១ សាំយូអែល 1:10-20
១ សាំយូអែល 1:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខណៈនោះ នាងឈឺចិត្តខ្លាំងណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ា ហើយយំដោយមានសេចក្ដីជូរល្វីង។ រួចនាងបន់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ប្រសិនបើព្រះអង្គគ្រាន់តែក្រឡេកព្រះនេត្រទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ បានកូនប្រុសមួយ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាពេញមួយជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ »។ ខណៈដែលនាងកំពុងអធិស្ឋានទៅព្រះយេហូវ៉ានៅឡើយ នោះអេលីក៏សង្កេតមើលមាត់នាង។ ហាណាអធិស្ឋានស្ងាត់ៗ កម្រើកតែបបូរមាត់តិចៗ ឥតឮសំឡេងឡើយ បានជាអេលីស្មានថានាងស្រវឹង ដូច្នេះ អេលីនិយាយទៅនាងថា៖ «តើនាងនៅតែស្រវឹងដល់កាលណាទៀត? ចូរលះបង់ស្រាចោលទៅ»។ តែហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំង ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ។ សូមកុំចាត់ទុកខ្ញុំជាអ្នកបម្រើលោក ថាជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបាននិយាយយ៉ាងយូររហូតដល់ឥឡូវនេះ មកពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនហួសប្រមាណ»។ នោះលោកអេលីឆ្លើយថា៖ «ដូច្នេះ សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមព្រះនៃសាសន៍អ៊ីស្រាអែលប្រោសឲ្យនាងបានសម្រេចដូចដែលបានសូមពីព្រះអង្គចុះ»។ នាងនិយាយថា៖ «ដូច្នេះ សូមឲ្យខ្ញុំជាអ្នកបម្រើលោក បានប្រកបដោយគុណរបស់លោកម្ចាស់ផង» នោះនាងក៏ចេញទៅ បរិភោគអាហារឡើងវិញ ហើយលែងមានទឹកមុខព្រួយទៀត។ ពួកគេក្រោកពីព្រលឹមស្រាង នាំគ្នាទៅថ្វាយបង្គំព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ។ អែលកាណាក៏រួមរស់ជាមួយហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាបាននឹកចាំពីនាង។ លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។
១ សាំយូអែល 1:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងតូចចិត្តជាខ្លាំង ហើយអធិស្ឋានទៅរកព្រះអម្ចាស់ ទាំងយំហូរទឹកភ្នែករហាម។ នាងទូលអង្វរព្រះអង្គ ដោយសច្ចាថា៖ «ឱ! ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូមទតមកខ្ញុំម្ចាស់ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ ហើយកុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានឲ្យខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអង្គ ដើម្បីឲ្យនៅបម្រើព្រះអង្គអស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។ នាងហាណាអធិស្ឋានយ៉ាងយូរ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ពេលនោះ លោកអេលីសង្កេតមើលមាត់របស់នាង។ នាងអធិស្ឋានស្ងាត់ៗ ឃើញតែបបូរមាត់កម្រើកតិចៗ ឥតមានឮសូរសំឡេងទេ។ ដូច្នេះ លោកអេលីនឹកស្មានថា នាងស្រវឹងស្រា។ លោកក៏ពោលទៅនាងថា៖ «តើនាងនៅស្រវឹងដល់អង្កាល់ទៀត ល្មមស្វាងហើយ!»។ នាងហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទានស្រា ឬគ្រឿងស្រវឹងណាទេ។ នាងខ្ញុំនៅទីនេះ ដើម្បីទូលព្រះអម្ចាស់ពីទុក្ខព្រួយរបស់នាងខ្ញុំ។ សូមកុំចាត់ទុកនាងខ្ញុំថាជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូលថ្វាយព្រះអង្គយ៉ាងយូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់ និងមានទុក្ខកង្វល់ហួសប្រមាណ»។ លោកអេលីមានប្រសាសន៍ទៅកាន់នាងថា៖ «សុំអញ្ជើញទៅដោយសុខសាន្ត! សូមព្រះនៃជនជាតិអ៊ីស្រាអែលប្រោសប្រទានឲ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។ នាងហាណាឆ្លើយថា៖ «សូមលោកម្ចាស់សម្តែងសេចក្ដីមេត្តាករុណាដល់នាងខ្ញុំផង!»។ បន្ទាប់មក នាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់ឡើងវិញ។ លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹម ថ្វាយបង្គំព្រះអម្ចាស់ រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។ លោកអែលកាណារួមរស់ជាមួយនាងហាណាជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។ នៅឆ្នាំនោះ នាងហាណាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូលសូមកូននេះពីព្រះអម្ចាស់»។
១ សាំយូអែល 1:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ នាងមានសេចក្ដីជូរល្វីងក្នុងចិត្តណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ាទាំងយំអណ្តឺតអណ្តក រួចនាងបន់ថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ។ គ្រាកំពុងដែលនាងនៅអធិស្ឋាន ចំពោះព្រះយេហូវ៉ានៅឡើយ នោះអេលីក៏ចំណាំមើលមាត់នាង ឯហាណា នាងនឹកតែក្នុងពោះ មានបបូរមាត់ផ្អូចៗ តែឥតឮសំឡេងនាងឡើយ បានជាអេលីស្មានថាជានាងស្រវឹងហើយ ទើបសួរថា តើនាងនៅតែស្រវឹងដល់កាលណាទៀត ចូរលះចោលស្រាពីខ្លួននាងចេញទៅ តែហាណាឆ្លើយតបថា ទេ ព្រះគុណម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំងទេ ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ សូមកុំរាប់ខ្ញុំជាអ្នកបំរើលោក ទុកជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបានចេញវាចា ដរាបដល់ឥឡូវនេះ នោះកើតតែពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ នឹងការរុកកួនដ៏ហួសកំណោះប៉ុណ្ណោះទេ នោះអេលីឆ្លើយថា ដូច្នេះសូមអញ្ជើញទៅ ប្រកបដោយសេចក្ដីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្ដីដែលបានសូមពីទ្រង់ចុះ រួចនាងសូមថា ដូច្នេះសូមឲ្យខ្ញុំ ជាអ្នកបំរើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។ លុះព្រលឹមស្រាងឡើង គេក៏នាំគ្នាទៅថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ ឯអែលកាណា ក៏ស្គាល់ហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាទ្រង់នឹកចាំពីនាង លុះដល់នាងហាណាមានទំងន់គ្រប់ខែហើយ នោះក៏សំរាលបានកូនប្រុស១ នាងឲ្យឈ្មោះថាសាំយូអែល ដោយថា អញបានសូមវាពីព្រះយេហូវ៉ាមក។