១ ពង្សាវតារក្សត្រ 13:1-10

១ ពង្សាវតារក្សត្រ 13:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខណៈ​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ព្រះបាទ​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​នៅ​មុខ​អាស‌នា ដើម្បី​ដុត​កំញាន អ្នក​នោះ​ស្រែក​ឡើង ទាស់​នឹង​អាស‌នា​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​អាស‌នា អាសនា​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "មើល៍ នឹង​មាន​បុត្រា​មួយ​កើត​មក​ក្នុង​ព្រះ​វង្ស​របស់​ដាវីឌ ព្រះ‌នាម​យ៉ូសៀស ទ្រង់​នឹង​ថ្វាយ​ពួក​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ ដែល​ដុត​កំញាន​នៅ​លើ​ឯង ទុក​ជា​យញ្ញ‌បូជា​នៅ​លើ​ឯង ព្រម​ទាំង​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ឯង​ដែរ"» អ្នក​នោះ​ក៏​ប្រាប់​ទី​សម្គាល់​មួយ​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​ពាក្យ​ថា៖ «នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ "មើល៍ អាស‌នា​នេះ​នឹង​បាក់​បែក​ទៅ ហើយ​ផេះ​នៅ​លើ​នឹង​ត្រូវ​ខ្ចាយ​ចេញ"»។ ពេល​ស្តេច​យេរ៉ូ‌បោម​ឮ​ពាក្យ​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ស្រែក​ទាស់​នឹង​អាស‌នា នៅ​ក្រុង​បេត-អែល​ដូច្នោះ ទ្រង់​ក៏​ដក​ព្រះ‌ហស្ត​ពី​អាស‌នា​ចង្អុល​ទៅ​ថា៖ «ចូរ​ចាប់​វា​ទៅ» ឯ​ព្រះ‌ហស្ត​ដែល​ទ្រង់​បាន​ចង្អុល​ទៅ​គាត់​នោះ ក៏​ស្វិត​ទៅ កន្ត្រាក់​មក​វិញ​មិន​បាន។ អាស‌នា​នោះ​ក៏​បាក់​បែក ហើយ​ផេះ​ក៏​ខ្ចាត់‌ខ្ចាយ​អស់ តាម​ទី​សម្គាល់​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ប្រាប់ ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ»។ អ្នក​សំណព្វ​របស់​ព្រះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ដូច​កាល​ដើម​វិញ។ ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ សម្រាក​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក»។ តែ​អ្នក​សំណព្វ​របស់​ព្រះ​ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ព្រះករុណា​ប្រទាន​ដំណាក់​ទ្រង់​មួយ​ចំហៀង​មក​ទូល‌បង្គំ ក៏​ទូល‌បង្គំ​មិន​ទៅ​ជា‌មួយ​ទ្រង់​ដែរ ទូល‌បង្គំ​មិន​ព្រម​ទទួល​ទាន​នំបុ័ង ឬ​ទឹក​នៅ​ទី​នេះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ហាម​ទូល‌បង្គំ​ថា "កុំ​ឲ្យ​ឯង​បរិ‌ភោគ​អាហារ ឬ​ទឹក ហើយ​កុំ​វិល​មក​វិញ​តាម​ផ្លូវ​ដែល​ឯង​ទៅ​នោះ​ឡើយ"»។ ដូច្នេះ គាត់​ក៏​ចេញ​ទៅ​តាម​ផ្លូវ​មួយ​ទៀត ឥត​វិល​ទៅ​តាម​ផ្លូវ​ដែល​មក​ដល់​ក្រុង​បេត-អែល​នោះ​ទេ។

១ ពង្សាវតារក្សត្រ 13:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ លោក​មក​ដល់​បេត‌អែល នៅ​ពេល​ព្រះ‌បាទ​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។ លោក​ស្រែក​ប្រឆាំង​នឹង​អាសនៈ ដោយ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «អាសនៈ​អើយ! អាសនៈ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​មាន​កូន​ប្រុស​មួយ​រូប​កើត​មក កូន​នោះ​មាន​ឈ្មោះ​ថា យ៉ូសៀស។ យ៉ូសៀស​នឹង​យក​ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​មក​បូជា នៅ​លើ​អាសនៈ គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស​មក​ដុត​នៅ​លើ​អាសនៈ​នេះ​ដែរ»។ នៅ​ថ្ងៃ​ដដែល​នោះ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​ទៀត​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​ទី​សម្គាល់​មួយ ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​ពិត​ជា​មាន​ព្រះ‌បន្ទូល​មែន គឺ​អាសនៈ​នឹង​ត្រូវ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​នឹង​ធ្លាក់​ខ្ចាត់‌ខ្ចាយ​ដែរ»។ ពេល​ព្រះ‌បាទ​យេរ៉ូ‌បោម​ឮ​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ស្រែក​ប្រឆាំង​នឹង​អាសនៈ នៅ​បេត‌អែល ទ្រង់​ក៏​លាត​ព្រះ‌ហស្ដ​ពី​លើ​អាសនៈ រួច​បញ្ជា​ថា៖ «ចូរ​ចាប់​ជន​នេះ​ទៅ!»។ ពេល​នោះ ព្រះ‌ហស្ដ​ដែល​ស្ដេច​លើក​ចង្អុល​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ក៏​ស្ពឹក​កម្រើក​លែង​រួច។ អាសនៈ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​ធ្លាក់ ដូច​ទី​សម្គាល់​ដែល​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​ប្រកាស ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លោក​ជួយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​អាច​កម្រើក​វិញ​បាន»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល‌អង្វរ​ព្រះអង្គ ហើយ​ព្រះ‌ហស្ដ​របស់​ស្ដេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «សូម​អញ្ជើញ​ចូល​ដំណាក់​ខ្ញុំ​ស្រស់‌ស្រូប​សិន រួច​ហើយ​ខ្ញុំ​នឹង​ជូន​រង្វាន់​លោក»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទោះ​បី​ព្រះ‌ករុណា​ប្រទាន​រាជ្យ​ទ្រព្យ​ចំនួន​ពាក់​កណ្ដាល​ឲ្យ​ទូលបង្គំ ក៏​ទូលបង្គំ​មិន​ចូល​ក្នុង​ដំណាក់​របស់​ព្រះ‌ករុណា​ដែរ ទូលបង្គំ​ក៏​មិន​ទទួល​ទាន​អាហារ និង​ទឹក​នៅ​ទី​នេះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​បាន​ហាម​ទូលបង្គំ​មិន​ឲ្យ​ទទួល​ទាន​អាហារ ឬ​ទឹក​ទេ ហើយ​ព្រះអង្គ​ក៏​មិន​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ»។ បន្ទាប់​មក អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត គឺ​លោក​មិន​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​លោក​មក​បេត‌អែល​នោះ​ឡើយ។

១ ពង្សាវតារក្សត្រ 13:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណ​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ឯ​យេរ៉ូ‌បោម ទ្រង់​កំពុង​តែ​ឈរ​នៅ​មុខ​អាសនា ដើម្បី​ដុត​កំញាន អ្នក​នោះ​ស្រែក​ឡើង ទាស់​នឹង​អាសនា​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ម្នាល​អាសនាៗ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល នឹង​មាន​បុត្រា​១​កើត​មក​ក្នុង​ព្រះ​វង្ស​របស់​ដាវីឌ ព្រះ‌នាម​យ៉ូសៀស ទ្រង់​នឹង​ថ្វាយ​ពួក​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ ដែល​ដុត​កំញាន​នៅ​លើ​ឯង ទុក​ជា​យញ្ញ‌បូជា​នៅ​លើ​ឯង ព្រម​ទាំង​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ឯង​ដែរ អ្នក​នោះ​ក៏​ប្រាប់​ទី​សំគាល់​១​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​ពាក្យ​ថា នេះ​ជា​ទី​សំគាល់​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ មើល អាសនា​នេះ​នឹង​បាក់​បែក​ទៅ ហើយ​ផេះ​នៅ​លើ នឹង​ត្រូវ​ខ្ចាយ​ចេញ កាល​ស្តេច​យេរ៉ូ‌បោម​ទ្រង់​ឮ​ពាក្យ ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ស្រែក​ទាស់​នឹង​អាសនា នៅ​ក្រុង​បេត-អែល​ដូច្នោះ នោះ​ទ្រង់​ក៏​ដក​ព្រះ‌ហស្ត​ពី​អាសនា​ចង្អុល​ទៅ​ថា ចូរ​ចាប់​វា​ទៅ ឯ​ព្រះ‌ហស្ត​ដែល​ទ្រង់​បាន​ចង្អុល​ទៅ​គាត់​នោះ ក៏​ស្វិត​ទៅ​កន្ត្រាក់​មក​វិញ​មិន​បាន អាសនា​នោះ​ក៏​បាក់​បែក ហើយ​ផេះ​ក៏​ខ្ចាត់​ខ្ចាយ​ពី​លើ​ទៅ តាម​ទី​សំគាល់​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់ ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ អ្នក​សំណប់​របស់​ព្រះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ឡើង​ដូច​កាល​ដើម​វិញ ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ​លំហើយ​ខ្លួន​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក តែ​អ្នក​សំណប់​របស់​ព្រះ​ទូល​ឆ្លើយ​ថា បើ​ទុក​ជា​ទ្រង់​ប្រទាន​ដំណាក់​ទ្រង់​១​ចំហៀង​មក​ទូលបង្គំ ក៏​ទូលបង្គំ​មិន​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទូលបង្គំ​មិន​ព្រម​ទទួល​ទាន​នំបុ័ង ឬ​ទឹក​នៅ​ទី​នេះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ទូលបង្គំ​ថា កុំ​ឲ្យ​ឯង​បរិភោគ​អាហារ​ឬ​ទឹក ហើយ​កុំ​ឲ្យ​វិល​មក​វិញ​តាម​ផ្លូវ ដែល​ឯង​ទៅ​នោះ​ឡើយ ដូច្នេះ គាត់​ក៏​ចេញ​ទៅ​តាម​ផ្លូវ​១​ទៀត ឥត​វិល​ទៅ​តាម​ផ្លូវ​ដែល​មក​ដល់​ក្រុង​បេត-អែល​នោះ​ទេ។