នៅ​ឡើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាំយូ‌អែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​អេលី​យល់​ថា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​ក្មេង​នេះ។ លោក​អេលី​ប្រាប់​សាំយូ‌អែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ព្រះ‌អម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ​ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។ ព្រះ‌អម្ចាស់​យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល!» កុមារ​សាំយូ‌អែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ​ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះអង្គ​ហើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល។ នរណា​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។

ចែក​រំលែក
អាន ១ សាំយូអែល 3

១ សាំយូអែល 3:4-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​មក​សាំយូ‌អែល ហើយ​សាំយូ‌អែល​តប​ថា ប្របាទ រួច​ក៏​រត់​ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី តែ​អេលី​ឆ្លើយ​ទៅ​ថា អញ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ សាំយូ‌អែល​ក៏​ទៅ​ដេក​វិញ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ថា នែ​សាំយូ‌អែល រួច​សាំយូ‌អែល​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី តែ​អេលី​ឆ្លើយ​ថា កូន​អើយ អញ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ ឯ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌យេហូវ៉ា​នៅ​ឡើយ​ទេ ព្រះ‌បន្ទូល​នៃ​ទ្រង់​ក៏​មិន​ទាន់​បាន​សំដែង​មក​ឲ្យ​ដឹង​ដែរ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ជា​គំរប់​៣​ដង​ថា នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី ដូច្នេះអេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ លោក​ក៏​ប្រាប់​ដល់​សាំយូ‌អែល​ថា ចូរ​ឯង​ដេក​ទៅ បើ​ឮ​សូរ​ហៅ​ម្តង​ទៀត នោះ​ត្រូវ​ឆ្លើយ​ថា បពិត្រ ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មាន​បន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ប្រុង​ស្តាប់​ហើយ ដូច្នេះសាំយូ‌អែល​បាន​ទៅ​ដេក​នៅ​ដំណេក​ខ្លួន​វិញ​ទៅ។ លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឈរ ហៅ​ដូច​ជា​ជាន់​មុន​ថា សាំយូ‌អែល នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​បន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ប្រុង​ស្តាប់​ហើយ ដូច្នេះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​រៀប​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល ដែល​នឹង​ធ្វើ​ឲ្យ​ខ្ទរ​ដល់​ត្រចៀក​ទាំង​សង​ខាង នៃ​អស់​អ្នក​ណា​ដែល​ឮ

ចែក​រំលែក
អាន ១ សាំយូអែល 3