១ យ៉ូហាន 1:5-10

១ យ៉ូហាន 1:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌អង្គ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​ណានៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។ ប្រសិន‌បើ​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌អង្គ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ តែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ក៏​សម្អាត​យើង​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។ ប្រសិន‌បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ។ ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់។ ប្រសិន‌បើ​យើង​ពោល​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​យើង​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​អ្នក​កុហក ហើយ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ។

ចែក​រំលែក
អាន ១ យ៉ូហាន 1

១ យ៉ូហាន 1:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌យេស៊ូ‌គ្រិស្ត* ហើយ​យក​មក​ជម្រាប​ជូន​បងប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅ: ព្រះ‌ជា‌ម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។ ប្រសិន​បើ​យើង​ពោល​ថា យើង​រួម​រស់​ជា​មួយ​ព្រះអង្គ តែ​យើង​បែរ​ជា​រស់ ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ យើង​និយាយ​កុហក​ហើយ គឺ​យើង​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ព្រះអង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ជម្រះ​យើង​ឲ្យ​បរិសុទ្ធ* រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។ ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។ ប៉ុន្តែ បើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​ព្រះ‌ជា‌ម្ចាស់​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ និង​សុចរិត* ព្រះអង្គ​នឹង​អត់‌ទោស​យើង​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើង​ឲ្យ​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​ដូច​ជា​យើង​ចោទ​ថា ព្រះ‌ជា‌ម្ចាស់​កុហក​ទៅ​វិញ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង​ទេ។

ចែក​រំលែក
អាន ១ យ៉ូហាន 1

១ យ៉ូហាន 1:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ដំណឹង ដែល​យើង​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ ហើយ​ក៏​ប្រាប់​មក​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្ដី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ បើ​សិន​ជា​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​នឹង​ទ្រង់ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ តែ​បើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្ដី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា​ពី​គ្រប់​អំពើ​បាប​ទាំង​អស់ បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ បើ​យើង​លន់‌តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ហើយ​ព្រះ‌បន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ។

ចែក​រំលែក
អាន ១ យ៉ូហាន 1