១ ពង្សាវតារក្សត្រ 18:41-45

១ ពង្សាវតារក្សត្រ 18:41-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​មក លោក​អេលីយ៉ា​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ‌ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ»។ ដូច្នេះ អ័ហាប់​ក៏​ឡើង​ទៅ​សោយ ឯ​លោក​អេលីយ៉ា លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ក្រាប​ចុះ​ដល់​ដី ដាក់​មុខ​នៅ​កណ្ដាល​ក្បាល​ជង្គង់ រួច​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ឡើង​ទៅ​មើល​ខាង​សមុទ្រ​ឥឡូវ» អ្នក​បម្រើ​ក៏​ឡើង​ទៅ​មើល រួច​ជម្រាប​ថា៖ «គ្មាន​អ្វី​ឡើយ» លោក​ប្រាប់​ថា៖ «ចូរ​ទៅ​គ្រប់​ប្រាំពីរ​ដង»។ លុះ​ដល់​ប្រាំពីរ​ដង​ហើយ ក៏​ជម្រាប​ថា៖ «ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក» លោក​បង្គាប់​ថា៖ «ចូរ​ទៅ​ទូល​ព្រះបាទ​អ័ហាប់​ថា "សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយ‌សារ​ភ្លៀង"»។ បន្តិច​ក្រោយ​មក មេឃ​ត្រឡប់​ជា​ខ្មៅ ដោយ​ពពក និង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង ព្រះបាទ​អ័ហាប់​ជិះ​រទេះ​ទៅ​យេស‌រាល

១ ពង្សាវតារក្សត្រ 18:41-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលីយ៉ា​ទូល​ព្រះ‌បាទ​អហាប់​ថា៖ «សូម​ព្រះ‌ករុណា​យាង​សោយ​ព្រះ‌ស្ងោយ ដ្បិត​ទូលបង្គំ​ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។ ព្រះ‌បាទ​អហាប់​ក៏​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ។ រីឯ​លោក​អេលីយ៉ា​វិញ លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ដោយ​ឱន​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ។ លោក​ប្រាប់​អ្នក​បម្រើ​របស់​លោក​ថា៖ «ចូរ​ឡើង​ទៅ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​សមុទ្រ!»។ អ្នក​បម្រើ​នោះ​ក៏​ឡើង​ទៅ ហើយ​សម្លឹង​មើល រួច​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​ឃើញ​អ្វី​ទេ!»។ លោក​អេលីយ៉ា​ប្រាប់​អ្នក​បម្រើ​ឲ្យ​ឡើង​ទៅ​មើល​ដូច្នេះ ចំនួន​ប្រាំ‌ពីរ​ដង។ នៅ​លើក​ទី​ប្រាំ‌ពីរ អ្នក​បម្រើ​ជម្រាប​លោក​អេលីយ៉ា​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌បាទ​អហាប់​ឲ្យ​ទឹម​រាជ‌រថ ហើយ​យាង​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​ទាន់»។ ពេល​នោះ មាន​ពពក​កាន់​តែ​ខ្លាំង​ក្រាស់ៗ ហើយ​ខ្យល់​ក៏​បក់​មក រួច​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង​ដែរ។ ព្រះ‌បាទ​អហាប់​យាង​ឡើង​រាជ‌រថ ចូល​ទៅ​ក្រុង​យេស‌រាល។

១ ពង្សាវតារក្សត្រ 18:41-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក​អេលីយ៉ា​ទូល​ដល់​អ័ហាប់​ថា សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ‌ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ ដូច្នេះ អ័ហាប់​ក៏​ឡើង​ទៅ​សោយ ឯ​អេលីយ៉ា លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល​វិញ ក៏​ក្រាប​ខ្លួន​ចុះ​ដល់​ដី ដាក់​មុខ​នៅ​កណ្តាល​ក្បាល​ជង្គង់ រួច​ប្រាប់​អ្នក​បំរើ​ថា ចូរ​ឡើង​ទៅ​មើល​ខាង​សមុទ្រ​ឥឡូវ អ្នក​បំរើ​ក៏​ឡើង​ទៅ​មើល រួច​ជំរាប​ថា គ្មាន​អ្វី​ឡើយ លោក​ប្រាប់​ថា ចូរ​ទៅ​ឲ្យ​អស់​វារៈ​៧​ដង​ទៀត លុះ​ដល់​គំរប់​៧​ដង នោះ​ក៏​ជំរាប​ថា ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក នោះ​លោក​បង្គាប់​ថា ចូរ​ឡើង​ទៅ​ទូល​អ័ហាប់​ថា សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ​ចុះ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយ‌សារ​ភ្លៀង បន្ទាប់​នោះ​បន្តិច​មក មេឃ​ត្រឡប់​ជា​ខ្មៅ ដោយ​ពពកនឹង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង ឯ​អ័ហាប់​ទ្រង់​ជិះ​រទេះ​ទៅ​ឯ​យេស‌រាល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