១ ពេត្រុស 2:1-10
១ ពេត្រុស 2:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។ ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ ប្រសិនបើអ្នករាល់គ្នាពិតជាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន ។ ចូរអ្នករាល់គ្នាចូលមករកព្រះអង្គ ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោល តែព្រះបានជ្រើសរើស ហើយរាប់ជាមានតម្លៃវិសេសវិញ អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដ្បិតមានចែងទុកក្នុងគម្ពីរថា៖ «មើល៍! យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មជ្រុងដែលបានជ្រើសរើស ហើយមានតម្លៃវិសេស អ្នកណាដែលជឿដល់ព្រះអង្គ នោះនឹងមិនត្រូវខ្មាសឡើយ» ។ ដូច្នេះ ដែលព្រះអង្គមានតម្លៃវិសេស នោះគឺសម្រាប់អ្នករាល់គ្នាដែលជឿ តែសម្រាប់ពួកអ្នកមិនជឿវិញ នោះ «ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» ហើយ «ជាថ្មជំពប់ និងជាថ្មដាដែលនាំឲ្យរវាតចិត្ត» ។ គេជំពប់ដួល ព្រោះគេមិនធ្វើតាមព្រះបន្ទូល ដូចដែលព្រះបានតម្រូវទុក។ ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។ ពីដើមអ្នករាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះទេ តែឥឡូវនេះ ជាប្រជារាស្រ្តរបស់ព្រះវិញ។ ពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាហើយ។
១ ពេត្រុស 2:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ចូរបងប្អូនលះបង់ការអាក្រក់គ្រប់យ៉ាង លះបង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ! ចូរប្រាថ្នាចង់បានព្រះបន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីឲ្យបងប្អូនបានចម្រើនឡើងតាមរយៈព្រះបន្ទូលនេះ និងទទួលការសង្គ្រោះ បើបងប្អូនពិតជា បានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែននោះ! សូមបងប្អូនចូលមកជិតព្រះគ្រិស្ត ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក ព្រោះព្រះអង្គឈ្វេងយល់ថាមានតម្លៃវិសេស។ រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត* ដ្បិតក្នុងគម្ពីរមានចែងថា៖ «យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់ ហើយមានតម្លៃ យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។ អ្នកណាជឿលើថ្មនោះ អ្នកនោះមុខជាមិនត្រូវខកចិត្តឡើយ» ។ ថ្មនេះមានតម្លៃវិសេសសម្រាប់បងប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ «ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ» ។ អ្នកទាំងនោះជំពប់ដួល ដូចព្រះជាម្ចាស់បានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿព្រះបន្ទូល រីឯបងប្អូនវិញ បងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។ ពីដើម បងប្អូន មិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះ បងប្អូនជាប្រជារាស្ដ្ររបស់ព្រះអង្គហើយ ពីដើម បងប្អូន ពុំបានទទួលព្រះហឫទ័យមេត្តាករុណាទេ តែឥឡូវនេះ បងប្អូនបានទទួលព្រះហឫទ័យមេត្តាករុណាហើយ ។
១ ពេត្រុស 2:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំងសេចក្ដីគំរក់ នឹងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយដើមគេទាំងអស់ចេញ នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្គ្រោះ គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ ពីព្រោះមានសេចក្ដីចែងទុកមកក្នុងគម្ពីរថា «មើល អញដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ តែដល់ពួកអ្នកមិនជឿវិញ នោះ«ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» «ជាថ្មជំពប់ ហើយជាថ្មដាដែលនាំឲ្យរវាតចិត្ត» គេជំពប់នឹងព្រះបន្ទូលដោយព្រោះតែមិនជឿ ហើយគេក៏ត្រូវដំរូវទុកសំរាប់ការនោះឯង តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ ពីដើមមិនបានទទួលសេចក្ដីមេត្តាករុណាទេ តែឥឡូវនេះបានទទួលហើយ។