១ សាំយូអែល 17:31-37
១ សាំយូអែល 17:31-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពលទ័ពទាំងមូលឮពាក្យទាំងប៉ុន្មានដែលដាវីឌនិយាយ គេក៏នាំគ្នាទៅទូលព្រះបាទសូល ហើយស្ដេចឲ្យគេទៅហៅដាវីឌមក។ ដាវីឌទូលព្រះបាទសូលថា៖ «មិនត្រូវឲ្យនរណាម្នាក់បាក់ទឹកចិត្ត ដោយសារតែជនភីលីស្ទីននោះឡើយ! ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងចេញទៅប្រយុទ្ធជាមួយវា»។ ស្ដេចសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «អ្នកមិនអាចវាយឈ្នះជនភីលីស្ទីននេះទេ អ្នកនៅក្មេងណាស់ ហើយវាជាអ្នកចម្បាំងតាំងពីក្មេងម៉្លេះ»។ ដាវីឌទូលស្ដេចសូលថា៖ «ទូលបង្គំធ្លាប់ឃ្វាលចៀមរបស់ឪពុកទូលបង្គំ ពេលណាមានតោ ឬខ្លាឃ្មុំមកចាប់កូនចៀមនៅក្នុងហ្វូងនោះ ទូលបង្គំចេញទៅតាមវាភ្លាម ទូលបង្គំបានវាយដណ្ដើមយកកូនចៀមពីមាត់របស់វាមកវិញ។ បើវាលោតសង្គ្រុបលើទូលបង្គំ ទូលបង្គំក៏ច្បាមពុកចង្កាវា បោកសម្លាប់តែម្ដង។ ជនភីលីស្ទីន ជាសាសន៍មិនកាត់ស្បែកនេះ នឹងត្រូវស្លាប់ដូចតោ ឬខ្លាឃ្មុំ ដែលទូលបង្គំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ»។ ដាវីឌពោលបន្តទៀតថា៖ «ព្រះអម្ចាស់តែងតែជួយទូលបង្គំឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «ទៅចុះ! សូមព្រះអម្ចាស់គង់ជាមួយអ្នក»។
១ សាំយូអែល 17:31-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេបានឮពាក្យដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់ស្ដេចសូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក ដាវីឌទូលដល់ស្ដេចសូលថា៖ «សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «ឯងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ព្រោះឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចម្បាំងតាំងតែពីក្មេងមកហើយ»។ នោះដាវីឌដំណាលរឿងទូលស្ដេចសូលថា៖ «ពីដើមដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ធ្លាប់ឃ្វាលចៀមរបស់ឪពុក បើពេលណាមានសិង្ហ ឬខ្លាឃ្មុំមកចាប់យកកូនចៀមពីហ្វូងទៅ ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសម្លាប់ទៅ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។ ដាវីឌក៏ទូលទៀតថា៖ «ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ»។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរទៅចុះ សូមព្រះយេហូវ៉ាគង់ជាមួយឯង»។
១ សាំយូអែល 17:31-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេបានឮពាក្យ ដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់សូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ តែសូលទ្រង់មានបន្ទូលថា ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចំបាំងតាំងតែពីក្មេងមកហើយ នោះដាវីឌដំណាលរឿងទូលសូលថា ពីដើមដែលទូលបង្គំ ជាបាវបំរើទ្រង់ ធ្លាប់ឃ្វាលចៀមរបស់ឪពុក នោះវេលាណាដែលមានសិង្ហ ឬខ្លាឃ្មុំ មកចាប់យកកូនចៀមពីហ្វូងទៅ ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសំឡាប់ទៅ ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រហារទាំងសត្វសិង្ហ នឹងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងបានដូចជាសត្វ១នោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ នឹងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណនោះ សូលមានបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង