១ សាំយូអែល 1:1-20

១ សាំយូអែល 1:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កា‌ណា ជា​កូន​យេរ៉ូ‌ហាំ យេរ៉ូ‌ហាំ​ជា​កូន​អេលី‌ហ៊ូវ អេលី‌ហ៊ូវ​ជា​កូន​ថូហ៊ូវ ថូហ៊ូវ​ជា​កូន​ស៊ូភ ដែល​ជា​ពួក​អេ‌ប្រា‌តា។ គាត់​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហា‌ណា ម្នាក់​ទៀត​ឈ្មោះ​ពេនី‌ណា។ ពេនី‌ណា​មាន​កូន តែ​ហា‌ណា​គ្មាន​កូន​សោះ។ រាល់​ឆ្នាំ អែល‌កាណា​តែង​ចេញ​ពី​ក្រុង​របស់​ខ្លួន ឡើង​ទៅ​ស៊ីឡូរ ដើម្បី​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ នៅ​ទី​នោះ មាន​ហុបនី និង​ភីនេ‌ហាស ជា​កូន​ទាំង​ពីរ​នាក់​របស់​លោកអេលី ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា។ លុះ​ដល់​ថ្ងៃ​ដែល​អែល‌កា‌ណា​ថ្វាយ​យញ្ញ‌បូជា​របស់​ខ្លួន គាត់​ក៏​ចែក​ដល់​ពេនី‌ណា​ជា​ប្រពន្ធ និង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទាំង​អស់​គ្នា​មួយ​ចំណែក​ម្នាក់។ តែ​បាន​ចែក​ដល់​ហា‌ណា​ទ្វេរ​ជា​ពីរ​វិញ ព្រោះ​គាត់​ស្រឡាញ់​ហា‌ណា​ជាង ទោះ​បើ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ​នាង​មិន​មាន​កូន​ក៏​ដោយ។ គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​មាន​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ហា‌ណា​យំ ហើយ​មិន​បរិ‌ភោគ​អ្វី​សោះ។ ពេល​នោះ អែល‌កា‌ណា​ជា​ប្តី​សួរ​ថា៖ «ហា‌ណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិ‌ភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​ដប់​នាក់​ទេ​ឬ?» ក្រោយ​ដែល​គេ​បាន​បរិ‌ភោគ និងផឹក​នៅ​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហា‌ណា​ក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ។ រី​ឯ​អេលី​ជា​សង្ឃ​កំពុង​អង្គុយ​នៅ​កន្លែង​របស់​លោក ជិត​សសរ​ទ្វារ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។ ខណៈ​នោះ នាង​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ហើយ​យំ​ដោយ​មាន​សេចក្ដី​ជូរ‌ល្វីង។ រួច​នាង​បន់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​គ្រាន់​តែ​ក្រឡេក​ព្រះ‌នេត្រ​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​កូន​ប្រុស​មួយ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​ពេញ​មួយ​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ »។ ខណៈ​ដែល​នាង​កំពុង​អធិស្ឋាន​ទៅ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ នោះ​អេលី​ក៏​សង្កេត​មើល​មាត់​នាង។ ហា‌ណា​អធិស្ឋាន​ស្ងាត់ៗ កម្រើក​តែ​បបូរ‌មាត់​តិចៗ ឥត​ឮ​សំឡេង​ឡើយ បាន​ជា​អេលី​ស្មាន​ថា​នាង​ស្រវឹង ដូច្នេះ អេលី​និយាយ​ទៅ​នាង​ថា៖ «តើ​នាង​នៅ​តែ​ស្រវឹង​ដល់​កាល​ណា​ទៀត? ចូរ​លះ​បង់​ស្រា​ចោល​ទៅ»។ តែ​ហា‌ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ។ សូម​កុំ​ចាត់​ទុក​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ថា​ជា​ស្ត្រី​អាក្រក់​ឡើយ ដ្បិត​ដែល​ខ្ញុំ​បាន​និយាយ​យ៉ាង​យូរ​រហូត​ដល់​ឥឡូវ​នេះ មក​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ និង​ការ​រុក‌កួន​ហួស​ប្រមាណ»។ នោះ​លោកអេលី​ឆ្លើយ​ថា៖ «ដូច្នេះ សូម​អញ្ជើញ​ទៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ប្រោស​ឲ្យ​នាង​បាន​សម្រេច​ដូច​ដែល​បាន​សូម​ពី​ព្រះ‌អង្គ​ចុះ»។ នាង​និយាយ​ថា៖ «ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក បាន​ប្រកប​ដោយ​គុណ​របស់​លោក​ម្ចាស់​ផង» នោះ​នាង​ក៏​ចេញ​ទៅ បរិ‌ភោគ​អាហារ​ឡើង​វិញ ហើយ​លែង​មាន​ទឹក​មុខ​ព្រួយ​ទៀត។ ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាង នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ។ អែល‌កា‌ណា​ក៏​រួម​រស់​ជា‌មួយ​ហា‌ណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​បាន​នឹក​ចាំ​ពី​នាង។ លុះ​ដល់​នាង​ហា‌ណា​មាន​ទម្ងន់​គ្រប់​ខែ​ហើយ ក៏​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា សាំយូ‌អែល ដោយ​និយាយ​ថា៖ «ខ្ញុំ​បាន​សូម​កូន​នេះ​ពី​ព្រះ‌យេហូវ៉ា»។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​បុរស​ម្នាក់​ឈ្មោះ​អែលកាណា រស់​នៅ​ភូមិ​រ៉ាម៉ា‌ថែម-‌សូភីម ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​អេលី‌ហ៊ូវ ជា​ចៅ‌ទួត​របស់​លោក​ថូ‌ហ៊ូវ ហើយ​ត្រូវ​ជា​ចៅ‌លួត​របស់​លោក​ស៊ូភ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនីណា។ នាង​ពេនីណា​មាន​កូន​ច្រើន រីឯ​នាង​ហាណា​វិញ នាង​គ្មាន​កូន​ទេ។ រៀង​រាល់​ឆ្នាំ លោក​អែល‌កាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*​នៅ​ស៊ីឡូ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូប‌នី និង​លោក​ភីនេ‌ហាស ធ្វើ​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ នៅ​ថ្ងៃ​ថ្វាយ​យញ្ញ‌បូជា លោក​អែល‌កាណា​មាន​ទម្លាប់​យក​សាច់​ទៅ​ឲ្យ​នាង​ពេនីណា​ជា​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​ទាំង​អស់​របស់​នាង មួយ​ចំណែក​ម្នាក់។ ប៉ុន្តែ ចំពោះ​នាង​ហាណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បី​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។ នាង​ពេនីណា ជា​គូ‌វិវាទ តែងតែ​រុក‌គួន​បញ្ឈឺ​ចិត្ត​នាង​ហាណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹង​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។ នាង​ពេនីណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហាណា​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ នាង​ពេនីណា​តែងតែ​រុក‌គួន​នាង​ជានិច្ច ធ្វើ​ឲ្យ​នាង​ហាណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។ ពេល​នោះ លោក​អែលកា‌ណា​ជា​ប្ដី សួរ​ទៅ​នាង​ថា៖ «ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? ឬ​មួយ​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​នឹង​កូន​ដប់​នាក់​ទេ​ឬ?»។ ក្រោយ​ពេល​គេ​បរិភោគ និង​ផឹក​រួច​ហើយ នាង​ហាណា​ក្រោក​ឡើង ចូល​ទៅ​ព្រះ‌វិហារ នៅ​ស៊ីឡូ។ ពេល​នោះ លោក​បូជា‌ចារ្យ​អេលី​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់។ នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​អធិស្ឋាន​ទៅ​រក​ព្រះ‌អម្ចាស់ ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។ នាង​ទូល‌អង្វរ​ព្រះអង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះអង្គ ដើម្បី​ឲ្យ​នៅ​បម្រើ​ព្រះអង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។ នាង​ហាណា​អធិស្ឋាន​យ៉ាង​យូរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ពេល​នោះ លោក​អេលី​សង្កេត​មើល​មាត់​របស់​នាង។ នាង​អធិស្ឋាន​ស្ងាត់ៗ ឃើញ​តែ​បបូរ​មាត់​កម្រើក​តិចៗ ឥត​មាន​ឮ​សូរ​សំឡេង​ទេ។ ដូច្នេះ លោក​អេលី​នឹក​ស្មាន​ថា នាង​ស្រវឹង​ស្រា។ លោក​ក៏​ពោល​ទៅ​នាង​ថា៖ «តើ​នាង​នៅ​ស្រវឹង​ដល់​អង្កាល់​ទៀត ល្មម​ស្វាង​ហើយ!»។ នាង​ហាណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ទូល​ព្រះ‌អម្ចាស់​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។ សូម​កុំ​ចាត់​ទុក​នាង​ខ្ញុំ​ថា​ជា​ស្ត្រី​អាក្រក់​ឡើយ នាង​ខ្ញុំ​ទូល​ថ្វាយ​ព្រះអង្គ​យ៉ាង​យូរ​ដូច្នេះ ព្រោះ​នាង​ខ្ញុំ​ឈឺ​ចាប់ និង​មាន​ទុក្ខ​កង្វល់​ហួស​ប្រមាណ»។ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត! សូម​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្រេច​តាម​ពាក្យ​របស់​នាង​ចុះ!»