១ ពង្សាវតារក្សត្រ 8:23-26

១ ពង្សាវតារក្សត្រ 8:23-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ ទោះ​នៅ​ផ្ទៃ​មេឃ​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម​ក្តី ព្រះ‌អង្គ​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ខំ​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ​អស់​ពី​ចិត្ត។ ព្រះ‌អង្គ​បាន​រក្សា​សេចក្ដី​សន្យា​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ អ្នក​បម្រើ​របស់​ព្រះ‌អង្គ ជា​បិតា​ទូល‌បង្គំ គឺ​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឧស្ឋ ហើយ​ថ្ងៃ​នេះ​បាន​សម្រេច​ដោយ‌សារ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ព្រះ‌អង្គ​រក្សា​សេចក្ដី​នេះ​ទៀត ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​អ្នក​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​របស់​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​យើង​ឡើយ ឲ្យ​តែ​កូន​ចៅ​អ្នក​បាន​ប្រុង‌ប្រយ័ត្ន​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​យើង ដូច​ជា​អ្នក​បាន​ដើរ​នោះ​ដែរ"។ ដូច្នេះ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​បញ្ជាក់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ទូល‌បង្គំ គឺ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ចុះ។

១ ពង្សាវតារក្សត្រ 8:23-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​មួយ​ដូច​ព្រះអង្គ​ឡើយ។ ព្រះអង្គ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​ដើរ​តាម​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ព្រះអង្គ​ប្រោស‌ប្រណី​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ ថ្ងៃ​នេះ ព្រះអង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា ដោយ‌សារ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល​នៅ​ចំពោះ​មុខ​យើង​ជានិច្ច។ បពិត្រ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​បម្រើ​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ!

១ ពង្សាវតារក្សត្រ 8:23-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​ផ្ទៃ​មេឃ​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម​ក្តី ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស​ដល់​ពួក​បាវ​បំរើ​ទ្រង់ ដែល​ខំ​ដើរ​នៅ​ចំពោះ​ទ្រង់​អស់​ពី​ចិត្ត ទ្រង់​បាន​កាន់​តាម​សេចក្ដី​សន្យា ដែល​ទ្រង់​មាន​បន្ទូល​នឹង​ដាវីឌ អ្នក​បំរើ​ទ្រង់ ជា​បិតា​ទូលបង្គំ គឺ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​ព្រះ‌ឱស្ឋ ហើយ​បាន​សំរេច​តាម ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​រក្សា​សេចក្ដី​នេះ​ទៀត ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូលបង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ របស់​សាសន៍​អ៊ីស្រាអែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​បាន​ប្រុង‌ប្រយ័ត​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​អញ ដូច​ជា​ឯង​បាន​ដើរ​នោះ​ដែរ ដូច្នេះ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ឥឡូវ​នេះ សូម​ទ្រង់​បញ្ជាក់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​បិតា​ទូលបង្គំ គឺ​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់​ចុះ