១ សាំយូអែល 20:35-42

១ សាំយូអែល 20:35-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រឹក​ឡើង សម្ដេច​យ៉ូណា‌ថាន​ចេញ​ទៅ​វាល​ស្រែ ឆ្ពោះ​ទៅ​កន្លែង​ដែល​លោក​បាន​ណាត់​ជា​មួយ​លោក​ដាវីឌ។ សម្ដេច​នាំ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង។ សម្ដេច​ប្រាប់​វា​ថា៖ «ចូរ​រត់​ទៅ​រើស​ព្រួញ​ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ»។ ក្មេង​នោះ​ក៏​រត់​ទៅ​មុខ ហើយ​សម្ដេច​យ៉ូណា‌ថាន​បាញ់​ព្រួញ​រំលង​ឲ្យ​ឆ្ងាយ​ពី​វា។ ពេល​ក្មេង​នោះ​រត់​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ សម្ដេច​យ៉ូណា‌ថាន​ស្រែក​ឡើង​ថា៖ «ព្រួញ​ធ្លាក់​នៅ​ឆ្ងាយ​ពី​ឯង​មែន​ទេ! ចូរ​ប្រញាប់​រត់​ទៅ កុំ​ឈប់​ឡើយ!»។ ក្មេង​នោះ​ក៏​រើស​ព្រួញ ហើយ​ត្រឡប់​មក​រក​ចៅហ្វាយ​វិញ។ វា​ពុំ​ដឹង​អ្វី​ទាំង​អស់ គឺ​មាន​តែ​សម្ដេច​យ៉ូណា‌ថាន និង​លោក​ដាវីឌ​ប៉ុណ្ណោះ​ដែល​ដឹង​រឿង​នេះ។ សម្ដេច​យ៉ូណា‌ថាន​ប្រគល់​ធ្នូ និង​ព្រួញ​ឲ្យ​ក្មេង​បម្រើ ហើយ​ប្រាប់​វា​ឲ្យ​យក​ទៅ​ទីក្រុង​វិញ។ ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ លោក​ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ថ្វាយ‌បង្គំ​សម្ដេច​យ៉ូណា‌ថាន​បី​ដង។ លោក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​លោក​ដាវីឌ។ បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា “សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្ត‌ភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។ លោក​ដាវីឌ​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្ដេច​យ៉ូណា‌ថាន​ក៏​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ដែរ។

១ សាំយូអែល 20:35-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដល់​ព្រឹក​ឡើង យ៉ូណា‌ថាន​ក៏​ចេញ​ទៅ​ឯ​វាល​តាម​ពេល​ដែល​បាន​សន្យា​នឹង​ដាវីឌ ហើយ​មាន​ក្មេង​ម្នាក់​ទៅ​ជា‌មួយ​ផង លោក​ក៏​ប្រាប់​ដល់​ក្មេង​នោះ​ថា៖ «ចូរ​ឯង​រត់​ទៅ​យក​ព្រួញ ដែល​យើង​នឹង​បាញ់​ឥឡូវ​នេះ​មក» កាល​ក្មេង​នោះ​កំពុង​រត់​ទៅ នោះ​លោក​បាញ់​ព្រួញ​មួយ​ទៅ​ខាង​នាយ​វា តែ​កាល​ក្មេង​បាន​រត់​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ នោះ​យ៉ូណា‌ថាន​ស្រែក​ទៅ​តាម​ថា៖ «នៅ​ខាង​នាយ​ឯង​ឯ​ណោះ» រួច​យ៉ូណា‌ថាន​ក៏​ស្រែក​ទៅ​តាម​វា​ម្តង​ទៀត​ថា៖ «ឲ្យ​ឆាប់ៗ ប្រញាប់​ឡើង កុំ​ឲ្យ​ឈប់​ឡើយ!»។ ដូច្នេះ ក្មេង​នោះ​ក៏​រើស​ព្រួញ រួច​ត្រឡប់​មក​ឯ​ចៅ‌ហ្វាយ​វិញ តែ​ឥត​បាន​ដឹង​ការ​អ្វី​ឡើយ មាន​តែ​យ៉ូណា‌ថាន និង​ដាវីឌ​ប៉ុណ្ណោះ ដែល​ដឹង​ការ​នោះ រួច​យ៉ូណា‌ថាន​លោក​ប្រគល់​គ្រឿង​បាញ់​ទៅ​ក្មេង ដោយ​ប្រាប់​ថា៖ «ចូរ​យក​ទៅ​ក្នុង​ទី​ក្រុង​ចុះ»។ កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​បី​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​ពីរ​នាក់ ឯ​ដាវីឌ​យំ​ខ្លាំង​ជាង ពេល​នោះ យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​ដាវីឌ​ថា៖ «សូម​ទៅ​ដោយ​សុខសាន្ត​ចុះ ដ្បិត​យើង​ទាំង​ពីរ​នាក់​បាន​ស្បថជា‌មួយ​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង​គង់​កណ្ដាល​ខ្ញុំ និង​អ្នក ហើយ​កណ្ដាល​ពូជ​ពង្ស​របស់​ខ្ញុំ និង​ពូជ​ពង្ស​របស់​អ្នករហូត​ត​ទៅ»។ ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​ត្រឡប់​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។

១ សាំយូអែល 20:35-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ព្រឹក​ឡើង យ៉ូណា‌ថាន​ក៏​ចេញ​ទៅ​ឯ​វាល​តាម​ពេល​ដែល​បាន​សន្យា​នឹង​ដាវីឌ ហើយ​មាន​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង លោក​ក៏​ប្រាប់​ដល់​ក្មេង​នោះ​ថា ចូរ​ឯង​រត់​ទៅ​យក​ព្រួញ ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ​មក កាល​ក្មេង​នោះ​កំពុង​រត់​ទៅ នោះ​លោក​បាញ់​ព្រួញ​១​ទៅ​ខាង​នាយ​វា តែ​កាល​ក្មេង​បាន​រត់​ទៅ​ដល់​កន្លែង ដែល​ព្រួញ​ធ្លាក់ នោះ​យ៉ូណា‌ថាន​ស្រែក​ទៅ​តាម​ថា នៅ​ខាង​នាយ​ឯង​ឯ​ណោះ រួច​យ៉ូណា‌ថាន​ក៏​ស្រែក​ទៅ​តាម​វា​ម្តង​ទៀត​ថា ឲ្យ​ឆាប់ៗ ប្រញាប់​ឡើង កុំ​ឲ្យ​ឈប់​ឡើយ ដូច្នេះ ក្មេង​នោះ​ក៏​រើស​ព្រួញ រួច​ត្រឡប់​មក​ឯ​ចៅហ្វាយ​វិញ តែ​ឥត​បាន​ដឹង​ការ​អ្វី​ឡើយ មាន​តែ​យ៉ូណា‌ថាន ហើយ​នឹង​ដាវីឌ​ប៉ុណ្ណោះ ដែល​ដឹង​ការ​នោះ រួច​យ៉ូណា‌ថាន​លោក​ប្រគល់​គ្រឿង​បាញ់​ទៅ​ក្មេង ដោយ​ប្រាប់​ថា ចូរ​យក​ទៅ​ក្នុង​ទី​ក្រុង​ចុះ កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​៣​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​២​នាក់ ទាល់​តែ​ដាវីឌ​បាន​ហូរ​ទឹក​ភ្នែក​ខ្លាំង​ជាង នោះ​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ដល់​ដាវីឌ​ថា អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ដ្បិត​យើង​ទាំង​២​នាក់​បាន​ស្បថ​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​កណ្តាល​ខ្ញុំហើយ​នឹង​អ្នក ហើយ​កណ្តាល​ពូជ​ខ្ញុំ នឹង​ពូជ​របស់​អ្នក​ជា​ដរាប​ត​ទៅ នោះ​ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​លោក​ក៏​ត្រឡប់​វិល​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។