១ សាំយូអែល 16:14-23

១ សាំយូអែល 16:14-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​សូល ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​វិញ្ញាណ​អាក្រក់​មួយ​ឲ្យ​មក​បំភ័យ​ទ្រង់។ ពួក​មហា‌តលិក​របស់​ស្ដេច​សូល​ទូល​ថា៖ «មើ​ល៍! មា​ន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ។ ដូច្នេះ សូម​ព្រះ‌ករុណា​ទ្រង់​បង្គាប់​មក​យើង​ខ្ញុំ ជា​អ្នក​បម្រើ ដែល​នៅ​ចំពោះ​ព្រះករុណា ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​លេង​ពិណ​មក កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​លេង​ពិណ ដើម្បី​ឲ្យ​ទ្រង់​បាន​ធូរ​ស្រាល»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ថា៖ «ដូច្នេះ ចូរ​ទៅ​រក​មនុស្ស​ម្នាក់​ដែល​ចេះ​លេង​ពីរោះ ហើយ​នាំ​មក​ជួប​យើង»។ មាន​យុវជន​ម្នាក់​ទូល​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេ‌ថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចម្បាំង ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​អ្នក​នោះ»។ ដូច្នេះ ស្ដេច​សូល​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​អ៊ីសាយ​ប្រាប់​ថា៖ «សូម​ឲ្យ​ដាវីឌ ជា​កូន​អ្នក ដែល​កំពុង​តែ​ឃ្វាល​ចៀម មក​ជួប​យើង»។ អ៊ីសាយ​ក៏​យក​លា​មួយ​មក រៀប​ចំ​នំបុ័ង ស្រា​ទំពាំង‌បាយ‌ជូរ​ពេញ​មួយ​ថង់​ស្បែក និង​កូន​ពពែ​មួយ ផ្ញើ​ទៅ​ជា‌មួយ​ដាវីឌ​ជា​កូន ថ្វាយ​ស្តេច​សូល។ ដាវីឌ​ក៏​មក​ជួប​ស្ដេច​សូល ហើយ​នៅ​បម្រើ​ទ្រង់ ក៏​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ណាស់ ហើយ​ស្ដេច​សូល​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌អង្គ។ រួច​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​ឈរ​បម្រើ​នៅ​មុខ​យើង​ចុះ ព្រោះ​យើង​ពេញ​ចិត្ត​វា​ណាស់»។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​ស្ដេច​សូល នោះ​ដាវីឌ​ក៏​យក​ពិណ​មក​ចាប់​លេង​ថ្វាយ រួច​ស្ដេច​សូល​ក៏​បាន​ធូរ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។

១ សាំយូអែល 16:14-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​បាន​ចាក​ចេញ​ពី​ព្រះ‌បាទ​សូល ហើយ​មាន​វិញ្ញាណ​អាក្រក់​មួយ​មក​ពីព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ស្ដេច​វិល‌វល់​ស្មារតី។ ពួក​មន្ត្រី​របស់​ព្រះ‌បាទ​សូល​ទូល​ស្ដេច​ថា៖ «មាន​វិញ្ញាណ​អាក្រក់​មក​ពី​ព្រះ‌ជាម្ចាស់ បណ្ដាល​ឲ្យ​ព្រះ‌ករុណា​វិល‌វល់​ស្មារតី​ដូច្នេះ។ សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មក​ចុះ យើង​ខ្ញុំ​រង់‌ចាំ​ធ្វើ​តាម​បញ្ជា​ជានិច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ មក​ថ្វាយ​ព្រះ‌ករុណា។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌ករុណា អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​ឲ្យ​ព្រះ‌ករុណា​បាន​ធូរ​ស្រាល»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «ចូរ​ទៅ​រក​អ្នក​លេង​ភ្លេង​ដ៏​ចំណាន​ម្នាក់ ហើយ​នាំ​មក​ជួប​ខ្ញុំ»។ រាជ​បម្រើ​ម្នាក់​ទូល​ថា៖ «ទូលបង្គំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​អ៊ីសាយ អ្នក​ភូមិ​បេថ្លេ‌ហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់‌អាច ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង‌ក្លា ឈ្លាស‌វៃ​ក្នុង​ការ​និយាយ​ស្ដី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជា​មួយ​ដែរ»។ ព្រះ‌បាទ​សូល​ចាត់​អ្នក​នាំ​សារ​ទៅ​ប្រាប់​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម​ថា៖ «សូម​ឲ្យ​ដាវីឌ ជា​កូន​ប្រុស​របស់​លោក ដែល​ជា​អ្នក​ឃ្វាល​ចៀម​នោះ មក​ជួប​យើង»។ លោក​អ៊ីសាយ​យក​លា​មួយ​មក លោក​រៀបចំ​នំប៉័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ដាវីឌ​ជា​កូន​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​សូល។ យុវជន​ដាវីឌ​ទៅ​ដល់ ចូល​គាល់​ព្រះ‌បាទ​សូល ហើយ​នៅ​បម្រើ​ស្ដេច។ ព្រះ‌បាទ​សូល​ស្រឡាញ់​ដាវីឌ​ណាស់ ទ្រង់​ឲ្យ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច។ ព្រះ‌បាទ​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​នៅ​បម្រើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌បាទ​សូល ដាវីឌ​ទាញ​ពិណ​យក​មក​ដេញ។ ពេល​នោះ ព្រះ‌បាទ​សូល​បាន​ធូរ​ស្រាល និង​ស្រួល​ខ្លួន​ឡើង​វិញ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​ដែរ។

១ សាំយូអែល 16:14-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​ដក​ថយ​ចេញ​ពី​សូល​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​វិញ្ញាណ​អាក្រក់​១​ឲ្យ​មក​បំភ័យ​ទ្រង់ នោះ​ពួក​មហា‌តលិក​របស់​សូល​ទូល​ថា មើល មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ ដូច្នេះសូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ បង្គាប់​ដល់​យើង​ខ្ញុំ ជា​ពួក​អ្នក​បំរើ​របស់​ទ្រង់ ដែល​នៅ​ចំពោះ​ទ្រង់​នេះ ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​ចាប់​ស៊ុង​មក ដើម្បី​កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​ចាប់​លេង​ឡើង ឲ្យ​ទ្រង់​បាន​ធូរ​ព្រះ‌ទ័យ​ថយ​ទៅ សូល​ក៏​មាន​បន្ទូល​ទៅ​ពួក​អ្នក​បំរើ​ថា ដូច្នេះ ចូរ​ទៅ​រក​មនុស្ស​ម្នាក់​ដែល​ចេះ​លេង​ពីរោះ​ឲ្យ​យើង ហើយ​នាំ​វា​មក​ចុះ ខណ​នោះ មាន​មនុស្ស​កំឡោះ​ម្នាក់ ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចំបាំង ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​នោះ ដូច្នេះ សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​អ៊ីសាយ​ប្រាប់​ថា សូម​ឲ្យ​ដាវីឌ ជា​កូន​អ្នក ដែល​កំពុង​តែ​ឃ្វាល​ចៀម មក​ឯ​យើង អ៊ីសាយ​ក៏​យក​លា​១​ផ្ទុក​ដោយ​នំបុ័ង ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​កូន​ពពែ​១ ផ្ញើ​ទៅ​ជា​មួយ​នឹង​ដាវីឌ​ជា​កូន ថ្វាយ​ដល់​សូល ដាវីឌ​ក៏​មក​ឯ​សូល ហើយ​ឈរ​បំរើ​នៅ​ចំពោះ​ទ្រង់ ក៏​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​ទ្រង់​ណាស់ ហើយ​បាន​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ រួច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា សូម​ឲ្យ​ដាវីឌ​ឈរ​បំរើ​នៅ​មុខ​យើង​ចុះ ពី​ព្រោះ​យើង​ពេញ​ចិត្ត​នឹង​វា​ណាស់ ដូច្នេះ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​សូល នោះ​ដាវីឌ​ក៏​យក​ស៊ុង​មក​ចាប់​លេង​ថ្វាយ រួច​សូល​ទ្រង់​បាន​ធូរ ហើយ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។