១ ពេត្រុស 2:1-10

១ ពេត្រុស 2:1-10 គកស១៦

ដូច្នេះ ចូរ​លះ​បង់​អស់​ទាំង​ការ​អាក្រក់ កិច្ច‌កល ពុត​ត្បុត ចិត្ត​ច្រណែន និង​ពាក្យ​និយាយ​ដើម​គេ​ទាំង​ប៉ុន្មាន​ចេញ​ទៅ។ ត្រូវ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ​ខាង​វិញ្ញាណ​វិញ ដូច​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​ឡើង​ដល់​ការ​សង្គ្រោះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះ‌អម្ចាស់​ទ្រង់​ល្អ​មែន ។ ចូរ​អ្នក​រាល់​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះ‌បង់​ចោល តែ​ព្រះ​បាន​ជ្រើស​រើស ហើយ​រាប់​ជា​មាន​តម្លៃ​វិសេស​វិញ អ្នក​រាល់​គ្នា​ត្រូវ​បាន​សង់​ឡើង​ជា​ផ្ទះ​ខាង​វិញ្ញាណ ដូច​ជា​ថ្ម​រស់ ឲ្យ​បាន​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ​បូជា​ខាង​វិញ្ញាណ ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «មើល៍! យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ជ្រុង​ដែល​បាន​ជ្រើស​រើស ហើយ​មាន​តម្លៃ​វិសេស អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌អង្គ នោះ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ» ។ ដូច្នេះ ដែល​ព្រះ‌អង្គ​មាន​តម្លៃ​វិសេស នោះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ជឿ តែ​សម្រាប់​ពួក​អ្នក​មិន​ជឿ​វិញ នោះ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» ហើយ «ជា​ថ្ម​ជំពប់ និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» ។ គេ​ជំពប់​ដួល ព្រោះ​គេ​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល ដូច​ដែល​ព្រះ​បាន​តម្រូវ​ទុក។ ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​ទេ តែ​ឥឡូវ​នេះ ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​វិញ។ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ហើយ។

អាន ១ ពេត្រុស 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 2:1-10