១ ពង្សាវតារក្សត្រ 19:15-21

១ ពង្សាវតារក្សត្រ 19:15-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​ទៅ​ដល់​ហើយ ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ។ បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង។ ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល យេហ៊ូវ​នឹង​សម្លាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហូវ៉ា អេលី‌សេ​នឹង​សម្លាប់​ចោល។ ប៉ុន្តែ យើង​នឹង​ទុក​ឲ្យ​មាន​មនុស្ស​ប្រាំពីរ​ពាន់​នាក់​នៅ​សល់​ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប​នៅ​ចំពោះ​ព្រះ‌បាល ឬ​ថើប​វា​ឡើយ»។ ដូច្នេះ លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​រក​អេលី‌សេ ជា​កូន​សាផាត ឃើញ​កំពុង​តែ​ភ្ជួរ មាន​គោ​ដប់ពីរ​នឹម​ភ្ជួរ​នៅ​ខាង​មុខ​គាត់ គឺ​គាត់​ដែល​ភ្ជួរ​ដោយ​នឹម​ក្រោយ​បង្អស់ នៅ​ខណៈ​នោះ លោក​អេលីយ៉ា​ក៏​ដើរ​តម្រង់​ទៅ​រក​គាត់ ហើយ​បោះ​ក្រមា​ទៅ​លើ​គាត់។ គាត់​ក៏​ទុក​គោ​ចោល រត់​ទៅ​តាម​លោក​អេលីយ៉ា ដោយ​ពោល​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​មក​តាម​លោក»។ លោក​អេលីយ៉ា​មាន​ប្រសាស​ទៅ​គាត់​ថា៖ «ចូរ​ទៅ​វិញ​ទៅ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់អ្នក?» ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​វិញ យក​គោ​មួយ​នឹម​ទៅ​សម្លាប់ ហើយ​យក​នឹម​ធ្វើ​ឱស​ដុត​ស្ងោរ​គោ ចែក​គ្នា​បរិ‌ភោគ ហើយ​គាត់​ក្រោក​ឡើង​ទៅ​តាម​លោក​អេលីយ៉ា ដើម្បី​បម្រើ​លោក។

១ ពង្សាវតារក្សត្រ 19:15-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ឆ្ពោះ​ទៅ​កាន់​ក្រុង​ដាម៉ាស​ចុះ! កាល​ទៅ​ដល់​ហើយ ត្រូវ​ចាក់​ប្រេង​អភិសេក​ហាសែល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី។ បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​អភិសេក​យេហ៊ូវ ជា​កូន​របស់​នឹម​ស៊ី ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ចាក់​ប្រេង​តែង‌តាំង​អេលីសេ ជា​កូន​របស់​សាផាត នៅ​អេបិល-មហូ‌ឡា ឲ្យ​ធ្វើ​ជា​ព្យាការី​ជំនួស​អ្នក។ ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសែល នឹង​ត្រូវ​យេហ៊ូវ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូវ នឹង​ត្រូវ​អេលីសេ​សម្លាប់។ ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។ លោក​អេលីយ៉ា​ចាក​ចេញ​ពី​ទី​នោះ​ទៅ ជួប​នឹង​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់‌ពីរ​នាក់ លោក​អេលីសេ​ភ្ជួរ​ក្រោយ​គេ​បង្អស់។ លោក​អេលីយ៉ា​ចូល​ទៅ​ជិត​គាត់ រួច​ដោះ​អាវ​ធំ​របស់​លោក​បោះ​ទៅ​លើ​គាត់។ លោក​អេលីសេ​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​លោក​អេលីយ៉ា​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្របាទ​សិន រួច​ខ្ញុំ​ប្របាទ​នឹង​ទៅ​តាម​លោក»។ លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។ លោក​អេលីសេ​ចាក​ចេញ​ពី​លោក​អេលីយ៉ា ត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​យញ្ញ‌បូជា យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចម្អិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​លោក​អេលីយ៉ា ហើយ​នៅ​បម្រើ​លោក។

១ ពង្សាវតារក្សត្រ 19:15-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​បាន​ដល់​ហើយ នោះ​ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ ហើយ​ត្រូវ​ចាក់​ប្រេង តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា នោះ​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល នោះ​យេហ៊ូវ​នឹង​សំឡាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហ៊ូវ នោះ​អេលី‌សេ​នឹង​សំឡាប់​បង់ ប៉ុន្តែ អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧​ពាន់​នាក់​សល់​នៅ ក្នុង​ពួក​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប នៅ​ចំពោះ​ព្រះ‌បាល ឬ​ថើប​វា​ឡើយ។ ដូច្នេះ លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​រក​អេលី‌សេ ជា​កូន​សាផាត ឃើញ​កំពុង​តែ​ភ្ជួរ មាន​គោ​១២​នឹម​ភ្ជួរ​នៅ​ខាង​មុខ​គាត់ គឺ​គាត់​ដែល​ភ្ជួរ​ដោយ​នឹម​ក្រោយ​បង្អស់ នៅ​ខណ​នោះ អេលីយ៉ា​ក៏​ដើរ​ដំរង់​ទៅ​ឯ​គាត់ ហើយ​បោះ​ក្រមា​ខ្លួន​ទៅ​លើ គាត់​ក៏​លះ‌បង់​គោ​ចោល រត់​ទៅ​តាម​អេលីយ៉ា ដោយ​ពាក្យ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​មក​តាម​លោក តែ​អេលីយ៉ា​ឆ្លើយ​តប​ថា ចូរ​ទៅ​វិញ​ទៅ តើ​អញ​បាន​ធ្វើ​អ្វី​ដល់​ឯង ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​វិញ យក​គោ​១​នឹម​សំឡាប់​ទៅ ហើយ​ស្ងោរ​ដោយ​គ្រឿង​ប្រដាប់​ទឹម​គោ រួច​ចែក​គ្នា​បរិភោគ​ទៅ រួច​ហើយ​គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ដើម្បី​បំរើ​លោក។