១ យ៉ូហាន 1

1
1ឯ​សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​យើង​ខ្ញុំ​បាន​ឮ ហើយ​ភ្នែក​បាន​ឃើញ ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះ‌ពាល់ ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ជីវិត 2(ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់​ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ពី​ដើម​ស្ថិត​នៅ​នឹង​ព្រះវរ‌បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ) 3ដូច្នេះ សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​នោះ យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​នឹង​យើង​ខ្ញុំ​ដែរ រីឯ​សេចក្ដី​ប្រកប​របស់​យើង​ខ្ញុំ នោះ​គឺ​ប្រកប​នឹង​ព្រះវរ‌បិតា ហើយ​នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ 4យើង​ខ្ញុំ​ក៏​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ឡើង។
5នេះ​ជា​ដំណឹង ដែល​យើង​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ ហើយ​ក៏​ប្រាប់​មក​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្ដី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ 6បើ​សិន​ជា​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​នឹង​ទ្រង់ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ 7តែ​បើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្ដី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា​ពី​គ្រប់​អំពើ​បាប​ទាំង​អស់ 8បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ 9បើ​យើង​លន់‌តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង 10បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ហើយ​ព្រះ‌បន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ។

ទើបបានជ្រើសរើសហើយ៖

១ យ៉ូហាន 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល