១ កូរិនថូស 7:21-40
១ កូរិនថូស 7:21-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះត្រាស់ហៅ តើអ្នកជាបាវបម្រើគេឬ? កុំខ្វល់ពីរឿងនោះឡើយ តែបើអ្នកអាចដោះខ្លួនបាន ចូរដោះខ្លួនចេញទៅ ដ្បិតក្នុងព្រះអម្ចាស់ អ្នកណាដែលធ្វើជាបាវបម្រើគេ ក្នុងកាលដែលព្រះអម្ចាស់ត្រាស់ហៅ អ្នកនោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលព្រះអង្គត្រាស់ហៅ នោះដូចគ្នា គឺអ្នកនោះជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ។ ព្រះអង្គបានចេញថ្លៃលោះអ្នករាល់គ្នាហើយ សូមកុំឲ្យត្រឡប់ជាបាវបម្រើរបស់មនុស្សទៀតឡើយ។ បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះនៅចំពោះព្រះចុះ។ រីឯស្រ្ដីដែលនៅក្រមុំ ខ្ញុំពុំបានទទួលបង្គាប់ពីព្រះអម្ចាស់ទេ តែខ្ញុំជូនយោបល់ក្នុងនាមជាមនុស្សដែលគួរឲ្យទុកចិត្ត ដោយសារសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់។ ខ្ញុំយល់ឃើញថា ដោយព្រោះស្ថានភាពតឹងតែងសព្វថ្ងៃនេះ នោះបើអ្នកនៅបែបនេះ ជាការប្រសើរ។ តើអ្នកមានប្រពន្ធហើយឬ? កុំរកផ្លូវលែងលះឲ្យសោះ។ តើអ្នកមិនទាន់មានប្រពន្ធឬ? កុំចង់រកប្រពន្ធអី។ ប៉ុន្តែ បើអ្នករៀបការ មិនមែនមានន័យថាមានបាបឡើយ ហើយបើស្ត្រីក្រមុំណារៀបការ នាងក៏គ្មានបាបដែរ តែអស់អ្នកដែលរៀបការ នឹងជួបទុក្ខលំបាកក្នុងជីវិតនេះ ព្រោះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនោះ។ បងប្អូនអើយ ខ្ញុំសូមជម្រាបថា ពេលវេលាកាន់តែកៀកណាស់ហើយ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាគ្មានអ្វីសោះ ហើយអស់អ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ដូចជាមិនបានប្រើដែរ ដ្បិតពិភពលោកនេះកំពុងតែប្រែប្រួល។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយអ្វីឡើយ។ អ្នកដែលគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអម្ចាស់ តែអ្នកដែលមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្រពន្ធ ហើយចិត្តរបស់អ្នកនោះបែងចែក។ ឯស្ត្រីគ្មានប្តី និងស្ត្រីក្រមុំ នោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានបរិសុទ្ធទាំងរូបកាយ ទាំងវិញ្ញាណ តែស្ត្រីដែលមានប្តី នាងខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្តី។ ខ្ញុំនិយាយដូច្នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺចង់ឲ្យអ្នករាល់គ្នារស់នៅបានល្អ ហើយបម្រើព្រះអម្ចាស់ដោយគ្មានចិត្តប្រទាញប្រទង់។ ប្រសិនបើអ្នកណាយល់ថា ខ្លួនមិនគួរគប្បីចំពោះគូដណ្ដឹង ហើយបើចិត្តគេពុះកញ្ជ្រោលខ្លាំង នោះធ្វើតាមចិត្តទៅចុះ ត្រូវឲ្យអ្នកនោះរៀបការទៅ គ្មានបាបអ្វីទេ។ ប៉ុន្តែ អ្នកណាដែលតាំងចិត្តបានយ៉ាងមាំមួន ដោយគ្មានអ្នកណាបង្ខំ គឺអាចទប់ចិត្តបាន ហើយបានតាំងចិត្តថានឹងទុកនាងជាគូដណ្ដឹងរបស់ខ្លួន នោះគាត់ធ្វើបានល្អហើយ។ ដូច្នេះ អ្នកដែលរៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលទ្រាំមិនរៀបការ នោះរឹតតែប្រសើរថែមទៀត។ កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។ ប៉ុន្តែ តាមគំនិតខ្ញុំ ខ្ញុំយល់ឃើញថា បើនាងរស់នៅមិនរៀបការបាន នោះនាងនឹងបានសប្បាយជាង ហើយខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ។
១ កូរិនថូស 7:21-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះអង្គត្រាស់ហៅ បើបងប្អូនជាខ្ញុំបម្រើគេ កុំខ្វល់ខ្វាយអ្វី។ ប៉ុន្តែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសឲ្យបានទៅជាអ្នកជាចុះ ដ្បិតខ្ញុំបម្រើណាដែលព្រះអម្ចាស់ត្រាស់ហៅ ខ្ញុំបម្រើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ចំពោះអ្នកជាណាដែលព្រះអង្គត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបម្រើព្រះគ្រិស្ត។ ព្រះអង្គបានលោះបងប្អូន ដោយបង់ថ្លៃយ៉ាងច្រើន ហេតុនេះ សូមកុំបណ្ដោយខ្លួនឲ្យធ្លាក់ទៅជាខ្ញុំបម្រើរបស់មនុស្សទៀតឡើយ។ បងប្អូនអើយ កាលព្រះជាម្ចាស់ត្រាស់ហៅបងប្អូន បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះ នៅចំពោះព្រះភ័ក្ត្រព្រះអង្គតទៅមុខទៀតទៅ។ រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្តែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។ ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។ បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងឲ្យសោះ! បើបងប្អូនមិនទាន់មានប្រពន្ធ មិនបាច់រកប្រពន្ធទេ។ បើបងប្អូនរៀបការ មិនមែនមានន័យថា បងប្អូនប្រព្រឹត្តអំពើបាបឡើយ ហើយបើស្ត្រីក្រមុំម្នាក់រៀបការ នោះនាងក៏គ្មានបាបអ្វីដែរ ប៉ុន្តែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតមិនខាន។ ខ្ញុំចង់ឲ្យបងប្អូនចៀសផុតពីការលំបាកទាំងនោះ។ បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ពេលវេលាកាន់តែកៀកណាស់ហើយ។ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាមិនមែនម្ចាស់ទ្រព្យ ហើយអស់អ្នកដែលប្រើប្រាស់សម្បត្តិលោកីយ៍ ក៏ត្រូវកាន់ចិត្តដូចជាមិនបានប្រើប្រាស់ដែរ ដ្បិតពិភពលោកនេះនឹងត្រូវប្រែប្រួលជាមិនខាន។ ខ្ញុំមិនចង់ឲ្យបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអង្គ។ រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្រពន្ធ ហើយចិត្តអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្ត្រីដែលគ្មានប្ដី និងស្ត្រីក្រមុំ នាងខ្វល់ខ្វាយនឹងរឿងព្រះអម្ចាស់ ដើម្បីថ្វាយទាំងរូបកាយ ទាំងវិញ្ញាណទៅព្រះអង្គ។ រីឯស្ត្រីដែលមានប្ដីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្ដី។ ខ្ញុំនិយាយដូច្នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូន មិនមែនចង់បំបាត់សេរីភាពរបស់បងប្អូនទេ គឺខ្ញុំចង់ឲ្យបងប្អូនរស់នៅបានល្អប្រសើរ ជាប់ចិត្តនឹងព្រះអម្ចាស់ដោយឥតរារែកឡើយ។ ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា បើមិនរៀបការជាមួយគូដណ្ដឹងរបស់ខ្លួនទេ នឹងនាំឲ្យបាក់មុខ ហើយបើចិត្តរបស់គេឆាបឆួលចង់យកនាង ត្រូវធ្វើតាមចិត្តខ្លួននឹកឃើញទៅចុះ គឺរៀបការជាមួយនាងទៅ គ្មានបាបអ្វីទេ។ រីឯអ្នកដែលប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្តបាន ហើយសម្រេចចិត្តថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។ ដូច្នេះ អ្នកណារៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលមិនរៀបការវិញ ក៏រឹតតែប្រសើរថែមទៀត ។ ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្តនាង ឲ្យតែរៀបការជាមួយអ្នកជឿព្រះអម្ចាស់ដូចគ្នា។ ប៉ុន្តែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយដែរ។
