១ ពេត្រុស 4:2-7

១ ពេត្រុស 4:2-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​នៅ​សល់ ហើយ​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ទៀត គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​វិញ។ ដ្បិត​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​រស់​នៅ​ដូច​ជា​ពួក​សាសន៍​ដទៃ ទាំង​រស់​នៅ​ក្នុង​សេចក្តី​អាស‌អាភាស ចិត្ត​ពុះ​កញ្រ្ជោល ប្រមឹក ចិត្ត​ស្រើប​ស្រាល ស៊ី​ផឹក​ជ្រុល និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ល្មើស​នឹង​វិន័យ។ ពួក​គេ​ងឿង​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​ចូល​រួម​នៅ​ក្នុង​អំពើ​ខូច​អាក្រក់​ដ៏​ហូរ​ហៀរ​ជា​មួយ​ពួក​គេ ហើយ​គេ​ក៏​ប្រមាថ​អ្នក​រាល់​គ្នា។ ប៉ុន្តែ គេ​នឹង​ត្រូវឆ្លើយ​រៀប​រាប់​ចំពោះ​ព្រះ​វិញ ដែល​ព្រះ‌អង្គ​ប្រុង​ប្រៀប​នឹង​ជំនុំ‌ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ ហេតុ​នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ បាន​ផ្សាយ​ដល់​អស់​អ្នក​ដែល​ស្លាប់​ដែរ ដែល​ទោះ​ជា​បាន​ជាប់​ជំនុំ‌ជម្រះ​ខាង​សាច់​ឈាម តាម​បែប​មនុស្សក៏​ដោយ ក៏​គេ​បាន​រស់​ខាង​វិញ្ញាណ​ដូច​ព្រះ​វិញ។ ចុង​បំផុត​នៃ​របស់​ទាំង​អស់​ជិត​ដល់​ហើយ ដូច្នេះ ចូរ​គ្រប់​គ្រង​ចិត្ត ហើយ​មាន​គំនិត​នឹង​ធឹង​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:2-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដើម្បី​ឲ្យ​បាន​រស់​ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​អំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។ ពី​ដើម បងប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ ​ចូល​ចិត្ត​នោះ យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នានា គួរ​ឲ្យ​ខ្ពើម។ ពួក​គេ​ងឿង‌ឆ្ងល់ ដោយ​ឃើញ​បងប្អូន​ពុំ​ចូល​រួម​ជា​មួយ​គេ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ហួស​ហេតុ​ទាំង​នោះ​ទៀត ហើយ​គេ​ក៏​និយាយ​ប្រមាថ​បងប្អូន។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ឆ្លើយ​រៀប​រាប់​ពី​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដែល​ប្រុង​ប្រៀប​នឹង​វិនិច្ឆ័យ​ទោស ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់។ ហេតុ​នេះ សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​ព្រះអង្គ​បាន​នាំ​ដំណឹង‌ល្អ​ទៅ​ឲ្យ​គេ​ឮ​ដែរ។ ដូច្នេះ ទោះ​បី​ពួក​គេ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស​តាម​របៀប​មនុស្ស​លោក ក្នុង​ពេល​គេ​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ក៏​គេ​អាច​មាន​ជីវិត​រស់​ស្រប​តាម​ព្រះ‌ជា‌ម្ចាស់​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែរ ។ អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​ឲ្យ​អធិស្ឋាន*​កើត។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:2-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​សល់ នឹង​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ទៀត​ឡើយ គឺ​តាម​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដ្បិត​ដែល​ពី​ដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្ដី​អាស‌អាភាស ការ​ស្រើប‌ស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក នឹង​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ ដែល​សុទ្ធ​តែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ គេ​ក៏​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​រត់​ទៅ តាម​សេចក្ដី​ខូច​អាក្រក់​ដ៏​ហូរ‌ហៀរ ជា​មួយ​នឹង​គេ​ដែរ បាន​ជា​គេ​ប្រមាថ​ដល់​អ្នក​រាល់​គ្នា តែ​គេ​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ព្រះ​វិញ ដែល​ទ្រង់​រៀប​នឹង​ជំនុំ‌ជំរះ ទាំង​មនុស្ស​រស់​នឹង​មនុស្ស​ស្លាប់ ហេតុ​នោះ​បាន​ជា បាន​ផ្សាយ​ដំណឹង​ល្អ​ទៅ​មនុស្ស ដែល​ស្លាប់​ហើយ​ដែរ ដើម្បី​ឲ្យ​គេ​ត្រូវ​ជាប់​ជំនុំ‌ជំរះ​ខាង​ឯ​សាច់​ឈាម តាម​បែប​មនុស្ស តែ​ឲ្យ​គេ​បាន​រស់​ខាង​ឯ​វិញ្ញាណ​តាម​ព្រះ​វិញ។ រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន​ចុះ

ចែក​រំលែក
អាន ១ ពេត្រុស 4