១ ពេត្រុស 2:10-25
១ ពេត្រុស 2:10-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពីដើម បងប្អូន មិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះ បងប្អូនជាប្រជារាស្ដ្ររបស់ព្រះអង្គហើយ ពីដើម បងប្អូន ពុំបានទទួលព្រះហឫទ័យមេត្តាករុណាទេ តែឥឡូវនេះ បងប្អូនបានទទួលព្រះហឫទ័យមេត្តាករុណាហើយ ។ បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្ន ក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។ ត្រូវកាន់កិរិយាមារយាទឲ្យថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង។ សូមគោរពចុះចូលអំណាចនានានៅលើផែនដីនេះ ដោយយល់ដល់ព្រះអម្ចាស់ គឺត្រូវគោរពចុះចូលព្រះរាជា ក្នុងឋានៈលោកជាអ្នកមានអំណាចធំជាងគេ ត្រូវគោរពចុះចូលនឹងលោកទេសាភិបាលទាំងឡាយ ក្នុងឋានៈលោកជាតំណាងរបស់ព្រះរាជា ដែលទ្រង់ចាត់ឲ្យមកធ្វើទោសអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្តអំពើល្អ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យបងប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបងប្អូនប្រព្រឹត្តអំពើល្អ ឲ្យសមនឹងឋានៈជាមនុស្សមានសេរីភាព ក៏ប៉ុន្តែ កុំប្រើសេរីភាពនេះ ដើម្បីគ្របបាំងអំពើអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមនឹងឋានៈបងប្អូន ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ ចូរគោរពមនុស្សគ្រប់ៗរូប ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចព្រះជាម្ចាស់ និងគោរពព្រះរាជាផង។ បងប្អូនដែលជាអ្នកបម្រើអើយ! ត្រូវគោរពចុះចូលនឹងម្ចាស់របស់ខ្លួន ដោយគោរពកោតខ្លាចទាំងស្រុង មិនត្រឹមតែគោរពចុះចូលនឹងម្ចាស់ណាដែលល្អ និងមានចិត្តសប្បុរសប៉ុណ្ណោះទេ គឺត្រូវចុះចូលនឹងម្ចាស់ដែលកាចផងដែរ។ បើមានបងប្អូនណាម្នាក់រងទុក្ខលំបាកដោយអយុត្ដិធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់ព្រះជាម្ចាស់ តោងចាត់ទុកថា ព្រះអង្គប្រណីសន្ដោសដល់បងប្អូននោះហើយ។ ប្រសិនបើបងប្អូនស៊ូទ្រាំរងទារុណកម្មមកពីបានប្រព្រឹត្តអំពើអាក្រក់ណាមួយ បងប្អូនគ្មានកិត្តិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបងប្អូនបានប្រព្រឹត្តអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះមកពីព្រះជាម្ចាស់ប្រណីសន្ដោសដល់បងប្អូន ។ ព្រះអង្គត្រាស់ហៅបងប្អូនមក ឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រិស្ត*ក៏បានរងទុក្ខលំបាក សម្រាប់បងប្អូន ទុកជាគំរូឲ្យ បងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ ។ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។ ព្រះគ្រិស្ត*បានផ្ទុកបាប*របស់យើង ក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត*។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់ព្រះអង្គ ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។
១ ពេត្រុស 2:10-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីដើមអ្នករាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះទេ តែឥឡូវនេះ ជាប្រជារាស្រ្តរបស់ព្រះវិញ។ ពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាហើយ។ ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។ ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។ ចូរចុះចូលគ្រប់ទាំងច្បាប់របស់មនុស្ស ដោយយល់ដល់ព្រះអម្ចាស់ ទោះបើត្រូវចុះចំពោះស្តេច ក្នុងឋានៈជាអ្នកធំជាងគេ ឬចំពោះលោកទេសាភិបាល ក្នុងនាមជាអ្នកដែលស្តេចបានចាត់ឲ្យទៅធ្វើទោសអស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយសរសើរអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវ។ ដ្បិតការដែលអ្នករាល់គ្នាបំបាត់ពាក្យសម្ដីចម្កួតរបស់មនុស្សខ្លៅល្ងង់ ដោយសារប្រព្រឹត្តអំពើល្អ នោះជាព្រះហឫទ័យរបស់ព្រះ។ ត្រូវរស់នៅដូចជាមនុស្សមានសេរីភាព តែមិនត្រូវប្រើសេរីភាពរបស់អ្នករាល់គ្នា ដើម្បីបិទបាំងអំពើអាក្រក់ឡើយ ត្រូវរស់នៅដូចជាអ្នកបម្រើរបស់ព្រះវិញ។ ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។ ពួកអ្នកបម្រើអើយ ចូរចុះចូលនឹងចៅហ្វាយរបស់ខ្លួន ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនតែចៅហ្វាយណាដែលល្អ ហើយស្លូតបូតប៉ុណ្ណោះទេ គឺដល់ចៅហ្វាយដែលកាចផងដែរ។ ដ្បិតបើអ្នករាល់គ្នាស៊ូទ្រាំរងទុក្ខលំបាក ហើយឈឺចាប់ដោយអំពើអយុត្តិធម៌ ព្រោះយល់ដល់ព្រះ នោះគួរសរសើរហើយ។ ប្រសិនបើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយដោយព្រោះបានប្រព្រឹត្តអំពើអាក្រក់ នោះតើមានកិត្តិយសអ្វី? តែបើអ្នករាល់គ្នាបានប្រព្រឹត្តត្រឹមត្រូវ ហើយស៊ូទ្រាំដោយព្រោះការនោះវិញ នោះទើបជាការគាប់ព្រះហឫទ័យនៅចំពោះព្រះ។ ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលម្អានរបស់ព្រះអង្គ។ ព្រះអង្គមិនបានធ្វើបាបសោះ ក៏មិនឃើញមានកិច្ចកលនៅក្នុងព្រះឱស្ឋរបស់ព្រះអង្គឡើយ កាលគេបានជេរប្រមាថព្រះអង្គ ព្រះអង្គមិនបានជេរតបវិញទេ ពេលព្រះអង្គរងទុក្ខ ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ គឺបានប្រគល់អង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ។ ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។ ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងអ្នករាល់គ្នាវិញហើយ។
១ ពេត្រុស 2:10-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ ពីដើមមិនបានទទួលសេចក្ដីមេត្តាករុណាទេ តែឥឡូវនេះបានទទួលហើយ។ ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។ ចូរឲ្យចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោក ដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្តេច ទុកជាធំបណ្តាច់ ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសំរាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយនឹងសរសើរដល់ពួកអ្នក ដែលប្រព្រឹត្តល្អវិញ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យបំបាត់ពាក្យសំដីចំកួតរបស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង។ ឱពួកអ្នកបំរើអើយ ចូរចុះចូលចំពោះចៅហ្វាយ ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនត្រឹមតែចៅហ្វាយណាដែលស្លូតបូតល្អប៉ុណ្ណោះ ទោះទាំងចៅហ្វាយដែលកាចក៏ដែរ ដ្បិតបើអ្នកណាត្រូវព្រួយលំបាក ទាំងរងទុក្ខឥតហេតុ ដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះ នោះគួរសរសើរហើយ បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្ដីប្រសើរអ្វី តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មកឯអ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នាវិញហើយ។