១ សាំយូអែល 13:5-14

១ សាំយូអែល 13:5-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ភីលី‌ស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ដែរ មាន​ទាំង​រទេះ​ចម្បាំង​បី​ម៉ឺន ពល​សេះ​ប្រាំមួយ​ពាន់ និង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន។ ពេល​ពួក​ទ័ព​ខាង​អ៊ីស្រា‌អែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ព្រោះ​បណ្ដា​ទ័ព​មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម និង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន។ រី​ឯ​ពួក​ហេព្រើរ​ខ្លះ គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាត​ទៅ តែ​សូល​នៅ​ត្រង់​គីល‌កាល​នៅ​ឡើយ ហើយ​បណ្ដា​ទ័ព​ក៏​តាម​ទ្រង់​ទាំង​ញាប់‌ញ័រ។ ស្ដេច​ក៏​រង់​ចាំ​នៅ​ប្រាំពីរ​ថ្ងៃ តាម​កំណត់​ដែល​លោកសាំយូ‌អែល​បាន​សន្យា តែ​លោក​សាំយូ‌អែល​មិន​បាន​មក​ដល់​គីល‌កាល​ទេ ហើយ​ប្រជាជន​ក៏​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ស្ដេច​អស់​ទៅ។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​នោះ​មក​ឲ្យ​ខ្ញុំ ព្រម​ទាំង​តង្វាយ​មេត្រី​ផង» រួច​ទ្រង់​ក៏​ថ្វាយ​តង្វាយ​ដុត​នោះ​ទៅ តែ​កាល​ដុត​ថ្វាយ​រួច លោកសាំយូ‌អែល​ក៏​មក​ដល់ ហើយ​ស្ដេច​សូល​ក៏​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក។ ប៉ុន្តែ លោកសាំយូ‌អែល​ទូល​សួរ​ថា៖ «តើ​បាន​ធ្វើ​អ្វី​ហ្នឹង?» ស្ដេច​សូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្ដា​ទ័ព​បាន​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក​នៅ​វេលា​កំណត់ ហើយ​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​នៅ​មីក‌ម៉ាស​ផង នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលី‌ស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះ ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​តង្វាយ​នេះ​ទៅ»។ លោកសាំយូ‌អែល​ឆ្លើយ​ថា៖ «ទ្រង់​បាន​ប្រព្រឹត្ត​នេះ​វរ​គំនិត​ហើយ ទ្រង់​មិន​បាន​រក្សា​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ តាំង​ឲ្យ​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រៀង​រហូត​ទៅ តែ​ឥឡូវ​នេះ រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​រក​បាន​មនុស្ស​ម្នាក់​ទៀត ដែល​ត្រូវ​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​វិញ ព្រោះ​ព្រះ‌ករុណា​មិន​បាន​កាន់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​សោះ»។

១ សាំយូអែល 13:5-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​ភីលីស្ទីន​ប្រមូល​ទ័ព​ចេញ​មក​ច្បាំង​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​មាន​រទេះ​ចម្បាំង​ចំនួន​បី​ម៉ឺន​គ្រឿង មាន​ទ័ព​សេះ​ប្រាំ​មួយ​ពាន់ និង​មាន​ពល​ទាហាន​ច្រើន​កុះ‌ករ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​លើក​ទ័ព​មក​បោះ​ជំរំ​នៅ​មីក‌ម៉ាស់ ខាង​កើត​បេត‌អាវេន។ កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រោះ​ទ័ព​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ជិត​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ តាម​គុហា តាម​ក្រហែង​ថ្ម តាម​រូង​ភ្នំ និង​នៅ​តាម​ជ្រោះ។ មាន​ជន‌ជាតិ​ហេប្រឺ​ខ្លះ​ឆ្លង​ទន្លេ​យ័រដាន់​រត់​ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាដ។ រីឯ​ព្រះ‌បាទ​សូល​វិញ ទ្រង់​គង់​នៅ​គីល‌កាល់​នៅ​ឡើយ ហើយ​កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ស្ដេច ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌បាទ​សូល​រង់‌ចាំ​ជួប​លោក​សាំយូ‌អែល អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ តែ​មិន​ឃើញ​លោក​អញ្ជើញ​មក​គីល‌កាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្ដេច។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព មក​ឲ្យ​ខ្ញុំ»។ ស្ដេច​ក៏​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នោះ​ទៅ។ នៅ​ពេល​ស្ដេច​ថ្វាយ​តង្វាយ​ដុត​រួច​ស្រេច​ហើយ លោក​សាំយូ‌អែល​អញ្ជើញ​មក​ដល់។ ព្រះ‌បាទ​សូល​ក៏​យាង​ទៅ​ទទួល និង​ជម្រាប​សួរ​លោក។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌ករុណា​ធ្វើ​អ្វី​ហ្នឹង?»។ ព្រះ‌បាទ​សូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល​ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត​ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មីក‌ម៉ាស់ នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីល‌កាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។ លោក​សាំយូ‌អែល​ទូល​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា! គឺ​ព្រះ‌ករុណា​មិន​ធ្វើ​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា បាន​បង្គាប់​មក​ទេ។ បើ​ព្រះ‌ករុណា​ធ្វើ​តាម​នោះ ម៉្លេះ​សម​ព្រះ‌អម្ចាស់​ពង្រឹង​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ខាន។ ឥឡូវ​នេះ រាជ្យ​របស់​ព្រះ‌ករុណា​មិន​អាច​គង់‌វង្ស​ឡើយ ព្រះ‌អម្ចាស់​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ រួច​តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រោះ​ព្រះ‌ករុណា​មិន​បាន​ធ្វើ​តាម​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ទេ»។

