១ សាំ‌យូ‌អែល 13:5-14

១ សាំ‌យូ‌អែល 13:5-14 គកស១៦

ពួក​ភីលី‌ស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ដែរ មាន​ទាំង​រទេះ​ចម្បាំង​បី​ម៉ឺន ពល​សេះ​ប្រាំមួយ​ពាន់ និង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន។ ពេល​ពួក​ទ័ព​ខាង​អ៊ីស្រា‌អែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ព្រោះ​បណ្ដា​ទ័ព​មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម និង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន។ រី​ឯ​ពួក​ហេព្រើរ​ខ្លះ គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាត​ទៅ តែ​សូល​នៅ​ត្រង់​គីល‌កាល​នៅ​ឡើយ ហើយ​បណ្ដា​ទ័ព​ក៏​តាម​ទ្រង់​ទាំង​ញាប់‌ញ័រ។ ស្ដេច​ក៏​រង់​ចាំ​នៅ​ប្រាំពីរ​ថ្ងៃ តាម​កំណត់​ដែល​លោកសាំយូ‌អែល​បាន​សន្យា តែ​លោក​សាំយូ‌អែល​មិន​បាន​មក​ដល់​គីល‌កាល​ទេ ហើយ​ប្រជាជន​ក៏​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ស្ដេច​អស់​ទៅ។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​នោះ​មក​ឲ្យ​ខ្ញុំ ព្រម​ទាំង​តង្វាយ​មេត្រី​ផង» រួច​ទ្រង់​ក៏​ថ្វាយ​តង្វាយ​ដុត​នោះ​ទៅ តែ​កាល​ដុត​ថ្វាយ​រួច លោកសាំយូ‌អែល​ក៏​មក​ដល់ ហើយ​ស្ដេច​សូល​ក៏​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក។ ប៉ុន្តែ លោកសាំយូ‌អែល​ទូល​សួរ​ថា៖ «តើ​បាន​ធ្វើ​អ្វី​ហ្នឹង?» ស្ដេច​សូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្ដា​ទ័ព​បាន​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក​នៅ​វេលា​កំណត់ ហើយ​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​នៅ​មីក‌ម៉ាស​ផង នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលី‌ស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះ ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​តង្វាយ​នេះ​ទៅ»។ លោកសាំយូ‌អែល​ឆ្លើយ​ថា៖ «ទ្រង់​បាន​ប្រព្រឹត្ត​នេះ​វរ​គំនិត​ហើយ ទ្រង់​មិន​បាន​រក្សា​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ តាំង​ឲ្យ​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រៀង​រហូត​ទៅ តែ​ឥឡូវ​នេះ រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​រក​បាន​មនុស្ស​ម្នាក់​ទៀត ដែល​ត្រូវ​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​វិញ ព្រោះ​ព្រះ‌ករុណា​មិន​បាន​កាន់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​សោះ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