១ ពង្សាវតារក្សត្រ 17:7-24

១ ពង្សាវតារក្សត្រ 17:7-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្តិច​ក្រោយ​មក ទឹក​ជ្រោះ​ក៏​រីង ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​ទេ។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា​ថា៖ «ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​សា‌រិប‌តា ជា​ក្រុង​របស់​ជន‌ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ យើង​នឹង​បង្គាប់​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​ផ្គត់‌ផ្គង់​អ្នក»។ លោក​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សា‌រិប‌តា។ លុះ​ដល់​មាត់​ទ្វារ​ក្រុង លោក​ឃើញ​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​កំពុង​តែ​រើស​អុស។ លោក​ហៅ​ស្ត្រី​នោះ​មក ហើយ​និយាយ​ទៅ​កាន់​នាង​ថា៖ «សូម​ទៅ​យក​ទឹក​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច!»។ នាង​ក៏​ទៅ​យក​ទឹក ប៉ុន្តែ លោក​ស្រែក​ប្រាប់​នាង​ទៀត​ថា៖ «សូម​យក​នំបុ័ង​ឲ្យ​ខ្ញុំ​មួយ​ដុំ​ផង!»។ នាង​តប​ថា៖ «នាង​ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​របស់​លោក​ថា នាង​ខ្ញុំ​គ្មាន​នំបុ័ង​ទេ នាង​ខ្ញុំ​នៅ​សល់​តែ​ម្សៅ​មួយ​ក្ដាប់​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ដប​ប៉ុណ្ណោះ។ នាង​ខ្ញុំ​កំពុង​តែ​រើស​អុស​ពីរ​អង្កត់​នេះ​យក​ទៅ​ដុត​នំបុ័ង សម្រាប់​នាង​ខ្ញុំ និង​កូន ទទួល​ទាន។ ពេល​ទទួល​ទាន​រួច​ហើយ យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ម្ដាយ​កូន​នឹង​ស្លាប់​ទាំង​អស់​គ្នា»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! សូម​ចូល​ទៅ​ធ្វើ​តាម​ពាក្យ​នាង​ចុះ! តែ​សូម​ដុត​នំបុ័ង​មួយ​ដុំ​តូច​យក​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ដុត​សម្រាប់​នាង និង​កូន​របស់​នាង ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា ម្សៅ​ក្នុង​ខាប់​នឹង​មិន​ចេះ​អស់​ទេ ហើយ​ប្រេង​នៅ​ក្នុង​ដប​ក៏​មិន​ចេះ​អស់​ដែរ រហូត​ដល់​ថ្ងៃ​ព្រះ‌អម្ចាស់​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។ នាង​ក៏​ចេញ​ទៅ​ធ្វើ​តាម​ពាក្យ​ដែល​លោក​អេលីយ៉ា​បាន​ប្រាប់។ ពួក​គេ​មាន​អាហារ​បរិភោគ​ជា​យូរ​ថ្ងៃ ទាំង​នាង​ទាំង​កូន​នាង និង​លោក​អេលីយ៉ា គឺ​ម្សៅ​មិន​ចេះ​រលស់​ពី​ខាប់ ប្រេង​ក៏​មិន​ចេះ​រលស់​ពី​ដប ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​អេលីយ៉ា។ ក្រោយ​ហេតុ‌ការណ៍​នោះ​មក កូន​ប្រុស​របស់​ស្ត្រី​មេ‌ម៉ាយ ជា​ម្ចាស់​ផ្ទះ ធ្លាក់​ខ្លួន​ឈឺ ហើយ​ជំងឺ​កាន់​តែ​ធ្ងន់​ទៅៗ​រហូត​ដល់​ផុត​ដង្ហើម។ ស្ត្រី​ជា​ម្ដាយ​ពោល​ទៅ​កាន់​លោក​អេលីយ៉ា​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំឭក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។ លោក​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «សូម​ប្រគល់​កូន​នាង​មក​ឲ្យ​ខ្ញុំ»។ លោក​ទទួល​យក​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​បន្ទប់​ដែល​លោក​ស្នាក់​នៅ រួច​ផ្ដេក​វា​លើ​គ្រែ​របស់​លោក។ បន្ទាប់​មក លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ! ស្ត្រី​មេម៉ាយ​នេះ​បាន​ទទួល​ទូលបង្គំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​នាង តើ​ព្រះអង្គ​ពិត​ជា​ចង់​ឲ្យ​នាង​កើត​ទុក្ខ​ព្រួយ​ឬ បាន​ជា​បណ្តោយ​ឲ្យ​កូន​របស់​នាង​ស្លាប់​ដូច្នេះ?»។ លោក​ទ្រោប​លើ​ក្មេង​នោះ​បី​ដង ទាំង​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ! សូម​ប្រោស​ប្រទាន​ឲ្យ​ក្មេង​នេះ​មាន​ដង្ហើម​ឡើង​វិញ​ផង!»។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក​អេលីយ៉ា។ ក្មេង​នោះ​ក៏​មាន​ដង្ហើម​ឡើង​វិញ ហើយ​ដឹង​ខ្លួន។ លោក​អេលីយ៉ា​បី​ក្មេង​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ មក​ប្រគល់​ឲ្យ​ម្ដាយ​វិញ ទាំង​ពោល​ថា៖ «មើល៍! កូន​របស់​នាង​មាន​ជីវិត​ហើយ»។ ស្ត្រី​នោះ​ពោល​ទៅ​កាន់​លោក​អេលីយ៉ា​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន ហើយ​សេចក្ដី​ដែល​លោក​ថ្លែង​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

