១ យ៉ូហាន 3:11-16

១ យ៉ូហាន 3:11-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​នេះ​ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​ឲ្យ​យើង​ដូច​ជា​កាអ៊ីន ដែល​មក​ពី​មេ​កំណាច ហើយ​បាន​សម្លាប់​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​របស់​ខ្លួន​ដូច្នេះ? ព្រោះ​អំពើ​ដែល​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ ហើយ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុច​រិត។ បង‌ប្អូន​អើយ ប្រសិន‌បើ​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ។ យើង​ដឹង​ហើយ​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ព្រោះ​យើង​ស្រឡាញ់​ពួក​បង‌ប្អូន ឯ​អ្នក​ណា​ដែល​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។ អ្នក​ណា​ដែល​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយថា គ្មាន​ឃាតកណា​មួយ​មាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​នៅ​ក្នុង​ខ្លួន​ឡើយ។ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ដោយ​សារ​សេចក្ដី​នេះ គឺ​ព្រះ‌អង្គ​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ដូច្នេះ យើង​ក៏ត្រូវ​ប្តូរ​ជីវិត​របស់​យើង​សម្រាប់​បង‌ប្អូន​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដំណឹង​ដែល​បងប្អូន​បាន​ទទួល តាំង​ពី​ដើម​ដំបូង​រៀង​មក​នោះ គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មិន​ត្រូវ​ធ្វើ​ដូច​កាអ៊ីន ដែល​កើត​ចេញ​មក​ពី​មារ*​កំណាច ហើយ​បាន​កាត់​ក​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? គឺ​មក​ពី​អំពើ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ រីឯ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុចរិត*។ បងប្អូន​អើយ ប្រសិន​បើ​មនុស្ស​លោក​ស្អប់​បងប្អូន សូម​កុំ​ងឿង‌ឆ្ងល់​ឡើយ។ យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បងប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។ អ្នក​ណា​ស្អប់​បងប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បងប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់‌កល្ប​ជានិច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះ‌យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សម្រាប់​បងប្អូន​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:11-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​នេះ​ឯង​ជា​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​ថា ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​សំឡាប់​ប្អូន គឺ​ពី​ព្រោះ​តែ​ការ​របស់​គាត់​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​ប៉ុណ្ណោះ។ បង​ប្អូន​អើយ បើ​លោកីយ​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន ឯ​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ជា​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​សំឡាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​‌កល្ប​ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ ដោយ‌សារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ

ចែក​រំលែក
អាន ១ យ៉ូហាន 3