១ យ៉ូហាន 3:1-4
១ យ៉ូហាន 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះអង្គស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ព្រះអង្គ ហើយយើងពិតជាបុត្ររបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។ កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សម្តែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រិស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។ អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ* ដូចព្រះអង្គបរិសុទ្ធដែរ។ អ្នកណាប្រព្រឹត្តអំពើបាប* អ្នកនោះបំពានលើវិន័យ* ដ្បិតអំពើបាបជាការបំពានលើវិន័យ។
១ យ៉ូហាន 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។ អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ព្រះអង្គ អ្នកនោះតែងជម្រះខ្លួនឲ្យបានស្អាត ដូចព្រះអង្គដែលស្អាតដែរ។ អស់អ្នកដែលប្រព្រឹត្តអំពើបាប អ្នកនោះក៏ប្រព្រឹត្តរំលងក្រឹត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រឹត្យវិន័យ។
១ យ៉ូហាន 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយមិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួនឲ្យដូចទ្រង់ដែលស្អាតដែរ ឯអស់អ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះក៏ឈ្មោះថាប្រព្រឹត្តរំលងក្រិត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រិត្យវិន័យហើយ