។ នាង​ហាណា​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់​សម្តែង​សេចក្ដី​មេត្តា​ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់‌បស់​ឡើង​វិញ។ លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​នៅ​ឯ​រ៉ាម៉ា​វិញ។ លោក​អែលកា‌ណា​រួម​រស់​ជា​មួយ​នាង​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌អម្ចាស់​ក៏​នឹក​ឃើញ​នាង។ នៅ​ឆ្នាំ​នោះ នាង​ហាណា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាំយូ‌អែល» ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូល​សូម​កូន​នេះ​ពី​ព្រះ‌អម្ចាស់»។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អែល‌កាណា ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលី‌ហ៊ូវៗ ជា​កូន​ថូហ៊ូវៗ ជា​កូន​ស៊ូភ អ្នក​នោះ​ជា​ពួក​អេប្រាតា គាត់​មាន​ប្រពន្ធ​២ មួយ​ឈ្មោះ​ហាណា មួយ​ទៀត​ឈ្មោះ​ពេនី‌ណា ឯ​ពេនី‌ណា​នាង​មាន​កូន តែ​នាង​ហាណា​គ្មាន​កូន​ទេ រាល់​តែ​ឆ្នាំគាត់​តែង​ឡើង​ពី​ក្រុង​ខ្លួន​ទៅ​ឯ​ស៊ីឡូរ ដើម្បី​នឹង​ថ្វាយ‌បង្គំ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ រីឯ​នៅ​ទី​នោះមាន​ហុបនី នឹង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២​នាក់ ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​ដែល​អែល‌កាណា​ថ្វាយ​យញ្ញ‌បូជា​របស់​ខ្លួន នោះ​ក៏​ចែក​ចំណែក​ដល់​ពេនី‌ណា​ជា​ប្រពន្ធ នឹង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទាំង​អស់​គ្នា តែ​បាន​ចែក​ដល់​ហាណា​១​ជា​២​វិញ ដ្បិត​គាត់​ស្រឡាញ់​ហាណា​ជាង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ផ្ទៃ​នាង គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​កើត​សេចក្ដី​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ហាណា នាង​យំ ហើយ​មិន​បរិភោគ​ទេ នោះ​អែល‌កាណា​ជា​ប្ដី​សួរ​ថា ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ ហើយ​មិន​បរិភោគ​ដូច្នេះ ម្តេច​ក៏​នាង​កើត​ទុក្ខ តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​១០​នាក់​ទេ​ឬ​អី។ ដូច្នេះ ក្រោយ​ដែល​គេ​បាន​បរិភោគ​នៅ​ត្រង់​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហាណា​ក៏​ក្រោក​ឡើង រីឯ​អេលី​ដ៏​ជា​សង្ឃ លោក​កំពុង​នៅ​លើ​ទី​អង្គុយ​របស់​លោក ជិត​សសរ​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ខណនោះ នាង​មាន​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទាំង​យំ​អណ្តឺត‌អណ្តក រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។ គ្រា​កំពុង​ដែល​នាង​នៅ​អធិស្ឋាន ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ នោះ​អេលី​ក៏​ចំណាំ​មើល​មាត់​នាង ឯ​ហាណា នាង​នឹក​តែ​ក្នុង​ពោះ មាន​បបូរ‌មាត់​ផ្អូចៗ តែ​ឥត​ឮ​សំឡេង​នាង​ឡើយ បាន​ជា​អេលី​ស្មាន​ថា​ជា​នាង​ស្រវឹង​ហើយ ទើប​សួរ​ថា តើ​នាង​នៅ​តែ​ស្រវឹង​ដល់​កាល​ណា​ទៀត ចូរ​លះ​ចោល​ស្រា​ពី​ខ្លួន​នាង​ចេញ​ទៅ តែ​ហាណា​ឆ្លើយ​តប​ថា ទេ ព្រះ‌គុណ​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង​ទេ ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ សូម​កុំ​រាប់​ខ្ញុំ​ជា​អ្នក​បំរើ​លោក ទុក​ជា​ស្ត្រី​អាក្រក់​ឡើយ ដ្បិត​ដែល​ខ្ញុំ​បាន​ចេញ​វាចា ដរាប​ដល់​ឥឡូវ​នេះ នោះ​កើត​តែ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ នឹង​ការ​រុក‌កួន​ដ៏​ហួស​កំណោះ​ប៉ុណ្ណោះ​ទេ នោះ​អេលី​ឆ្លើយ​ថា ដូច្នេះសូម​អញ្ជើញ​ទៅ ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រោស​ឲ្យ​បាន​សំរេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ រួច​នាង​សូម​ថា ដូច្នេះសូម​ឲ្យ​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ប្រកប​ដោយ​គុណ​នៃ​លោក​ម្ចាស់​ផង នោះ​នាង​ក៏​បាត់​ទឹក​មុខ​ព្រួយ ហើយ​ចេញ​ទៅ​បរិភោគ​ភោជន៍​វិញ។ លុះ​ព្រលឹម​ស្រាង​ឡើង គេ​ក៏​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ ឯ​អែល‌កាណា ក៏​ស្គាល់​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹក​ចាំ​ពី​នាង លុះ​ដល់​នាង​ហាណា​មាន​ទំងន់​គ្រប់​ខែ​ហើយ នោះ​ក៏​សំរាល​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា​សាំយូ‌អែល ដោយ​ថា អញ​បាន​សូម​វា​ពី​ព្រះ‌យេហូវ៉ា​មក។

ចែក​រំលែក
អាន ១ សាំយូអែល 1