១ ពេត្រុស 3:6-22

១ ពេត្រុស 3:6-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្តាប់​បង្គាប់​លោក​អ័ប្រា‌ហាំ ហើយ​ហៅ​លោក​ថា លោក​ម្ចាស់ផង។ អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ពូជ‌ពង្ស​របស់​លោក ប្រសិន‌បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ហើយ​មិន​ត្រូវ​ភ័យ​ខ្លាច​អ្វី​មួយ​ដែល​បំភ័យ​អ្នក​ឡើយ។ រីឯ​ប្ដី​ក៏​ដូច្នោះ​ដែរ ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ហើយត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មត៌ក​រួម​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​រាំងរា​សេចក្តី​អធិស្ឋាន​របស់​អ្នក​ឡើយ។ ជា​ទី​បញ្ចប់ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​មួយ មាន​ចិត្ត​អាណិត‌អាសូរ មាន​ចិត្ត​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព។ កុំ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌ពរ​ជា​មត៌ក។ ដ្បិត «អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ល្អ អ្នក​នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ចេញ​ពី​សេចក្តី​អាក្រក់ ហើយ​ទប់​បបូរ​មាត់ កុំ​និយាយ​ពាក្យ​បោក​បញ្ឆោត។ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ។ ត្រូវ​ឲ្យ​អ្នក​នោះ​ស្វែង​រក​សេចក្ដី​សុខ​សាន្ដ ហើយ​ដេញ​តាម​ចុះ។ ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​សង្វាត​នឹង​ប្រព្រឹត្ត​ការ​ល្អ តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​អ្នក​រាល់​គ្នា? ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្តី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ។ មិន​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេ ក៏​កុំ​ច្រួល​ច្របល់​ឡើយ តែ​ត្រូវ​តាំង​ព្រះ‌គ្រីស្ទ​ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ។ ត្រូវ​ប្រុង​ប្រៀប​ជា‌និច្ច ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។ ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ ដ្បិត​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ម្តង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​យើង​ទៅ​រក​ព្រះ។ ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ ហើយ​ខាង​វិញ្ញាណ​នោះ​ឯង ព្រះ‌អង្គ​បាន​យាង​ទៅ​ប្រកាស​ប្រាប់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ស្តាប់​បង្គាប់ គឺ​ពេល​ដែល​ព្រះ​បាន​រង់​ចាំ​ដោយ​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ នៅ​ជំនាន់​លោក​ណូអេ ក្នុង​កាល​លោក​កំពុង​សង់​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ មាន​មនុស្ស​មួយ​ចំនួន​តូច គឺ​ប្រាំបី​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។ ទឹក​នោះ​ហើយ​ជា​គំរូ​ពី​ពិធី​ជ្រមុជ ដែល​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សម្អាត​ក្អែល​ចេញ​ពី​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ ដោយ​មន‌សិការ​ល្អ ដោយ​សារ​ការ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ស្ថាន‌សួគ៌ ហើយ​គង់​នៅ​ខាង​ស្តាំ​ព្រះហស្ត​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច និង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។

ចែក​រំលែក
អាន ១ ពេត្រុស 3

១ ពេត្រុស 3:6-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្ដាប់​បង្គាប់​លោក​អប្រាហាំ ទាំង​ហៅ​លោក​ថា «លោក​ម្ចាស់»ផង។ ប្រសិន​បើ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​មិន​ភ័យ​ខ្លាច​អ្វី​ទេ​នោះ បងប្អូន​នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​គាត់។ រីឯ​បងប្អូន​ដែល​ជា​ស្វាមី​ក៏​ដូច្នោះ​ដែរ ម្នាក់ៗ​ត្រូវ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រីៗ​ជា​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន។ ត្រូវ​គោរព​នាង​ទុក​ដូច​ជា​អ្នក​ត្រូវ​រួម​ទទួល​ជីវិត ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស‌ប្រណី​ប្រទាន​មក​បងប្អូន​ជា​មត៌ក ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​រារាំង​ការ​អធិស្ឋាន​របស់​បងប្អូន​ឡើយ។ នៅ​ទី​បញ្ចប់ ត្រូវ​មាន​ចិត្ត​គំនិត​តែ​មួយ និង​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា។ ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​បងប្អូន​បង្កើត មាន​ចិត្ត​អាណិត​មេត្តា និង​សុភាព។ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បងប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ​របស់​ព្រះអង្គ​តាម​ព្រះ‌បន្ទូល​សន្យា ។ «អ្នក​ណា​ស្រឡាញ់​ជីវិត និង​ចង់​បាន​សុភមង្គល អ្នក​នោះ​ត្រូវ​ទប់​មាត់​កុំ​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​ទប់​បបូរ​មាត់ កុំ​ឲ្យ​និយាយ​បោក​បញ្ឆោត។ អ្នក​នោះ​ត្រូវ​ចៀស‌វាង​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ និង​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត ដ្បិត​ព្រះ‌អម្ចាស់​ទត​មើល​មក​មនុស្ស​សុចរិត* ហើយ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​គេ ប៉ុន្តែ ព្រះអង្គ​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត អំពើ​អាក្រក់» ។ ប្រសិន​បើ​បងប្អូន​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ តើ​នរណា​នឹង​ធ្វើ​បាប​បងប្អូន យ៉ាង​ណា‌មិញ បើ​បងប្អូន​រង‌ទុក្ខ​វេទនា ព្រោះ​តែ​សេចក្ដី​សុចរិត* នោះ​បងប្អូន​មាន​សុភមង្គល​ហើយ។ សូម​កុំ​ភ័យ​ខ្លាច​មនុស្ស​លោក​ឡើយ ហើយ​ក៏​មិន​ត្រូវ​តប់‌ប្រមល់​ដែរ តែ​ត្រូវ​ទុក​ឲ្យ​ព្រះ‌គ្រិស្ត*​ជា​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី ក្នុង​ចិត្ត​គំនិត​របស់​បងប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បងប្អូន​នោះ​ជានិច្ច ប៉ុន្តែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់‌ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បងប្អូន ជា​អ្នក​ជឿ​ព្រះ‌គ្រិស្ត* ត្រង់​ចំណុច​ណា​មួយ បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។ សូវ​រង‌ទុក្ខ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​នេះ។ សូម្បី​តែ​ព្រះ‌គ្រិស្ត*​ក៏​ព្រះអង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត*​បាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បងប្អូន​ទៅ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះអង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ នៅ​ពេល​នោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ‌បន្ទូល​ដល់​វិញ្ញាណ‌ក្ខ័ន្ធ ដែល​ជាប់​ឃុំ‌ឃាំង ជា​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អ្នក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់​កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ព្រះអង្គ​អត់‌ធ្មត់​នៅ​សម័យ​លោក​ណូអេ​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយ‌សារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។ នេះ​ជា​និមិត្ត‌រូប​នៃ​ពិធី​ជ្រមុជ​ទឹក*​ដែល​សង្គ្រោះ​បងប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជា‌ម្ចាស់ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បងប្អូន ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជា‌ម្ចាស់ ហើយ​ពួក​ទេវតា* ព្រម​ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះអង្គ​ទាំង​អស់។

