១ សាំ‌យូ‌អែល 1:1-20

១ សាំ‌យូ‌អែល 1:1-20 គកស១៦

នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កា‌ណា ជា​កូន​យេរ៉ូ‌ហាំ យេរ៉ូ‌ហាំ​ជា​កូន​អេលី‌ហ៊ូវ អេលី‌ហ៊ូវ​ជា​កូន​ថូហ៊ូវ ថូហ៊ូវ​ជា​កូន​ស៊ូភ ដែល​ជា​ពួក​អេ‌ប្រា‌តា។ គាត់​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហា‌ណា ម្នាក់​ទៀត​ឈ្មោះ​ពេនី‌ណា។ ពេនី‌ណា​មាន​កូន តែ​ហា‌ណា​គ្មាន​កូន​សោះ។ រាល់​ឆ្នាំ អែល‌កាណា​តែង​ចេញ​ពី​ក្រុង​របស់​ខ្លួន ឡើង​ទៅ​ស៊ីឡូរ ដើម្បី​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ នៅ​ទី​នោះ មាន​ហុបនី និង​ភីនេ‌ហាស ជា​កូន​ទាំង​ពីរ​នាក់​របស់​លោកអេលី ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា។ លុះ​ដល់​ថ្ងៃ​ដែល​អែល‌កា‌ណា​ថ្វាយ​យញ្ញ‌បូជា​របស់​ខ្លួន គាត់​ក៏​ចែក​ដល់​ពេនី‌ណា​ជា​ប្រពន្ធ និង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទាំង​អស់​គ្នា​មួយ​ចំណែក​ម្នាក់។ តែ​បាន​ចែក​ដល់​ហា‌ណា​ទ្វេរ​ជា​ពីរ​វិញ ព្រោះ​គាត់​ស្រឡាញ់​ហា‌ណា​ជាង ទោះ​បើ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ​នាង​មិន​មាន​កូន​ក៏​ដោយ។ គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​មាន​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ហា‌ណា​យំ ហើយ​មិន​បរិ‌ភោគ​អ្វី​សោះ។ ពេល​នោះ អែល‌កា‌ណា​ជា​ប្តី​សួរ​ថា៖ «ហា‌ណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិ‌ភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​ដប់​នាក់​ទេ​ឬ?» ក្រោយ​ដែល​គេ​បាន​បរិ‌ភោគ និងផឹក​នៅ​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហា‌ណា​ក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ។ រី​ឯ​អេលី​ជា​សង្ឃ​កំពុង​អង្គុយ​នៅ​កន្លែង​របស់​លោក ជិត​សសរ​ទ្វារ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។ ខណៈ​នោះ នាង​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ហើយ​យំ​ដោយ​មាន​សេចក្ដី​ជូរ‌ល្វីង។ រួច​នាង​បន់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​គ្រាន់​តែ​ក្រឡេក​ព្រះ‌នេត្រ​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​កូន​ប្រុស​មួយ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​ពេញ​មួយ​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ »។ ខណៈ​ដែល​នាង​កំពុង​អធិស្ឋាន​ទៅ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ នោះ​អេលី​ក៏​សង្កេត​មើល​មាត់​នាង។ ហា‌ណា​អធិស្ឋាន​ស្ងាត់ៗ កម្រើក​តែ​បបូរ‌មាត់​តិចៗ ឥត​ឮ​សំឡេង​ឡើយ បាន​ជា​អេលី​ស្មាន​ថា​នាង​ស្រវឹង ដូច្នេះ អេលី​និយាយ​ទៅ​នាង​ថា៖ «តើ​នាង​នៅ​តែ​ស្រវឹង​ដល់​កាល​ណា​ទៀត? ចូរ​លះ​បង់​ស្រា​ចោល​ទៅ»។ តែ​ហា‌ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ។ សូម​កុំ​ចាត់​ទុក​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ថា​ជា​ស្ត្រី​អាក្រក់​ឡើយ ដ្បិត​ដែល​ខ្ញុំ​បាន​និយាយ​យ៉ាង​យូរ​រហូត​ដល់​ឥឡូវ​នេះ មក​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ និង​ការ​រុក‌កួន​ហួស​ប្រមាណ»។ នោះ​លោកអេលី​ឆ្លើយ​ថា៖ «ដូច្នេះ សូម​អញ្ជើញ​ទៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ប្រោស​ឲ្យ​នាង​បាន​សម្រេច​ដូច​ដែល​បាន​សូម​ពី​ព្រះ‌អង្គ​ចុះ»។ នាង​និយាយ​ថា៖ «ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក បាន​ប្រកប​ដោយ​គុណ​របស់​លោក​ម្ចាស់​ផង» នោះ​នាង​ក៏​ចេញ​ទៅ បរិ‌ភោគ​អាហារ​ឡើង​វិញ ហើយ​លែង​មាន​ទឹក​មុខ​ព្រួយ​ទៀត។ ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាង នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ។ អែល‌កា‌ណា​ក៏​រួម​រស់​ជា‌មួយ​ហា‌ណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​បាន​នឹក​ចាំ​ពី​នាង។ លុះ​ដល់​នាង​ហា‌ណា​មាន​ទម្ងន់​គ្រប់​ខែ​ហើយ ក៏​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា សាំយូ‌អែល ដោយ​និយាយ​ថា៖ «ខ្ញុំ​បាន​សូម​កូន​នេះ​ពី​ព្រះ‌យេហូវ៉ា»។