មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះអម្ចាស់ លោកមកដល់បេតអែល នៅពេលព្រះបាទយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។ លោកស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ «អាសនៈអើយ! អាសនៈ! ព្រះអម្ចាស់មានព្រះបន្ទូលថា: នៅក្នុងពូជពង្សរបស់ដាវីឌនឹងមានកូនប្រុសមួយរូបកើតមក កូននោះមានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗមកបូជា នៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្សមកដុតនៅលើអាសនៈនេះដែរ»។ នៅថ្ងៃដដែលនោះ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ប្រកាសទៀតថា៖ «ព្រះអម្ចាស់ប្រទានទីសម្គាល់មួយ ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាមានព្រះបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។ ពេលព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹកកម្រើកលែងរួច។ អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសម្គាល់ដែលអ្នកជំនិតព្រះជាម្ចាស់ប្រកាស ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតព្រះជាម្ចាស់ថា៖ «សូមលោកជួយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកម្រើកវិញបាន»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលអង្វរព្រះអង្គ ហើយព្រះហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។ ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះរាជាវិញថា៖ «ទោះបីព្រះករុណាប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលឲ្យទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ ដ្បិតព្រះអម្ចាស់បានហាមទូលបង្គំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយព្រះអង្គក៏មិនឲ្យទូលបង្គំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។ បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។
អាន ១ ពង្សាវតារក្សត្រ 13
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 13:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