១ សាំយូអែល 13:5-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​ភីលីស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ដែរ មាន​ទាំង​រទេះ​ចំបាំង​៣​ម៉ឺន ពល​សេះ​៦​ពាន់ ហើយ​នឹង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក​បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន កាល​ពួក​ទ័ព​ខាង​អ៊ីស្រាអែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ពី​ព្រោះ​បណ្តា​ទ័ព​មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង​ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម នឹង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន រីឯ​ពួក​ហេ‌ព្រើរ​ខ្លះ គេ​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ឯ​ស្រុក​កាឌ់ ហើយ​នឹង​ស្រុក​កាឡាត​ទៅ តែ​សូល​ទ្រង់​នៅ​ត្រង់​គីល‌កាល​នៅ​ឡើយ ហើយ​បណ្តា​ទ័ព​ក៏​តាម​ទ្រង់​ទាំង​ញាប់‌ញ័រ។ ទ្រង់​ក៏​រង់‌ចាំ​នៅ​៧​ថ្ងៃ តាម​កំណត់​ដែល​សាំយូ‌អែល​បាន​សន្យា តែ​សាំយូ‌អែល​មិន​បាន​មក​ដល់​គីល‌កាល​ទេ ហើយ​បណ្តាជន​ក៏​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ទ្រង់​អស់​ទៅ ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​ដង្វាយ​ដុត​នោះ​មក​ឯ​ខ្ញុំ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង រួច​ទ្រង់​ក៏​ថ្វាយ​ដង្វាយ​ដុត​នោះ​ទៅ តែ​កាល​ដុត​ថ្វាយ​រួច​ហើយ នោះ​មើល សាំយូ‌អែល​ក៏​មក​ដល់ ហើយ​សូល​ទ្រង់​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក ប៉ុន្តែសាំយូ‌អែល​ទូល​សួរ​ថា តើ​បាន​ធ្វើ​អ្វី​ហ្នឹង សូល​ទ្រង់​ឆ្លើយ​ថា ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្តា​ទ័ព​បាន​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក នៅ​វេលា​កំណត់ ហើយ​ពួក​ភីលីស្ទីន​បាន​ប្រមូល​គ្នា​មក នៅ​មីក‌ម៉ាស​ផង នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលីស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​ដង្វាយ​នេះ​ទៅ សាំយូ‌អែល​ឆ្លើយ​ថា ទ្រង់​បាន​ប្រព្រឹត្ត​នេះ​វរ​គំនិត​ហើយ ទ្រង់​មិន​បាន​រក្សា​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដែល​បាន​បង្គាប់​មក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នឹង​តាំង​ឲ្យ​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល ជា​រៀង‌រាប​ដរាប​ទៅ តែ​ឥឡូវ​នេះ រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​រក​បាន​មនុស្ស​ម្នាក់​ទៀត ដែល​ត្រូវ​នឹង​ព្រះ‌ហឫទ័យ​ទ្រង់ ហើយ​ទ្រង់​បាន​តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង លើ​ពួក​រាស្ត្រ​ទ្រង់​វិញ ពី​ព្រោះ​ព្រះ‌ករុណា​មិន​បាន​កាន់​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​សោះ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