១ ពង្សាវតារក្សត្រ 17:7-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​កន្លង​យូរ​បន្តិច​មក ទឹក​ជ្រោះ​ក៏​រីង​ទៅ ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​សោះ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​លោក​ថា៖ «ចូរ​ទៅ​ឯ​សា‌រិប‌តា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ យើង​បាន​បង្គាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ​ឲ្យ​ចិញ្ចឹម​ឯង»។ ដូច្នេះ លោក​ក៏​ទៅ​ក្រុង​សា‌រិប‌តា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង ឃើញ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់ឧស លោក​ក៏​ហៅ​នាង​ថា៖ «សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច​មក»។ កាល​នាង​កំពុង​តែ​ទៅ​យក​ទឹក នោះ​លោក​ស្រែក​ផ្តាំ​ថា៖ «សូម​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង»។ ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​មួយ​ដុំ​ឡើយ មាន​តែ​ម្សៅ​មួយ​ក្តាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​បន្តួច​នៅ​ដប​ប៉ុណ្ណោះ មើល​នែ៎ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឧស​ពីរ​នេះ ដើម្បី​ចូល​ទៅ​ចម្អិន​សម្រាប់​ខ្ញុំ និង​កូន យើង​នឹង​បរិ‌ភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ»។ ប៉ុន្តែ លោក​អេលីយ៉ា​ប្រាប់​នាង​ថា៖ «កុំ​ខ្លាច​ឡើយ សូម​ទៅ​ធ្វើ​ដូច​ជា​អ្នក​បាន​ថា​ចុះ តែ​សូម​ធ្វើ​នំ​មួយ​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ធ្វើ​សម្រាប់​អ្នក និង​កូន​អ្នក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុត​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ដែល​រលោះ​ឡើយ ដរាប​ដល់​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី"»។ ដូច្នេះ នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​លោក​អេលីយ៉ា រួច​ទាំង​នាង និង​លោក ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិ‌ភោគ​មក​ជា​យូរ​ថ្ងៃ។ ឯ​ម្សៅ​ក្នុង​ខាប់​នោះ មិន​ដែល​អស់ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ចេះ​រលោះ​ឡើយ ដូច​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​អេលីយ៉ា។ ក្រោយ​មក មានថ្ងៃ​មួយ កូន​របស់​នាង​ម្ចាស់​ផ្ទះ​នោះ​មាន​ជំងឺ ជំងឺ​នោះ​ធ្ងន់​ណាស់ រហូត​គ្មាន​ដង្ហើម​ក្នុង​ខ្លួន។ ដូច្នេះ នាង​និយាយ​ទៅ​លោក​អេលីយ៉ា​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ តើ​ខ្ញុំ​នឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សម្លាប់​កូន​ខ្ញុំ​ឬ?» តែ​លោក​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ» រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​ស្នាក់​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​នាំ​សេចក្ដី​អាក្រក់​មក​លើ​ស្ត្រី​មេម៉ាយ​នេះ ដែល​ទូល‌បង្គំ​អាស្រ័យ​នៅ​ជា‌មួយ ដោយ​សម្លាប់​កូន​នាង​ដែរ​ឬ?» លោក​ក៏​ទ្រោប​លើកូន​នោះ​បី​ដង ទាំង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ»។ ព្រះ‌យេហូវ៉ា​ស្តាប់​តាម​លោក​អេលីយ៉ា ហើយ​ព្រលឹង​របស់​កូន​នោះ​ក៏​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា ឲ្យ​រស់​ឡើង​វិញ លោក​អេលីយ៉ា​ក៏​បី​កូន​នោះ​ចុះ​ពី​បន្ទប់​មក ចូល​ទៅ​ក្នុង​ផ្ទះ​ប្រគល់​ដល់​ម្តាយ​វិញ ដោយ​ពោល​ថា៖ «មើល៍ កូន​អ្នក​មាន​ជីវិត​រស់​វិញ​ហើយ»។ នាង​និយាយ​ឡើង​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​អ្នក​សំណព្វ​របស់​ព្រះ ហើយលោក​ក៏​ថ្លែង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពិត​ប្រាកដ​មែន»។

