១ សាំយូ‌អែល 1:10-20

១ សាំយូ‌អែល 1:10-20 ពគប

ខណនោះ នាង​មាន​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទាំង​យំ​អណ្តឺត‌អណ្តក រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។ គ្រា​កំពុង​ដែល​នាង​នៅ​អធិស្ឋាន ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ នោះ​អេលី​ក៏​ចំណាំ​មើល​មាត់​នាង ឯ​ហាណា នាង​នឹក​តែ​ក្នុង​ពោះ មាន​បបូរ‌មាត់​ផ្អូចៗ តែ​ឥត​ឮ​សំឡេង​នាង​ឡើយ បាន​ជា​អេលី​ស្មាន​ថា​ជា​នាង​ស្រវឹង​ហើយ ទើប​សួរ​ថា តើ​នាង​នៅ​តែ​ស្រវឹង​ដល់​កាល​ណា​ទៀត ចូរ​លះ​ចោល​ស្រា​ពី​ខ្លួន​នាង​ចេញ​ទៅ តែ​ហាណា​ឆ្លើយ​តប​ថា ទេ ព្រះ‌គុណ​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង​ទេ ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ សូម​កុំ​រាប់​ខ្ញុំ​ជា​អ្នក​បំរើ​លោក ទុក​ជា​ស្ត្រី​អាក្រក់​ឡើយ ដ្បិត​ដែល​ខ្ញុំ​បាន​ចេញ​វាចា ដរាប​ដល់​ឥឡូវ​នេះ នោះ​កើត​តែ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ នឹង​ការ​រុក‌កួន​ដ៏​ហួស​កំណោះ​ប៉ុណ្ណោះ​ទេ នោះ​អេលី​ឆ្លើយ​ថា ដូច្នេះសូម​អញ្ជើញ​ទៅ ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រោស​ឲ្យ​បាន​សំរេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ រួច​នាង​សូម​ថា ដូច្នេះសូម​ឲ្យ​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ប្រកប​ដោយ​គុណ​នៃ​លោក​ម្ចាស់​ផង នោះ​នាង​ក៏​បាត់​ទឹក​មុខ​ព្រួយ ហើយ​ចេញ​ទៅ​បរិភោគ​ភោជន៍​វិញ។ លុះ​ព្រលឹម​ស្រាង​ឡើង គេ​ក៏​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ ឯ​អែល‌កាណា ក៏​ស្គាល់​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹក​ចាំ​ពី​នាង លុះ​ដល់​នាង​ហាណា​មាន​ទំងន់​គ្រប់​ខែ​ហើយ នោះ​ក៏​សំរាល​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា​សាំយូ‌អែល ដោយ​ថា អញ​បាន​សូម​វា​ពី​ព្រះ‌យេហូវ៉ា​មក។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ សាំយូ‌អែល 1:10-20