១ ពង្សាវតារក្សត្រ 16:29-33

១ ពង្សាវតារក្សត្រ 16:29-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ឆ្នាំ​ទី​សាម​សិប​ប្រាំ​បី ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី​បាន​ម្ភៃពីរ​ឆ្នាំ អ័ហាប់​ជា​បុត្រ​អំរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត។ មិនត្រឹម​តែ​ទ្រង់​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន​មក​ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ​បង្គំ​ដល់​ព្រះ‌បាល​ថែម​ទៀត​ផង។ ទ្រង់​ស្អាង​អាស‌នា​មួយ​ថ្វាយ​ព្រះ‌បាល នៅ​ក្នុង​វិហារ​ព្រះ‌បាល​ដែល​ទ្រង់​បាន​ស្អាង​នៅ​ក្រុង​សាម៉ារី ព្រះបាទ​អ័ហាប់​ក៏​ធ្វើ​បង្គោល​សក្ការៈ​មួយ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​ស្តេច​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត ជា​ការ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​ក្រោធ។

១ ពង្សាវតារក្សត្រ 16:29-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ លើស​ស្ដេច​មុនៗ​ទៅ​ទៀត។ ស្ដេច​មិន​គ្រាន់​តែ​ប្រព្រឹត្ត​អំពើ​បាប ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​យេសិ‌បិល ជា​បុត្រី​របស់​ព្រះ‌បាទ​អេត‌បាល ជា​ស្ដេច​ស្រុក​ស៊ីដូន ហើយ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​បាល​ថែម​ទៀត​ផង។ ស្ដេច​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ​បាល ក្នុង​វិហារ​របស់​ព្រះ​បាល​ដែល​ស្ដេច​បាន​សង់​នៅ​ក្រុង​សាម៉ារី។ ព្រះ‌បាទ​អហាប់​ក៏​បាន​សង់​បង្គោល​ព្រះ​អាសេ‌រ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​ពី​ស្ដេច​អ៊ីស្រា‌អែល​មុនៗ បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ។

១ ពង្សាវតារក្សត្រ 16:29-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី​បាន​២២​ឆ្នាំ អ័ហាប់ ជា​បុត្រ​អំរី ទ្រង់​ប្រព្រឹត្ត​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត ទ្រង់​ក៏​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ផង ទុក​ដូច​ជា​ការ ដែល​ទ្រង់​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​នោះ ជា​ការ​យ៉ាង​ស្រាល​វិញ ទ្រង់​ក៏​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌បាល នៅ​ក្នុង​វិហារ​ព្រះ‌បាល​ដែល​ទ្រង់​បាន​ស្អាង​នៅ​ក្រុង​សាម៉ារី អ័ហាប់​ទ្រង់​ធ្វើ​រូប​ព្រះ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​ស្តេច​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត ជា​ការ​ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល​មាន​សេចក្ដី​ក្រោធ