១ សាំយូអែល 20:1-17
១ សាំយូអែល 20:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកដាវីឌរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្ដេចយ៉ូណាថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះបិតារបស់បង បានជាស្ដេចរកសម្លាប់ខ្ញុំដូច្នេះ?»។ សម្ដេចយ៉ូណាថានឆ្លើយតបថា៖ «សូមកុំឲ្យកើតមានដូច្នោះអី! ប្អូនមិនត្រូវស្លាប់ទេ! បិតារបស់ខ្ញុំមិនដែលធ្វើអ្វីដោយឥតប្រាប់ឲ្យខ្ញុំដឹងជាមុនឡើយ ទោះបីការនោះធំ ឬតូចក្ដី។ បើបិតាចង់សម្លាប់ប្អូន ទ្រង់មុខជាប្រាប់ឲ្យខ្ញុំដឹងមិនខាន ទ្រង់មិនលាក់ទេ»។ លោកដាវីឌមានប្រសាសន៍ទៀតថា៖ «បិតារបស់បងដឹងច្បាស់ថា ខ្ញុំជាមិត្តសម្លាញ់របស់បង បានជាស្ដេចគិតថា “មិនត្រូវឲ្យយ៉ូណាថានដឹងទេ ក្រែងលោគេពិបាកចិត្ត”។ ប៉ុន្តែ ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមបងផ្ទាល់ដែលនៅមានជីវិតថា សេចក្ដីស្លាប់នៅឃ្លាតពីខ្ញុំតែមួយចង្អាម ប៉ុណ្ណោះ»។ សម្ដេចយ៉ូណាថានពោលទៅកាន់លោកដាវីឌថា៖ «បើប្អូនចង់ឲ្យខ្ញុំធ្វើអ្វី ខ្ញុំធ្វើតាមទាំងអស់»។ លោកដាវីឌតបទៅសម្ដេចយ៉ូណាថានវិញថា៖ «ស្អែកនេះជាថ្ងៃបុណ្យដើមខែ ធម្មតា ខ្ញុំត្រូវទៅបរិភោគរួមតុជាមួយស្ដេច។ សូមឲ្យខ្ញុំចេញទៅពួននៅឯស្រែ រហូតដល់ល្ងាចខានស្អែក។ បិតារបស់បងមុខជាសួររកខ្ញុំ ព្រោះខ្ញុំមិននៅ សូមទូលស្ដេចថា “ដាវីឌទទូចសូមអនុញ្ញាតពីទូលបង្គំ ធ្វើដំណើរទៅបេថ្លេហិម ជាភូមិកំណើតរបស់គេយ៉ាងប្រញាប់ ដើម្បីចូលរួមថ្វាយយញ្ញបូជាប្រចាំឆ្នាំ ជាមួយនឹងអំបូរទាំងមូល”។ ប្រសិនបើស្ដេចមានរាជឱង្ការថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្ដេចខ្ញាល់ នោះបងនឹងដឹងច្បាស់ថា ស្ដេចបានសម្រេចចិត្តធ្វើបាបខ្ញុំហើយ។ ដូច្នេះ សូមបងសម្តែងចិត្តស្មោះស្ម័គ្រចំពោះខ្ញុំផង ដ្បិតយើងទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នាក្នុងនាមព្រះអម្ចាស់។ ម្យ៉ាងទៀត បើបងឃើញខ្ញុំមានកំហុសអ្វី សូមសម្លាប់ខ្ញុំដោយផ្ទាល់ដៃចុះ កុំចាប់ខ្ញុំទៅថ្វាយបិតារបស់បងអី»។ សម្ដេចយ៉ូណាថានពោលឡើងថា៖ «កុំមានគំនិតដូច្នេះឡើយ! ប្រសិនបើខ្ញុំដឹងច្បាស់ថា បិតារបស់ខ្ញុំសម្រេចព្រះហឫទ័យធ្វើបាបប្អូន នោះខ្ញុំមុខជាប្រាប់ប្អូនមិនខាន»។ លោកដាវីឌសួរថា៖ «ប្រសិនបើបិតារបស់បងឆ្លើយមកបងវិញទាំងខ្ញាល់នោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។ សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។ សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «ខ្ញុំសូមសន្យាក្នុងនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលថា ថ្ងៃស្អែក ឬខានស្អែក ពេលថ្មើរនេះ ខ្ញុំនឹងស្ទង់មើលព្រះហឫទ័យបិតារបស់ខ្ញុំ។ ប្រសិនបើទ្រង់មានបំណងល្អចំពោះប្អូន ហើយបើខ្ញុំមិនចាត់គេឲ្យនាំដំណឹងមកប្រាប់ប្អូនទេនោះ សូមព្រះអម្ចាស់ដាក់ទោសខ្ញុំចុះ។ ប្រសិនបើបិតាខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមព្រះអម្ចាស់គង់ជាមួយប្អូន ដូចព្រះអង្គគង់ជាមួយបិតាខ្ញុំកាលពីមុនដែរ។ ពេលក្រោយ ប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពីព្រះអម្ចាស់ ដើម្បីកុំឲ្យខ្ញុំបាត់បង់ជីវិតឡើយ។ ទោះបីព្រះអម្ចាស់ផ្ដាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្ដងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសម្តែងចិត្តស្មោះស្ម័គ្រនេះចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។ ដូច្នេះ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយលោកដាវីឌ និងកូនចៅរបស់លោក ដោយពោលថា៖ «បើលោកដាវីឌមិនគោរពសម្ពន្ធមេត្រីនេះទេ សូមព្រះអម្ចាស់ដាក់ទោសលោក តាមរយៈខ្មាំងសត្រូវ!»។ សម្ដេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
១ សាំយូអែល 20:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដាវីឌបានរត់ចេញពីណាយ៉ូតនៅស្រុករ៉ាម៉ានោះ ទៅឯយ៉ូណាថានសួរថា៖ «តើខ្ញុំបានធ្វើអ្វី ខ្ញុំមានទោសជាយ៉ាងណា ឬបានធ្វើបាបដូចម្តេចខ្លះនៅចំពោះបិតាអ្នក បានជាទ្រង់រកសម្លាប់ខ្ញុំដូច្នេះ?» យ៉ូណាថានឆ្លើយថា៖ «សូមកុំឲ្យបានដូច្នេះឡើយ អ្នកមិនត្រូវស្លាប់ទេ មើល៍ បិតាខ្ញុំមិនដែលធ្វើការអ្វី ទោះធំ ឬតូចក្តី ដែលមិនប្រាប់ដល់ខ្ញុំនោះទេ ចុះមានទំនងអ្វីឲ្យទ្រង់លាក់ការនេះនឹងខ្ញុំវិញ ការនោះមិនត្រូវទេ»។ ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។ នោះយ៉ូណាថាននិយាយនឹងដាវីឌថា៖ «ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសម្រេចឲ្យ» ដាវីឌឆ្លើយថា៖ «មើល៍ ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទីបីវិញ បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុងមួយឆ្នាំម្តង ប្រសិនបើស្ដេចមានរាជឱង្ការយ៉ាងនេះថា "អើ" ដូច្នេះ ខ្ញុំជាអ្នកបម្រើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើស្ដេចខ្ញាល់វិញ នោះត្រូវដឹងថា ស្ដេចមានបំណងនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ។ ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបម្រើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសេចក្ដីសញ្ញានៅចំពោះព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានអំពើទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសម្លាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ»។ យ៉ូណាថានឆ្លើយថា៖ «សូមឲ្យសេចក្ដីនេះថយឆ្ងាយពីអ្នកទៅ ប្រសិនបើខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសម្រេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬ?»