១ ពេត្រុស 2:10-25

១ ពេត្រុស 2:10-25 គកស១៦

ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​ទេ តែ​ឥឡូវ​នេះ ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​វិញ។ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ហើយ។ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​អ្នក​ប្រទេស​ក្រៅ និង​ដូច​ជា​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ថា ចូរ​ចៀស​ពី​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ប្រឆាំង​នឹង​ព្រលឹង​នោះ​ចេញ។ ត្រូវ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​នៅ​ក្នុង​ចំណោម​ពួ​ក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា​ដែល​គេ​និយាយ​ដើម​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​គេ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​លើក​តម្កើង​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក។ ចូរ​ចុះ​ចូល​គ្រប់​ទាំង​ច្បាប់​របស់​មនុស្ស ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ទោះបើ​ត្រូវចុះ​ចំពោះ​ស្តេច ក្នុង​ឋានៈ​ជា​អ្នក​ធំ​ជាង​គេ ឬចំ​ពោះលោក​ទេសា‌ភិបាល ក្នុង​នាម​ជា​អ្នក​ដែល​ស្តេច​បាន​ចាត់​ឲ្យ​ទៅធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹម​ត្រូវ។ ដ្បិត​ការ​ដែល​អ្នក​រាល់​គ្នា​បំបាត់​ពាក្យ​សម្ដី​ចម្កួត​របស់​មនុស្ស​ខ្លៅ​ល្ងង់ ដោយ​សារ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ ត្រូវ​រស់​នៅ​ដូច​ជា​មនុស្ស​មាន​សេរី‌ភាព តែ​មិន​ត្រូវ​ប្រើ​សេរី‌ភាព​របស់​អ្នក​រាល់​គ្នា ដើម្បី​បិទ​បាំង​អំពើ​អាក្រក់​ឡើយ ត្រូវ​រស់​នៅ​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ​វិញ។ ចូរ​គោរព​មនុស្ស​គ្រប់​គ្នា ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​កោត​ខ្លាច​ព្រះ ហើយ​គោរព​ស្តេច​ផង។ ពួក​អ្នក​បម្រើ​អើយ ចូរ​ចុះ​ចូល​នឹង​ចៅ‌ហ្វាយ​របស់​ខ្លួន ដោយ​កោត​ខ្លាច​គ្រប់​យ៉ាង មិន​មែន​តែ​ចៅ‌ហ្វាយ​ណា​ដែលល្អ ហើយ​ស្លូត​បូត​ប៉ុណ្ណោះ​ទេ គឺ​ដល់​ចៅ‌ហ្វាយ​ដែល​កាច​ផង​ដែរ។ ដ្បិត​បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំរង​ទុក្ខ​លំបាក ហើយ​ឈឺ​ចាប់​ដោយ​អំពើ​អយុត្តិ​ធម៌ ព្រោះ​យល់​ដល់​ព្រះ នោះ​គួរ​សរសើរ​ហើយ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​ព្រោះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​តើ​មាន​កិត្តិ‌យស​អ្វី? តែ​បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ ហើយ​ស៊ូ​ទ្រាំ​ដោយ​ព្រោះ​ការ​នោះ​វិញ នោះ​ទើប​ជា​ការ​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ។ ដ្បិត​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​សម្រាប់​ការ​នេះ​ឯង ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​សម្រាប់​អ្នក​រាល់​គ្នា​ដែរ ទាំង​ទុក​តម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​តាម​លម្អាន​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​មិន​បាន​ធ្វើ​បាប​សោះ ក៏​មិន​ឃើញ​មាន​កិច្ច‌កល​នៅ​ក្នុង​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ កាល​គេ​បាន​ជេរ​ប្រមាថ​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ជេរ​តប​វិញ​ទេ ពេល​ព្រះ‌អង្គ​រង​ទុក្ខ ព្រះ‌អង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ គឺ​បាន​ប្រគល់​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត​វិញ។ ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។ ដ្បិត​ពី​ដើម​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ​បាន​ត្រឡប់​មក​រក​គង្វាល និង​អ្នក​ថែរក្សា​ព្រលឹង​អ្នក​រាល់​គ្នា​វិញ​ហើយ។

អាន ១ ពេត្រុស 2