ចែក​រំលែក
អាន ១ ពេត្រុស 3

១ ពេត្រុស 3:6-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច​ជា​នាង​សារ៉ា​បាន​ចុះ​ចូល​នឹង​លោក​អ័ប្រា‌ហាំ ព្រម​ទាំង​ហៅ​លោក​ជា​ម្ចាស់​ផង ឯ​អ្នក​រាល់​គ្នា ក៏​បាន​ត្រឡប់​ជា​ពូជ​នាង​នោះ ដោយ​បាន​ប្រព្រឹត្ត​ល្អ ឥត​ភិត‌ភ័យ​នឹង​សេចក្ដី​ស្ញែង​ខ្លាច​ណា​ឡើយ ឯ​ពួក​ប្រុសៗ នោះ​ក៏​ត្រូវ​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី ព្រម​ទាំង​រាប់​អាន​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មរដក​ជា​មួយ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​បង្អាក់ ដល់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​ឡើយ។ ក្រោយ​បង្អស់​នេះ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិត‌អាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន នឹង​មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ទុក​ជា​មរដក ដ្បិត​«អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ដ៏​ល្អ នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ពី​សេចក្ដី​អាក្រក់​ចេញ ហើយ​បបូរ​មាត់​ក៏​ដែរ កុំ​ឲ្យ​ពោល​ពាក្យ​ប្រកប​ដោយ​ឧបាយ‌កល​ឡើយ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រី‌ភាព ពី​ព្រោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ‌កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ តែ​ព្រះ‌ភក្ត្រ ព្រះ‌អម្ចាស់​តែង​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​វិញ»។ បើ​អ្នក​រាល់​គ្នា​ឧស្សាហ៍​នឹង​ប្រព្រឹត្ត​ការ​ល្អ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​ដល់​អ្នក​រាល់​គ្នា តែ​បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្ដី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ពិត មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​ចំពោះ​សេចក្ដី​ស្ញែង​ខ្លាច​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​ថប់​បារម្ភ​ដែរ ចូរ​ឲ្យ​តាំង​ព្រះ‌គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោត‌ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ បាន​អៀន‌ខ្មាស​វិញ ដោយ​ព្រោះ​គេ​និយាយ​បង្កាច់​ពី​កិរិយា​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ក្នុង​ព្រះ‌គ្រីស្ទ ដ្បិត​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ដោយ​ព្រោះ​ការ​ល្អ​ជា​ជាង​ការ​អាក្រក់ ព្រោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ព្រះ‌វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ ហើយ​ដោយ​នូវ​ព្រះ‌វិញ្ញាណ​នោះ​ឯង ទ្រង់​បាន​យាង​ទៅ​ប្រដៅ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ជឿ គឺ​ក្នុង​ខណ​ដែល​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ បាន​រង់‌ចាំ​នៅ​ជំនាន់​លោក​ណូអេ កាល​លោក​កំពុង​តែ​ធ្វើ​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ​មាន​មនុស្ស​តែ​បន្តិច គឺ​៨​នាក់​ប៉ុណ្ណោះ ដែល​បាន​រួច​ដោយ‌សារ​ទឹក ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្ដី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះ‌ថ្លា​ចំពោះ​ព្រះ​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌ គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច នឹង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន ចុះ​ចូល​នឹង​ទ្រង់​ដែរ។

ចែក​រំលែក
អាន ១ ពេត្រុស 3