១ សាំយូអែល 17:16-24

១ សាំយូអែល 17:16-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច អស់​រយៈ​សែសិប​ថ្ងៃ។ នៅ​គ្រា​នោះ អ៊ីសាយ​ប្រាប់​ដាវីឌ​កូន​របស់​គាត់​ថា៖ «ចូរ​យក​លាជ​មួយ​ថាំង និង​នំបុ័ង​ដប់​ដុំ​នេះ​ទៅ​ឲ្យ​បងៗ​របស់​កូន នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់ ហើយ​យក​ទឹក​ដោះ​ខះ​ដប់​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​គេ​ទៅ រួច​មើល​ថា​បងៗ​របស់​ឯង​សុខ​សប្បាយ​ឬ​យ៉ាង​ណា ហើយ​យក​របស់​អ្វី​មួយ​ពី​គេ​មក​ទុក​ជា​សម្គាល់»។ ចំណែក​ស្ដេច​សូល និង​អ្នក​ទាំង​បី​នោះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​នៅ​ច្រក​ភ្នំ​អេឡា កំពុង​តែ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​ឲ្យ​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់។ ពេល​ដាវីឌ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព នោះ​ជា​ពេល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ទី​ចម្បាំង ទាំង​ស្រែក​សម្រែក​សង្គ្រាម ហើយ​ពួក​អ៊ីស្រា‌អែល និង​ពួក​ភីលី‌ស្ទីន គេ​តម្រៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​ឲ្យ​អ្នក​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជម្រាប​សួរ​ពួក​បងៗ។ គ្រា​ដែល​កំពុង​តែ​និយាយ​ជា‌មួយ​បងៗ ក៏​ឃើញ​ទាហាន​របស់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ មក​ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ចេញ​ពី​ខាង​ទ័ព​ភីលី‌ស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ។ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ចេញ​ពី​វា​ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

១ សាំយូអែល 17:16-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូលី‌យ៉ាត​ជា​ជន‌ជាតិ​ភីលីស្ទីន​នោះ បាន​ចេញ​មក​សម្លុត​ពល​ទ័ព​អ៊ីស្រា‌អែល ទាំង​ព្រឹក ទាំង​ល្ងាច អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ថ្ងៃ​មួយ លោក​អ៊ីសាយ​មាន​ប្រសាសន៍​ទៅ​កាន់​យុវជន​ដាវីឌ ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំប៉័ង​ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ​នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។ ចូរ​យក​ប្រូម៉ាស់​ដប់​ដុំ​នេះ​ទៅ​ជូន​លោក​មេ‌ទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សម្គាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្ដី​សុខ​ហើយ។ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌បាទ​សូល និង​ពល​ទាហាន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​តាម​ជ្រលង​ភ្នំ​អេឡា ហើយ​កំពុង​តែ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន»។ យុវជន​ដាវីឌ​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​ឲ្យ​គង្វាល​ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​អ៊ីសាយ។ ពេល​ដាវីឌ​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល​ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។ ទាហាន​អ៊ីស្រា‌អែល និង​ទាហាន​ភីលីស្ទីន រៀប​ទ័ព​នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។ ដាវីឌ​ប្រគល់​អីវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ‌រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។ ពេល​ដាវីឌ​កំពុង​តែ​សំណេះ‌សំណាល​ជា​មួយ​បងៗ ទាហាន​ភីលីស្ទីន ឈ្មោះ​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រា‌អែល​នូវ​ពាក្យ​ដដែល ដាវីឌ​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។ កាល​ឃើញ​កូលី‌យ៉ាត​ចេញ​មក ទាហាន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​ប្រសេច‌ប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

១ សាំយូអែល 17:16-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ វា​ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច ក៏​ប្រកាស​ខ្លួន​ដូច្នោះ អស់​រវាង​៤០​ថ្ងៃ។ នៅ​គ្រា​នោះអ៊ីសាយ​ប្រាប់​ដាវីឌ​ជា​កូន​ថា ចូរ​ឯង​យក​លាជ​១​ថាំង នឹង​នំបុ័ង​១០​ដុំ​នេះ​ទៅ ឲ្យ​ដល់​ពួក​បង​ឯង នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់​ទៅ ហើយ​នាំ​យក​ទឹក​ដោះ​ខះ​១០​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​វា​ទៅ រួច​ចូរ​មើល​ដែល​បង​ឯង​សុខ​សប្បាយ ឬ​យ៉ាង​ណា ហើយ​នាំ​យក​របស់​អ្វី​១ ជា​គ្រឿង​សំគាល់​ពី​វា មក​វិញ ចំណែក​សូល នឹង​អ្នក​ទាំង​៣​នោះ ព្រម​ទាំង​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​នៅ​ច្រក​ភ្នំ​អេឡា កំពុង​តែ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​នឹង​អ្នក​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់ ក៏​បាន​ទៅ​ដល់​ទី​បោះ​ទ័ព ក្នុង​កាល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ឯ​ទី​ចំបាំង ទាំង​ស្រែក​សំរែក​សង្គ្រាម ហើយ​ពួក​អ៊ីស្រាអែល នឹង​ពួក​ភីលីស្ទីន គេ​ដំរៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​នឹង​អ្នក​ដែល​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជំរាប​សួរ​ដល់​ពួក​បង គ្រា​ដែល​កំពុង​តែ​និយាយ​នឹង​ពួក​បង នោះ​មើល ទាហាន​របស់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ក៏​ចេញ​ពី​ខាង​ទ័ព​ភីលីស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ពី​វា​ទៅ ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង