១ យ៉ូហាន 5:1-21
១ យ៉ូហាន 5:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះវរបិតា អ្នកនោះក៏ស្រឡាញ់អស់អ្នកដែលកើតមកពីព្រះអង្គដែរ។ កាលណាយើងស្រឡាញ់ព្រះ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះយើងដឹងថា យើងស្រឡាញ់ពួកកូនរបស់ព្រះ។ ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។ ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។ តើអ្នកណាដែលឈ្នះលោកីយ៍នេះ? គឺមានតែអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះប៉ុណ្ណោះ។ ព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលបានយាងមកដោយទឹក និងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះទេ គឺដោយទឹក និងឈាមផង។ ព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ព្រោះព្រះវិញ្ញាណជាសេចក្ដីពិត។ ដ្បិតមានបីដែលធ្វើបន្ទាល់[នៅស្ថានសួគ៌ គឺព្រះវរបិតា ព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធ ហើយទាំងបីនេះរួមមកតែមួយ។ ក៏មានបីទៀត ដែលធ្វើបន្ទាល់នៅផែនដី] គឺព្រះវិញ្ញាណ ទឹក និងឈាម ហើយទាំងបីនេះស្របគ្នា។ ប្រសិនបើយើងបានទទួលទីបន្ទាល់របស់មនុស្ស នោះទីបន្ទាល់របស់ព្រះ រឹតតែធំជាងនោះទៅទៀត ដ្បិតទីបន្ទាល់របស់ព្រះ គឺព្រះអង្គធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ព្រះ អ្នកនោះមានទីបន្ទាល់នៅក្នុងខ្លួនហើយ។ អ្នកណាដែលមិនជឿព្រះ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហកវិញ ព្រោះគេមិនបានជឿដល់ទីបន្ទាល់ដែលព្រះបានធ្វើ អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។ អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត អ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះ អ្នកនោះគ្មានជីវិតឡើយ។ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ។ នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។ គ្រប់ទាំងអំពើទុច្ចរិត សុទ្ធតែជាបាបទាំងអស់ តែមានអំពើបាបខ្លះ ដែលមិនមានទោសដល់ស្លាប់ឡើយ។ យើងដឹងថា អស់អ្នកដែលកើតមកពីព្រះ មិនធ្វើបាបទៀតឡើយ គឺព្រះអង្គដែលកើតមកពីព្រះ ទ្រង់ការពារអ្នកនោះ ហើយមេកំណាចមិនអាចប៉ះអ្នកនោះបានឡើយ។ យើងដឹងថា យើងមកពីព្រះ ហើយលោកីយ៍ទាំងមូលដេកនៅក្នុងអំណាចរបស់មេកំណាច។ យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។ កូនតូចៗអើយ ចូររក្សាខ្លួនឲ្យផុតពីរូបព្រះ។ អាម៉ែន។:៚
១ យ៉ូហាន 5:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រិស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់ព្រះជាម្ចាស់។ យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមបទបញ្ជាទាំងប៉ុន្មាន។ បទបញ្ជារបស់ព្រះអង្គមិនតឹងតែងទេ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូគ្រិស្តនេះហើយដែលបានយាងមកក្នុងលោកនេះ ដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងលោហិតផង។ ព្រះវិញ្ញាណបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។ មានបន្ទាល់បីគឺ ព្រះវិញ្ញាណ ទឹក និងលោហិត ហើយបន្ទាល់ទាំងបីនេះរួមគ្នាផ្ដល់សក្ខីភាពតែមួយ ។ ព្រះជាម្ចាស់បានផ្ដល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។ អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។ អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។ ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។ ហេតុនេះហើយបានជាយើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ គឺថា ប្រសិនបើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះព្រះអង្គនឹងព្រះសណ្ដាប់យើងជាមិនខាន។ បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យទូលអង្វរទេ។ អំពើទុច្ចរិតទាំងប៉ុន្មានសុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្តែ មានអំពើបាបខ្លះមិនបណ្ដាលឲ្យស្លាប់ឡើយ។ យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ព្រះអង្គការពារអ្នកនោះ ហើយមារ*កំណាចពុំអាចយាយីគេឡើយ។ យើងដឹងថា យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ កូនចៅអើយ ចូរចៀសឲ្យផុតពីការគោរពព្រះក្លែងក្លាយ។
១ យ៉ូហាន 5:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក ហើយអស់ទាំងអ្នកណាដែលស្រឡាញ់ព្រះដ៏បង្កើតខ្លួនមក នោះក៏រមែងស្រឡាញ់ដល់អស់អ្នកឯទៀត ដែលកើតពីទ្រង់មកដែរ កាលណាយើងស្រឡាញ់ដល់ព្រះ ហើយកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ នោះយើងដឹងថា យើងស្រឡាញ់ដល់ពួកកូនរបស់ព្រះដែរ ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយហើយ ឯជ័យជំនះដែលឈ្នះលោកីយ នោះគឺជាសេចក្ដីជំនឿរបស់យើង តើអ្នកណាជាអ្នកឈ្នះលោកីយ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ។ គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនឹងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្ដីពិត មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ នឹងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ នឹងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ បើសិនជាយើងបានទទួលសេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះ ក៏ប្រសើរជាងទៅទៀត ដ្បិតសេចក្ដីបន្ទាល់របស់ព្រះ គឺជាសេចក្ដីដែលទ្រង់ថ្លែងប្រាប់ ពីព្រះរាជបុត្រានៃទ្រង់ អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿដល់ព្រះសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្ដីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់ នេះហើយជាសេចក្ដីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។ ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ យើងក៏មានសេចក្ដីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ។ បើអ្នកណាឃើញបងប្អូនកំពុងតែធ្វើបាប គឺជាបាបដែលមិនមានទោសដល់ស្លាប់ទេ នោះត្រូវសូមចុះ ទ្រង់នឹងប្រទានជីវិតមកដល់អស់អ្នកធ្វើបាប ដែលមិនមែនមានទោសដល់ស្លាប់នោះជាពិត តែមានបាបម្យ៉ាងដែលមានទោសដល់ស្លាប់វិញ ឯបាបនោះខ្ញុំមិនថា ឲ្យសូមអង្វរឲ្យទេ គ្រប់ទាំងអំពើទុច្ចរិត សុទ្ធតែជាបាបទាំងអស់ ហើយក៏មានបាបខ្លះ ដែលមិនមានទោសដល់ស្លាប់ដែរ យើងដឹងថា អ្នកណាដែលកើតពីព្រះមក នោះមិនចេះធ្វើបាបទេ អ្នកនោះឯងជាអ្នករក្សាខ្លួនវិញ ហើយមេកំណាចនឹងពាល់អ្នកនោះមិនបានឡើយ យើងដឹងថា យើងមកពីព្រះពិត តែលោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ យើងក៏ដឹងថា ព្រះរាជបុត្រានៃព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងរាល់គ្នាមានប្រាជ្ញា ដើម្បីឲ្យបានស្គាល់ព្រះដ៏ពិតប្រាកដ យើងរាល់គ្នាជាអ្នកនៅក្នុងព្រះដ៏ពិតប្រាកដនោះ គឺក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ព្រះអង្គនោះឯងជាព្រះពិតប្រាកដ ហើយជាជីវិតអស់កល្បជានិច្ចផង។ កូនតូចៗរាល់គ្នាអើយ ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ។ អាម៉ែន។:៚