១ ពេត្រុស 3:6-22

១ ពេត្រុស 3:6-22 គកស១៦

ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្តាប់​បង្គាប់​លោក​អ័ប្រា‌ហាំ ហើយ​ហៅ​លោក​ថា លោក​ម្ចាស់ផង។ អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ពូជ‌ពង្ស​របស់​លោក ប្រសិន‌បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ហើយ​មិន​ត្រូវ​ភ័យ​ខ្លាច​អ្វី​មួយ​ដែល​បំភ័យ​អ្នក​ឡើយ។ រីឯ​ប្ដី​ក៏​ដូច្នោះ​ដែរ ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ហើយត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មត៌ក​រួម​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​រាំងរា​សេចក្តី​អធិស្ឋាន​របស់​អ្នក​ឡើយ។ ជា​ទី​បញ្ចប់ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​មួយ មាន​ចិត្ត​អាណិត‌អាសូរ មាន​ចិត្ត​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព។ កុំ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌ពរ​ជា​មត៌ក។ ដ្បិត «អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ល្អ អ្នក​នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ចេញ​ពី​សេចក្តី​អាក្រក់ ហើយ​ទប់​បបូរ​មាត់ កុំ​និយាយ​ពាក្យ​បោក​បញ្ឆោត។ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ។ ត្រូវ​ឲ្យ​អ្នក​នោះ​ស្វែង​រក​សេចក្ដី​សុខ​សាន្ដ ហើយ​ដេញ​តាម​ចុះ។ ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​សង្វាត​នឹង​ប្រព្រឹត្ត​ការ​ល្អ តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​អ្នក​រាល់​គ្នា? ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្តី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ។ មិន​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេ ក៏​កុំ​ច្រួល​ច្របល់​ឡើយ តែ​ត្រូវ​តាំង​ព្រះ‌គ្រីស្ទ​ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ។ ត្រូវ​ប្រុង​ប្រៀប​ជា‌និច្ច ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។ ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ ដ្បិត​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ម្តង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​យើង​ទៅ​រក​ព្រះ។ ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ ហើយ​ខាង​វិញ្ញាណ​នោះ​ឯង ព្រះ‌អង្គ​បាន​យាង​ទៅ​ប្រកាស​ប្រាប់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ស្តាប់​បង្គាប់ គឺ​ពេល​ដែល​ព្រះ​បាន​រង់​ចាំ​ដោយ​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ នៅ​ជំនាន់​លោក​ណូអេ ក្នុង​កាល​លោក​កំពុង​សង់​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ មាន​មនុស្ស​មួយ​ចំនួន​តូច គឺ​ប្រាំបី​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។ ទឹក​នោះ​ហើយ​ជា​គំរូ​ពី​ពិធី​ជ្រមុជ ដែល​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សម្អាត​ក្អែល​ចេញ​ពី​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ ដោយ​មន‌សិការ​ល្អ ដោយ​សារ​ការ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ស្ថាន‌សួគ៌ ហើយ​គង់​នៅ​ខាង​ស្តាំ​ព្រះហស្ត​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច និង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។

អាន ១ ពេត្រុស 3