១ យ៉ូហាន 2:18-28

១ យ៉ូហាន 2:18-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់! ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​កំពុង​តែ​មក ហើយ​ឥឡូវ​នេះ ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទជា​ច្រើន​បាន​មកហើយ។ ដូច្នេះ យើង​ដឹង​ថា នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់ហើយ។ គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​គ្នា​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​យើង​ហើយ។ ប៉ុន្ដែ ដែល​គេ​បាន​ចេញ​ទៅ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​គ្នា​ទេ។ ប៉ុន្ដែ អ្នក​រាល់​គ្នា​បាន​ទទួល​ប្រេង​តាំង ពី​ព្រះ​ដ៏​បរិសុទ្ធ ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ដោយ​ព្រោះអ្នក​បាន​ស្គាល់​សេចក្ដី​ពិត​ហើយ ហើយ​ក៏​ដឹង​ថា គ្មានពាក្យ​ភូត​ភរ​ណា​កើត​មក​ពី​សេចក្ដី​ពិត​ឡើយ។ តើ​អ្នក​ណា​ជា​អ្នក​កុហក? គឺ​មាន​តែ​អ្នក​ដែល​បដិសេធ​ថា ព្រះ‌យេ‌ស៊ូវ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ។ អ្នក​ណា​ដែល​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ។ អ្នក​ដែលបដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​គ្មាន​ព្រះ‌វរ‌បិតា​ទេ ឯ​អ្នក​ណា​ដែល​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ក៏​មាន​ព្រះ‌វរ‌បិតា​ដែរ។ ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន‌បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​មក ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នាក៏​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌រាជ‌បុត្រា និង​ក្នុង​ព្រះ‌វរ‌បិតា​ដែរ។ នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជាមួយ​យើង គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។ ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ស្ដី​អំពី​អស់​អ្នក​ដែល​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ រី​ឯ​ប្រេង​តាំង​ដែលអ្នក​រាល់​គ្នា​បានទទួល​ពី​ព្រះ‌អង្គ នោះស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​មិន​ត្រូវ​ការឲ្យ​អ្នក​ណា​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ពេល​ប្រេង​តាំង​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ដល់​អ្នក​រាល់​គ្នា នោះជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ ចូរ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ដូច​សេចក្ដី​ដែល​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ។ ឥឡូវ​នេះ កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ​ចុះ ដើម្បី​កាល​ណា​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​មាន​ទំនុក​ចិត្ត ហើយ​មិន​ត្រូវ​ខ្មាស​នៅ​ចំពោះ​ព្រះ‌អង្គ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:18-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ពេល​នេះ​ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​ព្រះ‌គ្រិស្ត​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​ឲ្យ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។ អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្តែ គេ​ចាក​ចេញ​ពី​យើង​ទៅ ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ​ដ៏វិសុទ្ធ*​បាន​ចាក់​ប្រេង ​មក​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។ តើ​នរណា​ជា​អ្នក​កុហក? គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌យេស៊ូ ថា​ជា​ព្រះ‌គ្រិស្ត*​នោះ​ឡើយ។ អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់ ទាំង​ព្រះ‌បិតា ទាំង​ព្រះ‌បុត្រា គឺ​អ្នក​នោះ​ហើយ​ជា​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត។ អ្នក​ណា​មិន​ទទួល​ស្គាល់​ព្រះ‌បុត្រា អ្នក​នោះ​ក៏​គ្មាន​ព្រះ‌បិតា​គង់​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ‌បុត្រា ទើប​មាន​ព្រះ‌បិតា​គង់​ជា​មួយ។ ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​ទុក​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន​បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌បុត្រា និង​ព្រះ‌បិតា​ដែរ។ រីឯ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​យើង​នោះ គឺ​ព្រះអង្គ​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​មក​យើង។ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ស្ដី​អំពី​ពួក​អ្នក ដែល​បាន​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ព្រះអង្គ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​ព្រះ‌វិញ្ញាណ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ព្រះអង្គ​មិន​កុហក​ទេ ព្រះអង្គ​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌គ្រិស្ត*​ដូច​ព្រះ‌វិញ្ញាណ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។ ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌យេស៊ូ​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​យ៉ាង​រុង​រឿង ហើយ​ពេល​ព្រះអង្គ​យាង​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឡើយ។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:18-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់​ហើយ សព្វ​ថ្ងៃ​នេះ​កើត​មាន​ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ជា​ច្រើន ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា អា​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ត្រូវ​មក ហេតុ​នោះ​បាន​ជា​យើង​ដឹង​ថា នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់ គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សំដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ រីឯ​អ្នក​រាល់​គ្នា បាន​ព្រះ​ដ៏​បរិសុទ្ធ​ចាក់​លាប​ឲ្យ​ហើយ ក៏​ចេះ​គ្រប់​ទាំង​អស់​ផង ខ្ញុំ​សរសេរ​ផ្ញើ​មក មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ គឺ​ដោយ​ព្រោះ​បាន​ស្គាល់​ហើយ ក៏​ដឹង​ថា គ្មាន​សេចក្ដី​ភូត‌ភរ​ណា​កើត​ពី​សេចក្ដី​ពិត​នោះ​ឡើយ តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​ជា​អ្នក​ដែល​ប្រកែក​ថា ព្រះ‌យេស៊ូវ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​នោះ​ទេ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ទាំង​ព្រះវរ‌បិតា នឹង​ព្រះ‌រាជ‌បុត្រា​ផង អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ទទឹង​នឹង​ព្រះ‌គ្រីស្ទ ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​គ្មាន​ព្រះវរ‌បិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ទាំង​ព្រះវរ‌បិតា​ផង ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​ខ្លួន​ចុះ បើ​សិន​ជា​សេចក្ដី​ដែល​ឮ​តាំង​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌រាជ‌បុត្រា ហើយ​ក្នុង​ព្រះវរ‌បិតា​ដែរ នេះ​ហើយ ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច។ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ដំណើរ​នៃ​ពួក​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង រីឯ​ដំណើរ​ដែល​ទ្រង់​ចាក់​លាប​ឲ្យ នោះ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ពិត ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​បង្រៀន​ពី​ការ​អ្វី​ទេ ប៉ុន្តែ ដូច​ជា​ដំណើរ​ចាក់​លាប​នោះ បាន​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ ហើយ​មិន​មែន​ជា​សេចក្ដី​កំភូត​ទេ គឺ​ជា​សេចក្ដី​ពិត​វិញ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ តាម​ដែល​ដំណើរ​នោះ​បាន​បង្រៀន​មក ហើយ​ឥឡូវ​នេះ ពួក​កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ ដើម្បី​កាល​ណា​ទ្រង់​លេច​មក នោះ​យើង​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ

ចែក​រំលែក
អាន ១ យ៉ូហាន 2