១ កូរិនថូស 7:21-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់ហៅអ្នកមក តើអ្នកជាបាវបំរើគេឬអី កុំឲ្យព្រួយពីសេចក្ដីនោះឡើយ តែបើអាចនឹងដោះខ្លួនរួច នោះស៊ូដោះខ្លួនចេញទៅ ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ ទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ កុំឲ្យត្រឡប់ជាបាវបំរើរបស់មនុស្សទៀតឡើយ បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះទ្រង់ហៅមក នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះ នៅចំពោះទ្រង់ចុះ។ ឯត្រង់ពួកស្រីក្រមុំៗ ខ្ញុំគ្មានទទួលសេចក្ដីបង្គាប់ពីព្រះអម្ចាស់មកទេ តែខ្ញុំសំដែងដោយគំនិតខ្ញុំ ទុកដូចជាបានទទួលសេចក្ដីមេត្តាករុណាមកពីព្រះអម្ចាស់ ឲ្យបានគួរជឿដែរ ដូច្នេះ ដោយព្រោះគ្រាលំបាកនេះ ខ្ញុំស្មានជាយ៉ាងនេះបានស្រួល គឺថាគួរឲ្យមនុស្សនៅតែដដែលវិញ តើជាប់មានប្រពន្ធឬអី កុំឲ្យរកផ្លូវនឹងលែងគ្នាឡើយ បើមិនទាន់ជាប់មានប្រពន្ធនៅឡើយ នោះក៏កុំឲ្យរកប្រពន្ធដែរ ប៉ុន្តែ បើអ្នកបានយកប្រពន្ធហើយ នោះមិនមែនហៅថាមានបាបទេ ហើយបើស្ត្រីក្រមុំណាយកប្ដីហើយ នាងនោះក៏មិនមែនហៅថាមានបាបដែរ តែពួកអ្នកយ៉ាងនោះនឹងមានសេចក្ដីទុក្ខព្រួយខាងសាច់ឈាម ណ្ហើយ ខ្ញុំឈប់ស្លេះប៉ុណ្ណេះចុះ ដោយព្រោះអាណិតដល់អ្នករាល់គ្នា។ បងប្អូនអើយ ខ្ញុំប្រាប់សេចក្ដីនេះថា ពេលវេលាចង្អៀតណាស់ហើយ ពីនេះទៅមុខ គួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ ពួកដែលយំ ដូចជាមិនយំ ពួកដែលអរសប្បាយ ដូចជាមិនអរសប្បាយ ពួកដែលទិញ ដូចជាគ្មានអ្វីសោះ ហើយពួកអ្នកដែលប្រើប្រាស់លោកីយនេះ ដូចជាមិនប្រើហួសខ្នាតទេ ដ្បិតគំរូនៃលោកីយនេះតែងតែផ្លាស់ទៅ ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្ដីកង្វល់ ឯអ្នកដែលគ្មានប្រពន្ធ នោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ ដែលនឹងធ្វើដូចម្តេចឲ្យទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ តែអ្នកណាដែលមានប្រពន្ធ នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្តេច ឲ្យប្រពន្ធបានពេញចិត្ត ស្ត្រីមានប្ដី នឹងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរ គឺស្ត្រីដែលគ្មានប្ដី នោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណ នឹងព្រលឹងវិញ្ញាណផង តែស្ត្រីណាដែលមានប្ដី នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្តេចឲ្យប្ដីបានពេញចិត្ត ដែលខ្ញុំនិយាយសេចក្ដីនេះ នោះសំរាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនជាការដាក់អន្ទាក់រូតនៅមុខអ្នករាល់គ្នាទេ គឺសំរាប់ការដែលគួរគប្បី ហើយឲ្យអ្នករាល់គ្នាបានឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្ដីណានាំឲ្យទាស់ចិត្តឡើយ បើមានអ្នកណាស្មានថា មិនគួរគប្បីចំពោះកូនក្រមុំ ដែលហួសអាយុគ្រប់ការហើយ ក៏មានសេចក្ដីបង្ខំក្នុងការនោះដែរ នោះឲ្យឪពុកធ្វើតាមចិត្តទៅ គឺឲ្យកូនយកប្ដីចុះ គ្មានបាបទេ តែឪពុកអ្នកណាដែលមានចិត្តដាច់ឥតមានសេចក្ដីបង្ខំទេ គឺមានអំណាចនឹងសំរេចដោយខ្លួនឯងបាន ហើយបានតាំងចិត្តថា នឹងទុកកូនឲ្យនៅជាក្រមុំដរាបទៅ នោះក៏ស្រួលហើយ បានជាអ្នកដែលឲ្យកូនទៅគេ ក៏បានប្រព្រឹត្តល្អ ហើយអ្នកដែលមិនឲ្យកូនទៅគេ នោះក៏ប្រព្រឹត្តល្អជាងទៅទៀត កាលប្ដីនៅរស់នៅឡើយ នោះប្រពន្ធត្រូវតែជាប់នៅក្នុងចំណងរបស់ប្ដីជាដរាប តែបើកាលណាប្ដីស្លាប់ទៅ នោះនាងមានច្បាប់នឹងយកប្ដីបានតាមចិត្ត ឲ្យតែយកក្នុងព្រះអម្ចាស់ ប៉ុន្តែ តាមគំនិតខ្ញុំយល់ថា បើនាងនោះនៅតែមេម៉ាយតទៅ នោះនាងបានសប្បាយជាង ហើយខ្ញុំស្មានថា ខ្ញុំមានវិញ្ញាណនៃព្រះដែរ។