១ យ៉ូហាន 1:7-10
១ យ៉ូហាន 1:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ។ ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។ ប្រសិនបើយើងពោលថា យើងមិនដែលធ្វើបាបសោះ នោះយើងធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហក ហើយព្រះបន្ទូលព្រះអង្គមិនស្ថិតនៅក្នុងយើងទេ។
១ យ៉ូហាន 1:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។
១ យ៉ូហាន 1:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នាពីគ្រប់អំពើបាបទាំងអស់ បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ។