១ យ៉ូហាន 2:18-28

១ យ៉ូហាន 2:18-28 គកស១៦

ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់! ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​កំពុង​តែ​មក ហើយ​ឥឡូវ​នេះ ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទជា​ច្រើន​បាន​មកហើយ។ ដូច្នេះ យើង​ដឹង​ថា នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់ហើយ។ គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​គ្នា​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​យើង​ហើយ។ ប៉ុន្ដែ ដែល​គេ​បាន​ចេញ​ទៅ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​គ្នា​ទេ។ ប៉ុន្ដែ អ្នក​រាល់​គ្នា​បាន​ទទួល​ប្រេង​តាំង ពី​ព្រះ​ដ៏​បរិសុទ្ធ ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ដោយ​ព្រោះអ្នក​បាន​ស្គាល់​សេចក្ដី​ពិត​ហើយ ហើយ​ក៏​ដឹង​ថា គ្មានពាក្យ​ភូត​ភរ​ណា​កើត​មក​ពី​សេចក្ដី​ពិត​ឡើយ។ តើ​អ្នក​ណា​ជា​អ្នក​កុហក? គឺ​មាន​តែ​អ្នក​ដែល​បដិសេធ​ថា ព្រះ‌យេ‌ស៊ូវ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ។ អ្នក​ណា​ដែល​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ។ អ្នក​ដែលបដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​គ្មាន​ព្រះ‌វរ‌បិតា​ទេ ឯ​អ្នក​ណា​ដែល​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ក៏​មាន​ព្រះ‌វរ‌បិតា​ដែរ។ ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន‌បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​មក ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នាក៏​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌រាជ‌បុត្រា និង​ក្នុង​ព្រះ‌វរ‌បិតា​ដែរ។ នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជាមួយ​យើង គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។ ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ស្ដី​អំពី​អស់​អ្នក​ដែល​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ រី​ឯ​ប្រេង​តាំង​ដែលអ្នក​រាល់​គ្នា​បានទទួល​ពី​ព្រះ‌អង្គ នោះស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​មិន​ត្រូវ​ការឲ្យ​អ្នក​ណា​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ពេល​ប្រេង​តាំង​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ដល់​អ្នក​រាល់​គ្នា នោះជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ ចូរ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ដូច​សេចក្ដី​ដែល​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ។ ឥឡូវ​នេះ កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ​ចុះ ដើម្បី​កាល​ណា​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​មាន​ទំនុក​ចិត្ត ហើយ​មិន​ត្រូវ​ខ្មាស​នៅ​ចំពោះ​ព្រះ‌អង្គ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ។

អាន ១ យ៉ូហាន 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 2:18-28