១ សាំយូអែល 17:37-40

១ សាំយូអែល 17:37-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដាវីឌ​ក៏​ទូល​ទៀត​ថា៖ «ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​ភីលី‌ស្ទីន​នោះ​ដែរ»។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង»។ ស្តេច​បំពាក់​គ្រឿង​របស់​ព្រះ‌អង្គ​ឲ្យ​ដាវីឌ គឺ​មួក​លង្ហិន​នៅ​លើ​ក្បាល និង​អាវ​ក្រោះ​ដែរ។ ដាវីឌ​បាន​ក្រវាត់​ដាវ​ពី​លើ​គ្រឿង​ប្រដាប់​នោះ ហើយ​ខំ​ដើរ​សាក​មើល ដ្បិត​មិន​ដែល​បាន​សាក​ម្តង​សោះ រួច​ទូល​ទៅ​សូល​ថា៖ «ទូល‌បង្គំ​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ប្រើ​ម្តង​ឡើយ» ដូច្នេះ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចេញ រួច​យក​តែ​ដំបង​របស់​ខ្លួន​មក​កាន់​នៅ​ដៃ ហើយ​រើស​ក្រួស​រលីងៗ​ចំនួន​ប្រាំ​ដុំ​ពី​ក្នុង​ទឹក​ជ្រោះ​ដាក់​ចុះ​ក្នុង​ថង់​យាម​របស់​ខ្លួន ហើយ​កាន់​ខ្សែ​ដង្ហក់​នៅ​ដៃ ដើរ​តម្រង់​ចូល​ទៅ​រក​សាសន៍​ភីលី‌ស្ទីន​នោះ។

១ សាំយូអែល 17:37-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដាវីឌ​ពោល​បន្ត​ទៀត​ថា៖ «ព្រះ‌អម្ចាស់​តែងតែ​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា‌ឃ្មុំ ព្រះអង្គ​មុខ​ជា​ជួយ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ភីលីស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «ទៅ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក»។ ព្រះ‌បាទ​សូល​យក​អាវ​សឹក​របស់​ខ្លួន​ផ្ទាល់​មក​បំពាក់​ឲ្យ​ដាវីឌ គឺ​ទ្រង់​យក​មួក​លង្ហិន​មក​បំពាក់​លើ​ក្បាល​របស់​ដាវីឌ ព្រម​ទាំង​បំពាក់​អាវ‌ក្រោះ​ឲ្យ​ដែរ។ ដាវីឌ​យក​ដាវ​របស់​ព្រះ‌បាទ​សូល​មក​ស្ពាយ​លើ​អាវ​សឹក ហើយ​សាក​ល្បង​ដើរ​ល​មើល ព្រោះ​ពុំ​ដែល​បាន​ពាក់​គ្រឿង​សឹក​ដូច្នេះ​នៅ​ឡើយ។ ប៉ុន្តែ ដាវីឌ​ទូល​ព្រះ‌បាទ​សូល​ថា៖ «ជា​មួយ​គ្រឿង​សឹក​ទាំង​នេះ ទូលបង្គំ​ដើរ​មិន​រួច​ទេ ព្រោះ​ទូលបង្គំ​ពុំ​ធ្លាប់​ពាក់​សោះ»។ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចោល ហើយ​យក​ដំបង​មក​កាន់ រើស​ក្រួស​រលោងៗ​ប្រាំ​គ្រាប់​ពី​ក្នុង​ជ្រោះ​មក​ដាក់​ក្នុង​កូន​ថង់​មួយ រួច​ដាក់​ថង់​យាម ព្រម​ទាំង​កាន់​ខ្សែ​ដង្ហក់ ដើរ​ឆ្ពោះ​ទៅ​តទល់​នឹង​ជន​ភីលីស្ទីន។

១ សាំយូអែល 17:37-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដាវីឌ​ក៏​ទូល​ទៀត​ថា ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ នឹង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​សាសន៍​ភីលីស្ទីន​នោះ​ដែរ ខណនោះ សូល​មាន​បន្ទូល​ថា ដូច្នេះ ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង ទើប​ស្តេច​បំពាក់​គ្រឿង​របស់​ទ្រង់​ឲ្យ​ដាវីឌ គឺ​មួក​លង្ហិន​នៅ​លើ​ក្បាល នឹង​អាវ​ក្រោះ​ដែរ នោះ​ដាវីឌ​ក៏​ក្រវាត់​ដាវ​ពី​លើ​គ្រឿង​ប្រដាប់​នោះ ហើយ​ខំ​ដើរ​ល្បង​មើល ដ្បិត​មិន​ដែល​បាន​ល​ម្តង​សោះ រួច​ទូល​ទៅ​សូល​ថា ទូលបង្គំ​នឹង​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ ដ្បិត​ទូលបង្គំ​មិន​ដែល​ល​ម្តង​ឡើយ ដូច្នេះ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចេញ រួច​យក​តែ​ដំបង​របស់​ខ្លួន​មក​កាន់​នៅ​ដៃ ហើយ​រើស​ក្រួស​រលីងៗ​ចំនួន​៥​ដុំ​ពី​ក្នុង​ទឹក​ជ្រោះ​ដាក់​ចុះ​ក្នុង​យាម គឺ​ក្នុង​ប្លោក​របស់​ខ្លួន ហើយ​កាន់​ខ្សែ​ដង្ហក់​នៅ​ដៃ ដើរ​ដំរង់​ចូល​ទៅ​ឯ​សាសន៍​ភីលីស្ទីន​នោះ។