១ ពង្សាវតារក្សត្រ 17:7-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​កន្លង​យូរ​បន្តិច​មក ទឹក​ជ្រោះ​ក៏​រីង​ទៅ ពី​ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​សោះ។ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​បង្គាប់​លោក​ថា ចូរ​ក្រោក​ឡើង ទៅ​ឯ​សារិបតា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន អាស្រ័យ​នៅ​ទី​នោះ​វិញ​ចុះ អញ​បាន​បង្គាប់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ ឲ្យ​ចិញ្ចឹម​ឯង ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​សារិបតា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង​ហើយ នោះ​ឃើញ​មាន​ស្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់​ឈើ លោក​ក៏​ហៅ​នាង​ថា សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច កាល​នាង​កំពុង​តែ​ទៅ​យក​ទឹក នោះ​លោក​ស្រែក​ផ្តាំ​ថា សូម​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង តែ​នាង​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​១​ដុំ​ឡើយ មាន​តែ​ម្សៅ​១​ក្តាប់​នៅ​ក្នុង​ខាប់ នឹង​ប្រេង​បន្តិច‌បន្តួច​នៅ​ដប​ប៉ុណ្ណោះ មើល​នែ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឈើ​២​នេះ ដើម្បី​ចូល​ទៅ​ចំអិន​សំរាប់​ខ្ញុំនឹង​កូន យើង​នឹង​បរិភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ តែ​អេលីយ៉ា​ប្រាប់​នាង​ថា កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ទៅ​ធ្វើ​ដូច​ជា​អ្នក​បាន​ថា​ចុះ តែ​សូម​ធ្វើ​នំ​១​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ធ្វើ​សំរាប់​អ្នក នឹង​កូន​អ្នក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុត​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ដែល​រលោះ​ឡើយ ដរាប​ដល់​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី ដូច្នេះ នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា រួច​ទាំង​នាង នឹង​លោក ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិភោគ ត​មក​ជា​យូរ​ថ្ងៃ ឯ​ម្សៅ​ក្នុង​ខាប់​នោះ មិន​ដែល​អស់​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ចេះ​រលោះ​ឡើយ ដូច​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​អេលីយ៉ា។ ក្រោយ​នោះ​មក មាន​កាល​១​ថ្ងៃ កូន​របស់​នាង​ម្ចាស់​ផ្ទះ​នោះ​ចាប់​ជំងឺ​ឈឺ ជំងឺ​នោះ​មាន​ទំងន់​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​ដង្ហើម​ក្នុង​ខ្លួន​ទៀត​ឡើយ ដូច្នេះ នាង​និយាយ​ទៅ​អេលីយ៉ា​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំនឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំឡាប់​កូន​ខ្ញុំ​ឬ តែ​លោក​ឆ្លើយ​តប​ថា សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ​ចុះ រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​អាស្រ័យ​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​បាន​នាំ​សេចក្ដី​អាក្រក់​មក​លើ​ស្រី​មេម៉ាយ​នេះ ដែល​ទូលបង្គំ​អាស្រ័យ​នៅ​ជា​មួយ ដោយ​សំឡាប់​កូន​នាង​ដែរ​ឬ លោក​ក៏​ទ្រោប​លើ​កូន​នោះ​៣​ដង ទាំង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាប់​តាម​អេលីយ៉ា ហើយ​ព្រលឹង​របស់​កូន​នោះ ក៏​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា ឲ្យ​រស់​ឡើង​វិញ នោះ​អេលីយ៉ា​ក៏​បី​កូន​នោះ​ចុះ​ពី​បន្ទប់​មក ចូល​ទៅ​ក្នុង​ផ្ទះ​ប្រគល់​ដល់​ម្តាយ​វិញ ដោយ​ពាក្យ​ថា មើល កូន​អ្នក​មាន​ជីវិត​រស់ នាង​និយាយ​ឡើង​ថា ឥឡូវ​នេះខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត ហើយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​នៅ​មាត់​លោក នោះ​ជា​សេចក្តី​ពិត​មែន។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