១ សាំយូអែល 17:48-53

១ សាំយូអែល 17:48-53 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួប​នឹង​ដាវីឌ នោះ​ដាវីឌ​ក៏​ប្រញាប់‌ប្រញាល់​រត់​ចូល​ទៅ​ខាង​គេ ដើម្បី​ត​ទល់​គ្នា។ ដាវីឌ​លូក​ដៃ​ទៅ​ក្នុង​ថង់យាម ចាប់​យក​ក្រួស​មួយ​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​សាសន៍​ភីលី‌ស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ក៏​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។ ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលី‌ស្ទីន​ឲ្យ​ស្លាប់ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ រួច​ក៏​រត់​ទៅ​ឈរ​នៅ​លើ​វា ចាប់​ហូត​យក​ដាវ​របស់​វា​ចេញ​ពី​ស្រោម​មក​សម្លាប់​វា​ទៅ និង​កាត់​ក្បាល​ផង កាល​ពួក​ទ័ព​ភីលី‌ស្ទីន​បាន​ឃើញ​ថា ទាហាន​តំណាង​របស់​គេ​បាន​ស្លាប់​ហើយ នោះ​គេ​ក៏​រត់​អស់​រលីង។ ឯ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ក៏​ក្រោក​ឡើង​ស្រែក​ហ៊ោ​ទាំង​អស់​គ្នា ដេញ​តាម​ពួក​ភីលី‌ស្ទីន​ទៅ​ក្នុង​វាល​ច្រក​ភ្នំ រហូត​ដល់​ទ្វារ​ក្រុង​អេក្រុន ហើយ​ពួក​ភីលី‌ស្ទីន​ដែល​ត្រូវ​របួស គេ​ក៏​ដួល​តាម​ផ្លូវ​ដែល​ទៅ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រុន នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលី‌ស្ទីន​មក​វិញ ចូល​ចាប់​យក​ទី​បោះ​ទ័ព​របស់​គេ

១ សាំយូអែល 17:48-53 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ជន​ភីលីស្ទីន​ដើរ​តម្រង់​ចូល​មក​រក​ដាវីឌ ដាវីឌ​ក៏​រត់​យ៉ាង​លឿន​ទៅ​តទល់​នឹង​វា។ ដាវីឌ​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលីស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលីស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។ ដាវីឌ​វាយ​ឈ្នះ​ជន​ភីលីស្ទីន ដោយ‌សារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ដាវីឌ​ប្រហារ​ជន​ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។ ដាវីឌ​រត់​ចូល​ទៅ​ជិត​ជន​ភីលីស្ទីន ហើយ​ហូត​ដាវ​របស់​វា​ពី​ស្រោម​សម្លាប់​វា ហើយ​កាត់​ក​ផង។ ពេល​កង‌ទ័ព​ភីលីស្ទីន​ឃើញ​វីរ‌ជន​របស់​ខ្លួន​ស្លាប់​ដូច្នេះ ពួក​គេ​នាំ​គ្នា​រត់​អស់​ទៅ។ កង‌ទ័ព​អ៊ីស្រា‌អែល និង​កង‌ទ័ព​យូដា ក៏​ស្ទុះ​ឡើង នាំ​គ្នា​ស្រែក​ហ៊ោ ហើយ​ដេញ​តាម​ពួក​ភីលីស្ទីន​រហូត​ដល់​ច្រក​ចូល​ជ្រលង​ភ្នំ និង​រហូត​ដល់​មាត់​ទ្វារ​ក្រុង​អេក្រូន។ សាក‌សព​របស់​ពួក​ភីលីស្ទីន​ដេក​ដួល ហូរ‌ហែ​តាម​ផ្លូវ​ទៅ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រូន។ ក្រោយ​ពី​បាន​ដេញ​តាម​ពួក​ភីលីស្ទីន​រួច​ហើយ កង‌ទ័ព​អ៊ីស្រា‌អែល​វិល​មក​ប្រមូល​យក​ជយ‌ភណ្ឌ​ក្នុង​កន្លែង​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន។

១ សាំយូអែល 17:48-53 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួប​នឹង​ដាវីឌ​ហើយ នោះ​ដាវីឌ​ក៏​ប្រញាប់‌ប្រញាល់​រត់​ចូល​ទៅ​ខាង​គេ ដើម្បី​ជួប​គ្នា ទើប​លូក​ដៃ​ទៅ​ក្នុង​យាម ចាប់​យក​ក្រួស​១​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​នៃ​សាសន៍​ភីលីស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។ ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ នឹង​ក្រួស​១​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលីស្ទីន​នោះ​ឲ្យ​ស្លាប់​ទៅ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ រួច​ក៏​រត់​ទៅ​ឈរ​នៅ​លើ​វា ចាប់​ហូត​យក​ដាវ​របស់​វា​ចេញ​ពី​ស្រោម​មក​សំឡាប់​វា​ទៅ ព្រម​ទាំង​កាត់​បណ្តាច់​ក្បាល​ចេញ កាល​ពួក​ទ័ព​ភីលីស្ទីន​បាន​ឃើញ​ថា ទាហាន​ដំណាង​របស់​គេ​បាន​ស្លាប់​ហើយ នោះ​គេ​ក៏​រត់​អស់​រលីង​ទៅ ឯ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ក៏​ក្រោក​ឡើង​ស្រែក​ហ៊ោ​ទាំង​អស់​គ្នា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ​ក្នុង​វាល​ច្រក​ភ្នំ រហូត​ដល់​ទ្វារ​ក្រុង​អេក្រុន ហើយ​ពួក​ភីលីស្ទីន​ដែល​ត្រូវ​របួស គេ​ក៏​ដួល​តាម​ផ្លូវ​ដែល​ទៅ​ឯ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ នឹង​ក្រុង​អេក្រុន នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលីស្ទីន​មក​វិញ ចូល​ប្លន់​ទី​បោះ​ទ័ព​របស់​គេ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