។ រួចដាវីឌនិយាយនឹងយ៉ូណាថានថា៖ «បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ?» យ៉ូណាថានឆ្លើយតបថា៖ «ចូរយើងចេញទៅឯវាលសិន» នោះក៏នាំគ្នាចេញទៅទាំងពីរនាក់។ ដល់ហើយ យ៉ូណាថានមានវាចាថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសម្រេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក តែប្រសិនបើបិតាខ្ញុំសព្វព្រះហឫទ័យនឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយអ្នក ដូចជាទ្រង់បានគង់ជាមួយបិតាខ្ញុំដែរ ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសម្ដែងសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាដល់ខ្ញុំ ដើម្បីកុំឲ្យខ្ញុំស្លាប់ ហើយកុំផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីក្រុមគ្រួសារខ្ញុំ ជារៀងរហូតតទៅ នៅពេលព្រះយេហូវ៉ាដកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីផែនដី »។ គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ានឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។ រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក។
១ សាំយូអែល 20:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯដាវីឌ លោករត់ចេញពីណាយ៉ូតនៅស្រុករ៉ាម៉ានោះ ទៅឯយ៉ូណាថានសួរថា តើខ្ញុំបានធ្វើអ្វី ខ្ញុំមានទោសជាយ៉ាងណា ឬបានធ្វើបាបដូចម្តេចខ្លះនៅចំពោះបិតាអ្នក បានជាទ្រង់រកសំឡាប់ខ្ញុំដូច្នេះ យ៉ូណាថានឆ្លើយថា សូមកុំឲ្យបានដូច្នេះឡើយ អ្នកមិនត្រូវស្លាប់ទេ មើល បិតាខ្ញុំមិនដែលធ្វើការអ្វី ទោះធំ ឬតូចក្តី ដែលមិនប្រាប់ដល់ខ្ញុំនោះទេ ចុះមានទំនងអ្វីឲ្យទ្រង់លាក់ការនេះនឹងខ្ញុំវិញ ការនោះមិនត្រូវទេ ប៉ុន្តែដាវីឌនិយាយដោយស្បថថា បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នកបានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ នឹងសេចក្ដីស្លាប់ នៅឃ្លាតតែ១ជំហានពីគ្នាទេ នោះយ៉ូណាថាននិយាយនឹងដាវីឌថា ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសំរេចឲ្យ ដាវីឌឆ្លើយថា មើល ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយនឹងស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទី៣វិញ បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុង១ឆ្នាំម្តង បើទ្រង់មានបន្ទូលយ៉ាងនេះថា អើ ដូច្នេះ ខ្ញុំជាអ្នកបំរើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើសិនជាទ្រង់ក្រោធវិញ នោះត្រូវដឹងថា បានសំរេចនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបំរើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសញ្ញានៃព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានសេចក្ដីទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសំឡាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ យ៉ូណាថានឆ្លើយថា សូមឲ្យសេចក្ដីនេះថយឆ្ងាយពីអ្នកទៅ បើសិនជាខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសំរេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី រួចដាវីឌនិយាយនឹងយ៉ូណាថានថា បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។ ដល់ហើយ យ៉ូណាថានមានវាចាថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសំរេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក តែបើសិនជាបិតាខ្ញុំសព្វព្រះទ័យ នឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នក ដូចជាទ្រង់បានគង់ជាមួយនឹងបិតាខ្ញុំដែរ ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសំដែងសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាដល់ខ្ញុំ មិនមែនឲ្យតែខ្ញុំរួចស្លាប់ប៉ុណ្ណោះ គឺឲ្យអ្នកចុះកិច្ចសន្យាថា មិនផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីពួកវង្សខ្ញុំ ជារៀងរាបតទៅ ក្នុងកាលដែលព្រះយេហូវ៉ាបានដកពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកពីផែនដីចេញនោះផង។ គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ាទ្រង់នឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។ រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក