១ យ៉ូហាន 2:1-6

១ យ៉ូហាន 2:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​ណា​ធ្វើ​បាប នោះ​យើង​មាន​ព្រះ​ដ៏​ជួយ​ការ​ពារ​មួយ​អង្គ ដែល​គង់​នៅ​ជាមួយ​ព្រះ‌វរ‌បិតា គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត។ ព្រះ‌អង្គ​ជា​តង្វាយ​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​លោះ​បាប​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។ យើង​ដឹង​ថា យើង​ស្គាល់​ព្រះ‌អង្គ​ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ» តែ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ពេញ​ខ្នាត​នៅ​ក្នុង​អ្នក​នោះ។ យើងអាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​ពោល​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​ត្រូវ​តែ​ដើរ​ដូច​ព្រះ‌អង្គ​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការពារ មួយ​ព្រះអង្គ គង់​នៅ​ទល់​មុខ​ព្រះ‌បិតា គឺ​ព្រះ‌យេស៊ូ​គ្រិស្ត​ដ៏​សុចរិត។ ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។ ប្រសិន​បើ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់ ព្រះអង្គ​មែន។ អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ» តែ​មិន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​និយាយ​កុហក ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ទេ។ រីឯ​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះអង្គ​ដោយ​សេចក្ដី​នេះ គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះអង្គ អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​ព្រះ‌អម្ចាស់​ធ្លាប់​រស់​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​តូចៗ​រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរ‌បិតា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ។ យើង​រាល់​គ្នា​ដឹង​ថា យើង​ស្គាល់​ទ្រង់ ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់ អ្នក​ណា​ដែល​ថា បាន​ស្គាល់​ទ្រង់ តែ​មិន​កាន់​តាម​បញ្ញត្ត​ទ្រង់​ទេ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្ដី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:1-6

១ យ៉ូហាន 2:1-6 គខប